ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ផ្ទះទឹក​ជនជាតិ​វៀតណាម​នៅ​អរិយ​ក្សត្រ​ចេញ​អស់ហើយ

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ផ្ទះទឹក បែ និង​ទូក​ជនជាតិ​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ដង​ទន្លេមេគង្គ​ចំណុច​កំពង់ចម្លង​អរិយ​ក្សត្រ ក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ចំនួន​៦៥​គ្រួសារ​ត្រូវ​បាន​រុះរើ​ចាកចេញ​អស់ហើយ ស្រប​តាម​សេចក្តីជូនដំណឹង​លេខ​៤២៤ ស​ជ​ណ របស់​អាជ្ញាធរ​ខេត្ត

ខេត្តកណ្តាល ៖ ផ្ទះទឹក បែ និង​ទូក​ជនជាតិ​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ដង​ទន្លេមេគង្គ​ចំណុច​កំពង់ចម្លង​អរិយ​ក្សត្រ ក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ចំនួន​៦៥​គ្រួសារ​ត្រូវ​បាន​រុះរើ​ចាកចេញ​អស់ហើយ ស្រប​តាម​សេចក្តីជូនដំណឹង​លេខ​៤២៤ ស​ជ​ណ របស់​អាជ្ញាធរ​ខេត្ត ចាប់ពី​ថ្ងៃ​ទី​១១ ឧសភា រហូត​មក​ដល់​ថ្ងៃ​ទី​២២
មិថុនា កន្លង​មកនេះ ។

កម្លាំង​ដែល​ចូលរួម​រុះរើ​ផ្ទះទឹក បែ និង​ទូក​ជនជាតិ​វៀតណាម​នា​ពេល​នេះ ដឹកនាំ​ដោយ​លោក នៃ ចារី អភិបាលរង​ខេត្ត លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោកស្នងការ​រង លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត អភិបាល អភិបាលរង​ស្រុក មេបញ្ជាការ មេបញ្ជាការ​រង​ទាំង​៣ ក្នុងស្រុក និង​ប្រធាន​ការិយាល័យ​ជុំវិញ​ស្រុក​ផង​ដែរ ។ នេះ​ជា​ការ​ប្រឹងប្រែង​គួរ​ឱ្យ​កត់សម្គាល់​មួយ​សម្រាប់​អាជ្ញាធរ​ខេត្ត និង​ស្រុក ។

បន្ទាប់​ពី​ពលរដ្ឋ​វៀតណាម​ចាកចេញ​ទៅ​បាន​បន្សល់​ទុក​នូវ​កាក​សំណល់​សំរាម​ជា​ច្រើន​តាម​មាត់ទន្លេ ។ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា គណៈ​បញ្ជាការ​ឯកភាព​ស្រុក​រួម​មាន មេបញ្ជាការ មេបញ្ជាការ​រង កងកម្លាំង​ទាំង​៣​អង្គភាព​ក្នុងស្រុក ប្រធាន​ការិយាល័យ មេឃុំ មេ​ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប​៤៧៥​នាក់​ដឹកនាំ​ដោយ​លោក ប៊ុ​ន ផេង អភិបាលស្រុក បាន​ចុះ​សម្អាត​បរិស្ថាន​នៅ​ចំណុច​នោះ ប្រៀប​ដូច​បើក​យុទ្ធនាការ​ប្រមូល​កាក​សំណល់ ។

លោក ប៊ុ​ន ផេង អភិបាលស្រុក ឱ្យ​ដឹង​ថា មូលហេតុ​ដែល​អាជ្ញាធរ​ខេត្ត​មិន​ឱ្យ​ប្រជាជន​វៀតណាម​រស់នៅ​លើ​តំបន់​នេះ គឺ​ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​បរិស្ថាន ព្រោះថា​ចំណុច​កំពង់ចម្លង​អរិយ​ក្សត្រ​នេះ​ស្ថិត​នៅ​ចំ​ពីមុខ​ព្រះ​បរមរាជវាំង ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ច្រើន ។ ចំពោះ​ប្រជាជន​វៀតណាម​ទាំង​៦៥​គ្រួសារ​នោះ ត្រូវ​អាជ្ញាធរ​ស្រុក​-​ខេត្ត​ទាក់ទង​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​រក​កន្លែង​ឱ្យ​ស្នាក់​នៅ​តាម​តំបន់​ដែល​មាន​ប្រជាជន​វៀតណាម​ដូច​គ្នា​រស់នៅ ដែល​ឆ្ងាយ​ពី​តំបន់​ទេសចរណ៍ ។

តាម​ស្ថិតិ​បង្ហាញ​ថា ពលរដ្ឋ​វៀតណាម​ដែល​បាន​តម្រូវ​ឱ្យ​ចាកចេញ​នោះ មាន​ចំនួន​៦៥​គ្រួសារ មាន​បែ​៦២ ទូក​២ ។ ចំណែក​ការ​រុះរើ គឺ​ផ្ទះ​ទឹកបាន​អូស​ចេញ​ចំនួន​៥៥ រុះរើ​ឡើងគោក​១០ នៅ​សល់​បែ​១ និង​ផែ​៥ ។ ការ​ចាកចេញ​ទៅ​នោះ​ត្រូវ​បាន​ក្រុម​មន្ត្រី​ឱ្យ​ដឹង​ថា ផ្ទះទឹក​ចំនួន​១៥ ឱ្យទៅ​នៅ​មុខ​វត្ត​ខ្សាច់​ក្នុង​ឃុំ​អរិយ​ក្សត្រ ។ មុខ​វត្ត​ចំប៉ា ឃុំ​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ចំនួន​១០ ។ នៅ​ចំណុច​កំពង់ដ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​២៣ និង​នៅ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ចំនួន​៦ ។

កាលពី​ថ្ងៃ​ទី​១៥ មិថុនា អភិបាលស្រុក​ល្វាឯម បាន​ចេញ​លិខិត​តម្រូវ​ឱ្យ​អ្នក​ដែល​ស្នាក់​នៅ​ខុសច្បាប់​លើ​បែ ផែ និង​ទូក​លើ​ផ្ទៃ​ទឹក​ចំណុច​កំពង់ចម្លង​អរិយ​ក្សត្រ រើ​ចេញ​ជា​បន្ទាន់ ដោយ​បាន​ដាក់​ឱសានវាទ​យ៉ាង​យូរ​បំផុត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា ។ ខ្លឹមសារ​លិខិត​ព្រមាន​ថា ក្នុង​ករណី​អ្នក​ទាំងនោះ​មិន​រើ​ចេញ​ទេ កម្លាំង​ចម្រុះ​នឹង​ចុះ​អនុវត្ត ហើយ​មិន​ទទួលខុសត្រូវ​ចំពោះ​រាល់​សម្ភារ​ដែល​ខូចខាត​ឡើយ ។

អ្នក​ដែល​កំពុង​រស់នៅ​ទីនោះ​បញ្ជាក់​ថា មុន​ពេល​មាន​ចំណាត់ការ​របស់​អាជ្ញាធរ​នេះ មានផ្ទះ​ជនជាតិ​វៀតណាម​រស់នៅ​លើ​ផ្ទៃ​ទឹក​ប្រមាណ​៨០​ផ្ទះ ប៉ុន្តែ​ក្រោយ​ពី​មាន​ចំណាត់ការ​នេះ នៅ​សល់​ផ្ទះ​តែ​ប្រមាណ​១០​បុ​៉​ណ្ណោះ ព្រោះ​អ្នក​ផ្សេង​ទៀត​បាន​រើ​ចេញ​អស់ហើយ ។ ពួក​គេ​អះអាង​ថា ផ្ទះ​ដែល​នៅ​សល់​នឹង​រើ​ចេញ​ទៅ​តាំង​លំនៅ​ថ្មី​ជា​បន្ត​ទៀត​ដោយ​គ្មាន​ការ​តវ៉ា​អ្វី​ឡើយ ។

តាម​ការ​សង្កេត ផ្ទះ​នៅ​លើ​ទឹក​របស់​ជនជាតិ​វៀតណាម​នេះ​បាន​បង្ក​ឱ្យ​បរិស្ថាន​ទឹក​កាន់តែ​កខ្វក់ ដោយសារ​តែ​ពួក​គេ​ធ្វើ​បង្គន់​លើ​ផ្ទះទឹក​នោះ​តែ​ម្តង ។ សាធារណ​មតិ​មានការ​ចាប់អារម្មណ៍​ថា បើសិនជា​ផ្ទះ​បណ្តែត​ទឹក​នៅ​ផ្សារ​ក្រោម ជាយក្រុង​កំពង់ឆ្នាំង​ត្រូវ​បាន​រើ​ចេញ​ដែរ​នោះ​ប្រហែលជា​ដៃទន្លេ​សាប​លែង​តូច​ចង្អៀត​ទៀត​ហើយ ។ មិន​ទាន់​ដឹង​ថា ចំណាត់ការ​ឱ្យ​ផ្ទះទឹក​ក្រុង​កំពង់ឆ្នាំង ឡើងគោក​នោះ​មាន​ប្រសិទ្ធភាព​ពេល​ណា​ទេ ទំនង​បែប​យ៉ាប់​ហើយ​៕