រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរត់ពីជាន់ទី៤ ឡើងទៅជាន់ទី៥ រួចលោតចុះមកក្រោម បណ្តាលឱ្យរងរបួសធ្ងន់ នៅបុរីកីឡា ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងមុខអគារទី៥ នៃតំបន់«បុរីកីឡា» តាមបណ្តោយផ្លូវលេខ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ដ.ស.ដ អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់កើតហេតុ (ជាន់ទី៤ អគារទី៥) ជាមួយបងប្អូនចំនួន ៣នាក់ ។
តាមការរៀបរាប់ពីបងស្រីបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា ប្អូនស្រីរបស់គាត់ មានបញ្ហាផ្លូវចិត្ត ឬវិបល្លាសស្មារតី រយៈពេលជាង១០ឆ្នាំមកហើយ។ នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ ៣រសៀល គាត់(បងស្រី) កំពុងតែនៅក្នុងបន្ទប់ទឹក ហើយបានឮសំឡេងបើកទ្វារបន្ទប់ ប៉ុន្តែមិនបានចាប់អារម្មណ៍ថា ប្អូនស្រីដើរចេញទៅណានោះឡើយ។ លុះពេលគាត់ ដើរចេញពីបន្ទប់ទឹកវិញ ស្រាប់តែឮអ្នកជិតខាងស្រែកឆោឡោឡើងថា មានមនុស្សស្រីលោតពីជាន់ទី៥ ចុះមកដី។ ដោយមានការសង្ស័យ គាត់ក៏ប្រញាប់រត់ចុះទៅមើល ស្រាប់តែរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលឃើញជនរងគ្រោះ ដែលដេកស្តូកស្តឹងនៅលើដីនោះ គឺជាប្អូនស្រីបង្កើតរបស់គាត់។ ភ្លាមៗនោះ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងកើតហេតុ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ។
បច្ចុប្បន្ន ស្ត្រីរងគ្រោះ ត្រូវបានកម្លាំងសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះជីវិត ៕




ចែករំលែកព័តមាននេះ