ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU ចង់​ឃើញ​សភា​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តី​ពី NGOs មាន​ភាព​ទូលាយ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប (EU) ចង់​ឃើញ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ហៅ​ថា​ច្បាប់ NGOs មាន​ភាព​ទូលាយ ។ នេះ​បើ​តាម​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប (EU) ចង់​ឃើញ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ហៅ​ថា​ច្បាប់ NGOs មាន​ភាព​ទូលាយ ។ នេះ​បើ​តាម​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ២៥ មិថុនា នៅ​វិមាន​រដ្ឋសភា ។

បើ​តាម​ការ​ស្រង់​សម្តី​របស់​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្តេច ហេង សំ​រិ​ន បាន​ឲ្យ​ដឹង​ថា លោក​ឯកអគ្គរដ្ឋទូត​លើក​ឡើង​ថា ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជា​ច្បាប់​មួយ​មាន​សារសំខាន់​ណាស់ ដែល​ប្រជាជន​កម្ពុជា​កំពុង​រង់ចាំ​មើល​ការ​រៀបចំ​ពិភាក្សា​បាន​ទូលាយ​កម្រិត​ណា ហើយ​បន្ទាប់​ពី​ច្បាប់​នេះ​ចេញ​ទៅ គឺ​មាន ការ​គាំទ្រ​ច្រើន​កម្រិត​ណា ។ លោក​គិត​ថា រដ្ឋសភា​នឹង​មានការ​ពិភាក្សា​ដោយ​ទូលំទូលាយ ។

ជាមួយ​គ្នា​នោះ​ដែរ តំណាង​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​សន្យា​ថា នឹង​ជួយ​កម្ពុជា​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ​ក៏​មានការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ ។ ប៉ុន្តែ​ប្រទេស​មួយ​នេះ​គួរ​ដោះស្រាយ​ឲ្យ​ចប់​នូវ​ភាព​រកាំរកូស​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ច្បាប់​គ្រប់គ្រង NGOs​។

លោក ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ កូ​តាំង (Jean-Francois Cautain) ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ត្រូវ​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា «​លោក​បាន​ស្នើ​ឲ្យ​រដ្ឋសភា​កម្ពុជា​បើក​កិច្ច​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​បាន​ទូលំទូលាយ ព្រោះ​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់ ។ បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​កំពុង​តាមដាន​ថា តើ​រដ្ឋសភា​រៀបចំ​ការ​បើក​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ​ទូលាយ​កម្រិត​ណា ហើយ​បន្ទាប់​ពី​ច្បាប់​ហ្នឹង​ចេញ​ទៅ ថា​តើ​មានការ​គាំទ្រ​កម្រិត​ណា ?​»​។ 

ឯកអគ្គរដ្ឋទូត​លើក​ឡើង​ទៀត​ថា ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​បាន​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កម្ពុជា​គ្រប់​បែប​យ៉ាង​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ក្នុង​នោះ​ក៏​បាន​បើក​ទូលាយ​ចំពោះ​ការ​នាំ​ចូល​ផលិតផល​ពី​កម្ពុជា​ដោយ​មិន​ជាប់​របាំង​ពាណិជ្ជកម្ម លើកលែងតែ​ការ​នាំ​ចូល​អាវុធ និង​ប្រភេទ​ទំនិញ​ដែល​គ្មាន​អនាម័យ ហើយ​ខុស​ស្តង់ដា​អឺរ៉ុប ។

លោក​គូសបញ្ជាក់​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​មាន​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ហើយ​សហគមន៍​នេះ​គឺជា​ទីផ្សារ​ធំ​របស់​កម្ពុជា ។ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​មាន​ភាពល្អ​ប្រសើរ បើ​ទោះបីជា​មិន​ទាន់​សមាមាត្រ​នឹង​គ្នា​ក៏​ដោយ ។

សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន បាន​ចាត់​ទុក​ប្រទេស​សហគមន៍​អឺរ៉ុប​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​មាន​សារសំខាន់​របស់​កម្ពុជា ។ សម្តេច​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​សហគមន៍ និង​កម្ពុជា​បាន​វិវត្តន៍​គួរ​កត់សម្គាល់ ។ ចំពោះ​សេចក្តីព្រាងច្បាប់​ដែល​កំពុង​មាន​ភាព​រកាំរកូស​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល​នេះ ត្រូវ​បាន​សម្តេច​ប្រធានរដ្ឋសភា​បញ្ជាក់​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រគល់​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​ទៅ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​មាន គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ  និង​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​របស់​រដ្ឋសភា​ធ្វើការ​សិក្សា និង​ពិនិត្យ​តាម​នីតិវិធី​ជា​មុន​សិន បន្ទាប់​មក​នឹង​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល និង​អង្គទូត​នានា មុន​នឹង​ដាក់​ជូន​អង្គ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក ដែល​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប ទាំង​វិស័យ​នយោបាយ ការទូត ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និង​បណ្តា​វិស័យ​ផ្សេង​ដទៃ​ទៀត​។ ជា​ពិសេស​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ។

សម្តេច​បន្ថែម​ថា ប្រទេស​នៅ​សហគមន៍​អឺរ៉ុប គឺជា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ដ៏​មាន​សារសំខាន់​របស់​កម្ពុជា ។ ពាក់ព័ន្ធ​នឹង​នយោបាយ​នាំ​ចេញពី​កម្ពុជា​ទៅ EU សម្តេច​មាន​ប្រសាសន៍​ថា ដោយ​ប្រព័ន្ធ (GSP) ដែល​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​នាំ​ចេញ​មក​កម្ពុជា គឺ​មាន​ទំហំ​ពាណិជ្ជកម្ម​មាន​កំណើន​ខ្ពស់ ។ សម្តេច​ក៏​បាន​សំណូមពរ​ឱ្យ​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប បើក​ទូលាយ​បន្ថែម​ទៀត​សម្រាប់​ផលិតផល ក៏​ដូច​ជា​កសិផល​ពី​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប ដោយ​មិន​មាន​ជាប់​របាំង​ពាណិជ្ជកម្ម ។

ជាមួយ​គ្នា​នេះ សម្តេច​លើក​ឡើង​ថា សម្រាប់​អាណត្តិ​រដ្ឋសភា​នីតិកាល​ទី​៥​នេះ យើង​បាន​ធ្វើ​កំណែទម្រង់​យ៉ាងច្រើន​ដូច​ជា ៖

១-​មានការ​ចូលរួម​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្សប្រឆាំង ។

២-​ធ្វើ​វិសោធនកម្ម​ច្បាប់​សំខាន់​នានា​ជា​ច្រើន រួម​ទាំង​ការ​ធ្វើ​កំណែទម្រង់ (​គជ​ប​) និង​ច្បាប់បោះឆ្នោត ។ សំខាន់​មួយទៀត គណបក្ស​ទាំង​ពីរ​ក៏​បាន​បង្កើត​ឡើង​នូវ​វប្បធម៌​សន្ទនា ដែល​នេះ​ជា​គន្លឹះ​មួយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នានា​ដែល​មិន​យល់​គ្នា​រវាង​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​របស់​សម្តេច​ប្រធានរដ្ឋសភា​ឱ្យ​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​បើក​ទូលាយ​បន្ថែម​ចំពោះ​ទំនិញ​ផលិតផល និង​កសិផល​ពី​កម្ពុជា​ទៅ​អឺរ៉ុប​នោះ លោក ហ្ស​ង់​ហ្វ្រ​ង់​ស្វ័​រ កូ​តាំង មាន​ប្រសាសន៍​ថា សម្រាប់​ទំនិញ​របស់​កម្ពុជា សហគមន៍​អឺរ៉ុប​បាន​បើក​ជា​ទូលាយ​ដោយ​មិន​មាន​របាំង​ពាណិជ្ជកម្ម​អ្វី​ទេ លើកលែងតែ​នាំ​ចូល​អាវុធ និង​ប្រភេទ​ទំនិញ​ដែល​មិន​មាន​អនាម័យ និង​ខុស​ស្តង់ដា ។

គួរ​រំឭក​ថា ទាក់ទិន​នឹង​សេចក្តីព្រាងច្បាប់​NGOs កាលពី​ពេល​កន្លង​មកនេះ ក្រុម​អង្គការ សង្គម​ស៊ី​វិល បណ្តាញ​សមាគម និង​សហគមន៍ បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​រដ្ឋសភា ដោយ​សុំ​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស់​មួយ​នេះ ។ ជាមួយ​គ្នា នេះ អ្នកតំណាង​រាស្ត្រ ក្នុង​គណបក្ស​ដែល​មាន​សំឡេង​តិច​ក្នុង​រដ្ឋសភា​បាន​ព្រមាន​ថា ក្រុម​របស់​ខ្លួន​ដែល​មាន​គ្នា​៥៥​នាក់​នឹង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ពេញអង្គ​រដ្ឋសភា​សម្រាប់​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​មិន​មានការ​កែប្រែ​នេះ​ឡើយ ។ ជាង​នេះ​ទៀត លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​រដ្ឋសភា នឹង​ជួប​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជជែក​ពី​សេចក្តីព្រាងច្បាប់ NGOs នេះ ។

បច្ចុប្បន្ន នៅ​កម្ពុជា​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជិត​៤.០០០ ក្នុង​នោះ​មាន​សមាគម និង​អង្គការ​អន្តរជាតិ​ជាង​៤០០ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងការបរទេស ៕​