ខេត្តបន្ទាយមានជ័យ ៖ ស្នងការនគបាលខេត្តសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន២កន្លែង រួចឃាត់ខ្លួនមនុស្សចំនួន៣នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន២វ៉ាលិស និង១កេសដែកធំទៀត ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។

បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននៅពេលចុះប្រតិបត្តិការមានចំនួន៣នាក់ គឺមាន១-ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត ២-ឈ្មោះ ហុង ម៉េង ភេទប្រុស អាយតុ១៦ឆ្នាំ និង៣-ឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនសង្ស័យរូបនេះស្នាក់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកស្នងការនគរបាលខេត្តបានបញ្ជាក់ថា នៅពេលចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន២កន្លែងខាងលើដែលដឹកនាំ និងសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងទី១ នឹងឃាត់ខ្លួនជនសង្ស័យឈ្មោះទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ នៅក្នុងបន្ទប់ជួយ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត ដោយរឹបអូសវត្ថុតាងមានចំនួន២វ៉ាលិស ដែលសង្ស័យថា មានសារធាតុញៀន។

ប្រភពដដែលបន្តថា ក្រោយលោកក៏បន្តបង្ក្រាបដល់ទីតាំងទី២ទៀត ក៏ឃាត់ខ្លួនបានឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិប៉ាលិលេយ្យមួយ សង្កាត់-ក្រុងប៉ោយប៉ែត និងរឹបអូសវត្ថុតាងកេសដែកធំចំនួន១ដាក់ដែលគ្រឿងញៀនផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ក្រោយពេលចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនទាំង២កន្លែងខាងលើ និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ក្នុងនោះស្រីម្នាក់ រួចទាំងវត្ថុតាងគ្រឿងញៀនចំនួន២វ៉ាលិស និង១កេសដែកធំដែលមានគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានរាប់នោះទេ និងត្រូវអនុវត្តបន្ត ហើយរៀបចំឯកសារសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់បន្តទៀត៕


ចែករំលែកព័តមាននេះ