ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ដើម្បី​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត ម៉ក់ សុ​ភក្តិ​, វេជ្ជបណ្ឌិត​ឯកទេស ថ្លើម ក្រពះ ពោះវៀន នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ ជំងឺ​ឬ​ស​ដូង​បាត​គឺជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​ការ​រីក​ប៉ោង​នៃ​សរសៃឈាម…

រាជធានី​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត ម៉ក់ សុ​ភក្តិ​, វេជ្ជបណ្ឌិត​ឯកទេស ថ្លើម ក្រពះ ពោះវៀន នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ ជំងឺ​ឬ​ស​ដូង​បាត​គឺជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​ការ​រីក​ប៉ោង​នៃ​សរសៃឈាម ដែល​មាននៅ​ជុំវិញ​ក្រសាល​គូថ ។ គេ​សង្កេត​ឃើញ​ថា ជំងឺ​ឬ​ស​ដូង​បាត​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​នាំ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំពោះ​បញ្ហា​ផ្នែក​ក្រសាល​គូថ ។ ជំងឺ​ឬ​ស​ដូង​បាត​នេះ​មិន​អាច​វិ​វត្ត​ទៅ​ជា​ជំងឺមហារីក​បាន​នោះ​ទេ ។

លោក​វេជ្ជបណ្ឌិត ម៉ក់ សុ​ភក្តិ បាន​បញ្ជាក់​ថា​៖ ជំងឺ​ឬ​ស​ដូង​បាត​មាន ២​ប្រភេទ​គឺ​៖
-​ឬ​ស​ដូង​បាត​ក្រៅ​ ៖
ជា​ជំងឺ​ដែល​កើតឡើង​លើ​សរសៃឈាម​ឬ​ឬ​ស​ដូង​បាត​នៅ​ខាងក្រៅ​រន្ធ​គូថ

-​ឬ​ស​ដូង​បាត​ក្នុង​ ៖
ជា​ជំងឺ​ដែល​កើតឡើង​លើ​សរសៃឈាម​ឬ ឬ​ស​ដូង​បាត​ខាងក្នុង​រន្ធ​គូថ ។

តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត?
ក​-​ចំពោះ​បញ្ហា​ឬ​ស​ដូង​បាត​ខាងក្រៅ​៖​អ្នកជំងឺ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​បំបាត់​ហើម និង​បំបាត់​ការ​ឈឺចាប់​រួម​ទាំង​ថ្នាំ​បន្ទន់​លាមក ក្នុង​ពេល​ជាមួយ​គ្នា​នោះ​អ្នកជំងឺ​អាច​ប្រើ​ក្រែ​ម (Crème) សម្រាប់​លាប​លើ​ដុំ​នោះ​។ ពេល​ខ្លះ​គ្រូពេទ្យ​អាច​ធ្វើការ​កាត់​យក​កំណក​ឈាម​នៃ​ឬ​ស​ដូង​ក្រៅ​នោះ​ចេញ បើសិនជា​ដុំ​ឬ​ស​ដូង​បាត​ក្រៅ​មិន​ហើម​ខ្លាំង ហើយ​មាន​តែ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បាន​ធូរស្បើយ​ពី​ការ​ឈឺចាប់​ភ្លាម​ៗ ។

ខ​-​ចំពោះ​បញ្ហា​ឬ​ស​ដូង​បាត​ក្នុង​៖​ការ​ព្យាបាល​ចម្បង គឺ​ការ​ព្យាបាល​ទៅ​លើ​បញ្ហា​បន្ទោ​របង់​លាមក​មាន​ដូច​ជា​ការ​ទល់លាមក​ឬ​ការ​រាគ​។ មាន​ឧបករណ៍​៣​យ៉ាង ដែល​អាច​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​មាន​ដូច​ជាៈ

-​ការ​ដុត​កំ​ដៅ​(Infrarougephotocoagulation)

  • ការ​ចាក់ (Sclérothérapie)
  • ការ​ចង (Ligature) ការ​ព្យាបាល​ដោយ​ឧបករណ៍ អាច​អាស្រ័យ​ទៅ​លើ​ដំណាក់កាល​របស់​រោគ​សញ្ញា​ឬ​ស​ដូង​បាតៈ
    • ដំណាក់កាល​ទី​១ : អាច​ព្យាបាល​ដោយ​ការ​ដុត​កំ​ដៅ​ឬ​ការ​ចាក់
    • ដំណាក់កាល​ទី​២ និង
    ទី​៣: អាច​ព្យាបាល​ដោយ​ការ​ចង
    •​ចំពោះ​ការ​វះកាត់​ឬ​ស​ដូង​បាត គឺ​ធ្វើ​ឡើង​ចំពោះ​ឬ​ស​ដូង​បាត​នៅ​កម្រិត​ទី​៤​ឬ ឬ​ស​ដូង​បាត​ដែល​បរាជ័យ​ក្នុង​ការ​ព្យាបាល​ដោយ​ឧបករណ៍​ទាំង​៣​ខាងលើ ។

លោក​វេជ្ជបណ្ឌិត ម៉ក់ សុ​ភក្តិ​, វេជ្ជបណ្ឌិត​ឯកទេស ថ្លើម ក្រពះ ពោះវៀន នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ទៀត​ថា​៖

ជំងឺ​ឬ​ស​ដូង​បាត មិនមែន​ជា​ជំងឺ​កាច​សាហាវ​ទេ វា​គ្រាន់តែ​រំខាន​ដល់​អ្នកជំងឺ ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បញ្ជាក់​ថា ពិតជា​ជំងឺ​ឬ​ស​ដូង​បាត​មែន ហើយ​​ការ​ព្យាបាល​ទៀត​សោត​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ។ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ក្រោយ​ព្យាបាល ដូច​ជា​ការ​ព្យាបាល​ដោយ​ការ​ចាក់​។

បើសិនជា​ព្យាបាល​មិន​ត្រឹមត្រូវ​ទេ​អ្នកជំងឺ​អាច​មាន​ដំបៅ​នៅ​រន្ធ​គូថ​ឬ​អាច​ត្បៀត​ក្រសាល​គូថ​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ ។

លោក​វេជ្ជបណ្ឌិត ម៉ក់ សុ​ភក្តិ បាន​រំលឹក​ផង​ដែរ​ថា​៖ « ព្យាបាល​ទាន់​ពេលវេលា ដោយ​គ្រូពេទ្យ​ជំនាញ នាំ​មក​នូវ​ការ​សះស្បើយ​ឆាប់​រហ​ស័ » ៕