ខេត្តរតនគិរី ៖ ឈ្មួញឈើបាននិងកំពុងកាប់បំផ្លាញឈើប្រភេទសុក្រំយ៉ាងវិនាសហិនហោចនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដោយពុំមានសមត្ថកិច្ចជំនាញពាក់ព័ន្ឋណាបង្រ្កាប និងទប់ស្កាត់នោះឡើយ សង្ស័យត្រូវថ្នំាសណ្តំរបស់ឈ្មួញ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីមន្រ្តីរាជការនិងអ្នកភូមិមួយចំនួនឲ្យដឹងទៀតថា ឈើសុក្រំដែលឈ្មួញកាប់បំផ្លាញនិងដឹកចេញពីឧទ្យានជាតិវរជ័យដែនជម្រកសត្វព្រៃលំផាត់ទំាងនោះ គឺនំាទៅស្តុកទុកនៅក្នុងក្រុមហ៊ុន រ័ត្ន សាខន ដើម្បីច្រៀកនិងអារកែច្នៃនំាចេញ ។
ជាក់ស្តែងនៅម៉ោង១០យប់ថ្ងៃទី២០ មិថុនា ២០១៥ រថយន្តយីឌុប២គ្រឿងផ្ទុកឈើប្រភេទសុក្រំបានត្រូវឈ្មួញដឹកចេញពីក្រុមហ៊ុនដែលមានទីតំាងនៅក្នុងស្រុកលំផាត់ខាងលើ នំាឆ្ពោះទៅកាន់ខេត្តកំពង់ចាមដើម្បីបន្តចែកចាយនិងនំាចេញទៅកាន់ប្រទេសវៀតណាម ។ សេចក្តីរាយការណ៍បន្តថា ឈើសុក្រំដែលឈ្មួញកែច្នៃនំាចេញនោះមានប្រវែង២ម៉ែត្រ និង កម្រាស់៣ហ៊ុន ហើយថាប្រភេទឈើនេះនៅវៀតណាមនិងចិនកំពុងមានហាងឆេងខ្ពស់ ។
ទាក់ទងទៅនឹងការកាប់បំផ្លាញឈើសុក្រំនៅក្នុងឧទ្យានជាតិវរជ័យដែនជម្រកសត្វព្រៃលំផាត់នេះដែរ មន្រ្តីរដ្ឋបាលព្រៃឈើមួយរូបបានបញ្ជាក់ថា មិនស្ថិតក្នុងការទទួលខុសត្រូវរបស់ខាងរដ្ឋបាលព្រៃឈើនោះទេ តែជាសមត្ថកិច្ចខាងមន្រ្តីបរិស្ថាន ។ ចំណែក លោក អ៊ូ រិទ្ឋី នាយកគ្រប់គ្រងឧទ្យានជាតិវរជ័យដែនជម្រកសត្វព្រៃលំផាត់ កោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយបានទេនៅព្រឹកថ្ងៃទី២៤ មិថុនា ២០១៥នេះ ៕



ចែករំលែកព័តមាននេះ