ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​គន្លឹះ​6​យ៉ាង ដើម្បី​សុខភាព​ផ្លូវ​ចិត្តល្អ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ប្រហែលជា​បានដឹង​ច្រើន​ហើយ​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ថែទាំ​សុខភាព តាម​រយៈ​អត្ថបទ និង​វី​ដេ​អូ​អប់រំ​សុខភាព​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ពេល​នេះ យើងខ្ញុំ​សូម​លើក​យក​មក​ចែក​ជូន​លោក​អ្នក​នូវ​គន្លឹះ​ល្អ​ៗ​ចំនួន​៦​យ៉ាង ដែល​លោក​អ្នក​អាច​យក​ទៅ​អនុវត្ត​ដើម្បី​ទទួល​​បាន​នូវ​សុខភាព​ផ្លូវ​ចិត្តល្អ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ទួន សុវណ្ណ​រិ​ទ្ធិ ឯក​ទេស​វិកល​វិទ្យា​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​វេជ្ជបណ្ឌិត ទួន សុវណ្ណ​រិ​ទ្ធិ បាន​បញ្ជាក់​ថា​៖ គន្លឹះ​ល្អ​ៗ​ចំនួន​៦​យ៉ាង ដែល​លោក​អ្នក​អាច​យក​ទៅ​អនុវត្ត​ដើម្បី​ទទួល​បាន​នូវ​សុខភាព​ផ្លូវ​ចិត្តល្អ​គឺ​មាន ៖

ទី​១-​យកចិត្តទុកដាក់​ចំពោះ​របប​អាហារ​។ ពិត​ណាស់ របប​អាហារ​ក៏​ជះ​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ត​ផង​ដែរ ។ ការ​បរិភោគ​អាហារ​ទៀងពេល​សម​ស្រប និង​សម្បូរ​បែប​ក៏​ជួយ​ឲ្យ​សុខភាព​ផ្លូវចិត្ត​មាន​ភាពល្អ​ប្រសើរ​ដែរ​។ ម្យ៉ាងទៀត សូម​ចៀសវាង​សារធាតុ​ញៀន ជាតិ​ស្រវឹង ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំនួន​ដែល​អាច​ភ្ញោ​ច​ឲ្យ​ខួរក្បាល​យើង​ដំណើរការ​មិនល្អ ងាយ​មាន​ជំងឺផ្លូវចិត្ត ។

ទី​២-​ធ្វើ​សកម្មភាព​រាង​កាយ​ឲ្យ​ច្រើន ។ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ឲ្យ​ច្រើន​ដូច​ជា​ការ​ដើរ ឬ​ហាត់ប្រាណ​ជាដើម​ជួយ​ឲ្យ​បន្ថយ​ភាព​តានតឹង​ចិត្ត បញ្ចេញ​ជាតិពុល ហើយ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ ។

ទី​៣-​ដើរ​ហាត់ប្រាណ​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ​ការ ។ ដើរ​ហាត់ប្រាណ​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ ក្រៅពី​ជួយ​ដល់​ការ​កាត់​បន្ថយ​ភាព​តានតឹង​ចិត្ត និង​បញ្ចេញ​ជាតិពុល​ហើយ ហើយ​ក៏​បង្កើន​ភាព​ស្និទ្ធស្នាល ហើយ​ជួយ​ឲ្យ​កាន់តែ​មាន​អារម្មណ៍​កក់ក្ដៅ ។

ទី​៤-​សម្រាន្ត​ឲ្យ​បាន​គ្រប់គ្រាន់ ។ ទាំង​កាយ​ទាំង​ចិត្ត​យើង​សុទ្ធតែ​ត្រូវការ​ការ​សម្រាក ។ យក​ល្អ​យើង​គួរ​គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឲ្យ​ខួរក្បាល​យើង​មាន​ភាព​ស្រស់ស្រាយ និង​អាច​បន្ត​ដំណើរការ​យ៉ាង​ល្អ​នៅ​ថ្ងៃស្អែក ។

ទី​៥-​ចែករំលែក​ពី​អារម្មណ៍​ខ្លួនឯង​ជាមួយ​មនុស្ស​ជាទី​ទុកចិត្ត ។ ការ​ចែករំលែក​ពី​អារម្មណ៍​ខ្លួនឯង អាច​រាប់​ថា​ជា​តម្រូវការ​មូលដ្ឋាន​សម្រាប់​សុខភាព​ផ្លូវចិត្ត ។ សូម​ស្វែងរក​មនុស្ស​ជាទី​ទុកចិត្ត ហើយ​រៀន​ពី​របៀប​ចែករំលែក​អារម្មណ៍​ខ្លួនឯង ដែល​មាន​លក្ខណៈ​សាមញ្ញ​ៗ ទាំង​អារម្មណ៍ល្អ និង​អារម្មណ៍មិនល្អ នោះ​ដល់​ពេល​មានរឿង​ធំ យើង​ក៏​អាច​ចែករំលែក​បាន​ដូច​គ្នា ។

និង​ទី​៦-​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត​ប្រាកដ​ណាស់ លោក​អ្នក​ក៏​អាច​ជួប​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត​ដើម្បី​ទទួល​បានការ​វាយតម្លៃ ព្យាបាល និង​ដំបូន្មាន​ល្អ​ៗ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត ក្នុង​ករណី​ចាំបាច់ ។

លោក​វេជ្ជបណ្ឌិត ទួន សុវណ្ណ​រិ​ទ្ធិ ឯកទេស​វិកល​វិទ្យា​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​សំណូម​ថា​៖ ប្រសិនបើ​លោក​អ្នក​ចង់​ទទួល​បានការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​ដំបូន្មាន​ល្អ​ៗ​សម្រាប់​បញ្ហា​សុខភាព​ផ្លូវចិត្ត សូម​អញ្ជើញ​មក​ជួប​ផ្ទាល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕