ខេត្តកំពង់ឆ្នាំង ៖ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៧ មិថុនា បានដឹកនាំពលរដ្ឋក្នុងសហគមន៍ភ្លង ឃុំពាមឆ្កោក ស្រុកជលគិរីប្រមាណជាង១០០នាក់ ចុះទៅបោះស្លាកហាមឃាត់ការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់អភិរក្សក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ដើម្បីធានាបានពីការកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ។ ខណៈនៅឯស្រុកបរិបូណ៌ ត្រូវបានគេមើលឃើញថា ការកាប់បំផ្លាញ និងឈូសឆាយដីព្រៃលិចទឹកក្រោមលេសមានច្បាប់ឈូសពង្រាបដីស្រែ កំពុងកើតមានឡើងដោយគ្មានការបង្ក្រាប ។
ជុំវិញបញ្ហានេះ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ មិថុនា ថា ចំពោះអាប៊ុលឈូសដីនៅស្រុកបរិបូណ៌ចំនួន២គ្រឿងនោះ គឺមានការអនុញ្ញាតឱ្យឈូសឆាយពង្រាបដីស្រែពិតមែន ប៉ុន្តែមិនមែនឱ្យឈូសយកដីព្រៃទេ។ លោកដោះសាថា រឿងនេះមិនមែនពាក់ព័ន្ធនឹងលោកទាំងស្រុងទេ គួរតែអាជ្ញាធរមូលដ្ឋានចូលរួមតាមដានពិនិត្យមើល និងរាយការណ៍ ។ លោកបន្ដថា «បើមិនអនុញ្ញាតឱ្យឈូសឆាយ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ហើយរអ៊ូរទាំថា សុំឈូសឆាយដីស្រែក៏មិនបាន ។ លុះនៅពេលអនុញ្ញាត បែរជាទៅបំពានឈូសយកដីព្រៃលិចទឹកទៅវិញ ។ បើពិបាកពេក ឆ្នាំក្រោយគឺឈប់ឱ្យមានតែម្ដង» ។
លោកបានត្អូញត្អែថា ពេលនេះពិបាកណាស់ អង្គភាពសារព័ត៌មាន៥ទៅ៦នាក់បានបាញ់ឆ្ពោះមកលោកតែម្នាក់គត់ ឱ្យគេធ្វើក៏ខុស មិនឱ្យក៏ខុស ។ ទោះយ៉ាងណា សព្វថ្ងៃលោកកំពុងខិតខំប្រឹងប្រែងខ្លាំងណាស់ ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ មិថុនា លោកបានដឹកនាំពលរដ្ឋដាក់ស្លាកហាមកាប់ព្រៃលិចទឹក បានចំនួន២ផ្ទាំងធំៗ និងស្លាកតូចៗចំនួន៨ទៀតនៅក្នុងព្រៃភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ។
ដោយឡែក លោក ប៊ិន សុផាន មេឃុំផ្សារ ស្រុកបរិបូណ៌ បាននិយាយថា រឿងសារព័ត៌មាន ទូរទស្សន៍ដែលបានចុះផ្សាយពីការឈូសឆាយដីព្រៃលិចទឹកក្នុងឃុំរបស់លោកនោះគឺគ្មានទេ មានតែពង្រាបដីស្រែ រឿងពង្រីកយកដីព្រៃគឺគ្មានទេ រូបភាពដែលផ្សាយនោះជារូបភាពចាស់ៗ ។ ប៉ុន្តែនៅពេលឲ្យបញ្ជាក់ថា មានក្រុមអ្នកសារព័ត៌មានទើបនឹងទៅថតបានថ្មីៗនេះ លោកមេឃុំរូបនេះឆ្លើយថា «ត្រង់អស់លោកអ្នកសារព័ត៌មានមក ខ្ញុំមិនដឹងទេ ព្រោះពេលអស់លោកមក ក៏មិនបានប្រាប់លោកជាអាជ្ញាធរមូលដ្ឋានដែរ ។ លោកថា សព្វថ្ងៃខ្ញុំគិតតែរឿងប្រជាពលរដ្ឋខ្ញុំ ធ្វើម៉េចឱ្យពួកគាត់បង្កបង្កើនផលបាន តែរឿងអ្នកឯងធ្វើខុស ខ្ញុំចាប់ហើយ»។
ទោះយ៉ាងណា អេស្កាវាត់ទ័រ២គ្រឿងដែលកំពុងឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកធ្វើស្រែប្រាំង និងធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យនេះ កំពុងតែប្រឆាំងនឹងច្បាប់ស្តីពីជលផល និងប្រមុខរាជរដ្ឋាភិបាល ដោយសំអាងទៅលើការសុំច្បាប់ឈូសឆាយពង្រាបដីស្រែប្រាំងចំនួន៤៥ហិកតាដែលចុះហត្ថលេខាដោយ លោក ប៊ិន សុផាន មេឃុំផ្សារ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ ធ្វើនៅថ្ងៃទី២៣ មីនា ២០១៥ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល ចុះថ្ងៃទី៨ ឧសភា ២០១៥ និង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ចុះថ្ងៃទី២ មិថុនា ។
ដោយសារតែសំអាងលើច្បាប់នេះហើយ មិនត្រឹមតែពង្រាបដីស្រែប្រាំងទេ ថែមទាំងពង្រីកយកដីព្រៃលិចទឹកថែមទៀត ដែលបញ្ហានេះប្រជាពលរដ្ឋសំណូមពរដល់ក្រសួងពាក់ព័ន្ធ មេតា្តជួយពិនិត្យឡើងវិញផង បើមួយឆ្នាំអស់បន្តិចៗ ចុះពី២ទៅ៣ឆ្នាំទៅមុខ វាមិនក្លាយជាវាលរហោឋានទេអី ?
ក្រុមអ្នកតាមដានករណីនេះនិយាយថា គេឈូសឆាយយកព្រៃលិចទឹកស្ទើរអស់ទៅហើយ ក្លាយជាទីវាលទៅហើយ ទើបអស់លោកទាំងឡាយលើកគ្នាទៅបោះស្លាកហាមឃាត់… ហាមខ្យល់ !!
ចែករំលែកព័តមាននេះ