រាជធានីភ្នំពេញ ៖ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់វិស័យទេសចរណ៍លើពិភពលោក រួមទាំងកម្ពុជាផងដែរ ជាក់ ស្ដែងក្នុងរយៈពេល ១០ ខែដំបូងនេះភ្ញៀវទេសចរអន្តរជាតិ មក ដល់កម្ពុជាមានចំនួនត្រឹមតែជាង ១,២លាននាក់ប៉ុណ្ណោះ ខណៈឆ្នាំមុនេះ ភ្ញៀវទេសចរអន្តរ ជាតិមកដល់កម្ពុជាមានចំនួនដល់ទៅ ៦,៦លាននាក់ ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញថា ភ្ញៀវទេសចរ បរទេសដែលបានមកដល់កម្ពុជាក្នុងរយៈពេល ១០ខែមានចំនួន ១.២៦៧.៨៩០នាក់ ក្នុងនោះ ភ្ញៀវជនជាតិចិននៅតែរក្សាបាននូវចំនួនច្រើនជាងគេដដែល មានចំនួន ៣១៤.២៩១នាក់ ភាគ ច្រើនជាភ្ញៀវទេសចរបែបអាជីវកម្ម ។
របាយការណ៍នេះក៏បានបង្ហាញពីចំនួនភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជាតាមច្រកនីមួយៗផងដែរ ដោយតាមអាកាសយានដ្ឋានមានចំនួន ៧៣៤ពាន់នាក់ ធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំមុនធ្លាក់ចុះរហូតដល់ ៨០,២ភាគរយ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានភ្ញៀវប្រមាណ ៤២២ពាន់នាក់ ធ្លាក់ចុះ៧៥,៥ភាគរយ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបទទួលបានភ្ញៀវអន្តរជាតិ ២៤០ពាន់នាក់ ធ្លាក់ចុះ ៨២,៦ភារយ អាកាសយានដ្ឋាន អន្តរជាតិព្រះសីហនុទទួលបានជាង ៧ម៉ឺននាក់ ធ្លាក់ចុះ៨៨,៣ភាគរយធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ ២០១៩ ។
ចំណែកភ្ញៀវអន្តរជាតិមកកម្ពុជាតាមច្រកព្រំដែនមាន ៤៨២ពាន់នាក់ ធ្លាក់ចុះ ៦៧,៣ ភាគរយ តាមច្រកផ្លូវទឹកដែលមានកំពង់ផែទឹកសាប និងកំពង់ផែសមុទ្រមានចំនួនជាង ៥១ ពាន់នាក់ផងដែរ ធ្លាក់ចុះ ៥៣,៦ភាគរយ ។
ដោយឡែកសម្រាប់ចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរវិញក្នុងរយៈពេល ១១ខែមានចំនួនត្រឹមតែ ១៨លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈ រាល់ឆ្នាំចំណូលពីស្ថាប័ននេះមានជាង ១០០លានដុល្លារអាមេរិក ។ នេះវាបង្ហាញពីការធ្លាក់ចុះ យ៉ាងគំហុកនៃភ្ញៀវទេសចរអន្តរជាតិក៏ដូចជាវិស័យទេសចរណ៍ទាំងមូល ធ្វើឱ្យអាជីវកម្ម និង សេវាកម្មបម្រើក្នុងវិស័យនេះ បានជួបបញ្ហាដូចគ្នាដែរ ពោលគឺជួបបញ្ហាតាំងពីដើមឆ្នាំមកម្លេះ ។
បើតាមអ្នកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងថា តាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះវិស័យទេសចរណ៍មិនមានសញ្ញាល្អប្រសើរឡើងវិញនោះទេ ប៉ុន្តែវា មានសកម្មភាពបន្តិចវិញនៅអំឡុងខែ សីហាដែលរដ្ឋាភិបាលបានអនុញ្ញាតថ្ងៃឈប់សម្រាក រយៈពេលយូរ ។ ក្នុងអំឡុងពេលនេះក៏មិនមានភ្ញៀវបរទេសចូលមកក្នុងប្រទេសកម្ពុជា គឺភាគ ច្រើនជាងភ្ញៀវទេសចរក្នុងស្រុកជាអ្នកធ្វើដំណើរ ។
អ្នកស្រីបន្តថា ការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិយ៉ាងគំហុកនេះ បានធ្វើឱ្យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងទៀតបិទដំណើរការទាំងបណ្ដោះអាសន្ន និង បិទទ្វារទាំងស្រុងក្នុងនោះសណ្ឋាគារធំៗនៅខេត្តសៀមរាបបានប្រកាសបិទអាជីវកម្មទាំងស្រុង និងខ្លះទៀតផ្អាកដំណើរការអាជីវកម្មដោយសារតែមិនមានភ្ញៀវចូលស្នាក់ ហើយគ្មានចំណូ លសម្រាប់បើកជូនដល់បុគ្គលិករបស់ខ្លួន ។
អ្នកស្រីបន្ថែមថា ក្នុងពេលថ្មីៗកាលពីចុងខែវិច្ឆិកា កម្ពុជាបានជួបព្រឹត្តិការណ៍មួយទៀត ដែលធ្វើឱ្យជំងឺកូវីដ-១៩ បានឆ្លងចូលក្នុងសហគមន៍ជាលើកដំបូង ដែលនឹងអាចធ្វើឱ្យអាជីវ កម្មមួយចំនួនប្រឈមនឹងការបិទទ្វារបន្ថែម ហើយផលប៉ះពាល់ទៅលើការងាររបស់បុគ្គលិក ក៏អាចនឹងប្រឈមប្រសិនបើអាជីវកម្មបន្តបិទទ្វារទៀត ។ អ្នកស្រីនិយាយថា ៖ «អ្វីដែលពលរដ្ឋ ត្រូវធ្វើដើម្បីចូលរួមជាមួយ រដ្ឋាភិបាលនៅពេលនេះ គឺស្ដាប់តាមការណែនាំរបស់ក្រសួងសុខា ភិបាល ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ» ។
មិនមែនតែកម្ពុជាទេដែលជួបនឹងវិបត្តិនៃទេសចរណ៍ ប្រទេសថៃឯណោះដែលធ្លាប់តែ ទទួលបានភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ជាក់ស្ដែងឆ្នាំ ២០១៩ ថៃទទួលបានភ្ញៀវអន្តរ ជាតិជិត ៤០លាននាក់ តែឆ្នាំ ២០២០នេះថៃរំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ ៦,៧លាននាក់ប៉ុណ្ណោះ ។ ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលរារាំងដល់ការ ធ្វើដំណើររបស់ពលរដ្ឋទូទាំងពិភពលោក ៕
ចែករំលែកព័តមាននេះ