ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែរងាដល់​ហើយ! តែ​​អាជីវករ​​ត្អូញ​លក់​អាវរ​ងារ​មិន​ដាច់​ដូច​​ពី​មុន

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​អាកាសធាតុ​បាន​ចុះ​ត្រជាក់​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ត្រូវ​បាន​អាជីវករ​នាំ​គ្នា​លក់​អាវ​រងា​រសម្រាប់មនុស្ស​ចាស់ក្មេងប្រុសស្រី ​តែ​ការ​លក់​​នៅ​ឆ្នាំ​នេះ​មានការ​ថមថយ​ចុះ​ច្រើន លើស​ពាក់កណ្ដាល ដោយសារ​តែ​រង​ឥទ្ធិពល​ពី​ជម្ងឺ​​កូវីដ​១៩​ ​ម្យ៉ាង​វិញទៀត​ អ្នក​ដែល​មក​ផ្សារ​…

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​អាកាសធាតុ​បាន​ចុះ​ត្រជាក់​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ត្រូវ​បាន​អាជីវករ​នាំ​គ្នា​លក់​អាវ​រងា​រសម្រាប់មនុស្ស​ចាស់ក្មេងប្រុសស្រី ​តែ​ការ​លក់​​នៅ​ឆ្នាំ​នេះ​មានការ​ថមថយ​ចុះ​ច្រើន លើស​ពាក់កណ្ដាល ដោយសារ​តែ​រង​ឥទ្ធិពល​ពី​ជម្ងឺ​​កូវីដ​១៩​ ​ម្យ៉ាង​វិញទៀត​ អ្នក​ដែល​មក​ផ្សារ​ ភាគច្រើន​ទិញ​របស់​របរ​ទុក​ហូប​ប្រចាំ​ថ្ងៃ​។

លោក​យឺន យ​ន វ័យ​៥០​ឆ្នាំ ជា​អ្នក​លក់​ខោអាវ​ជជុះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ធ្នូ​​ឆ្នាំ​២០២០ ​នេះ​ថា គាត់​បាន​ចាប់​​យកមុខរបរ​លក់​ខោអាវ​ជជុះ ន​​ផ្សា​របឹង​កុក ក្រុង​កំពង់​ចាម ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​មានរយៈពេល​៦​ឆ្នាំ​មក​ហើយ ជាមួយ​នោះ​ចំណូល​ដែល​បាន​មក​ ​យកទៅ​​ផ្គត់ផ្គង់​ជីវភាព​ក្នុង​​គ្រួសារ និង​ផ្គត់ផ្គង់​ឱ្យ​​កូន​ចំនួន​២​នាក់​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ផង​ដែរ​។

អាជីវករ​រូប​នេះ​​បាន​ប្រាប់​បន្ត​ថា ចំពោះ​ការ​លក់ដូរ​ក្នុង​មួយ​ព្រឹក ​គាត់​អាច​រក​ចំណូល​បាន​ប្រមាណ​២០​ម៉ឺន​រៀល​ក្នុង​មួយ​ព្រឹក តែ​មក​ដល់​ដើមខែ​ធ្នូ​ ឆ្នាំ​២០២០នេះ​ អាវ​រងា​ដែល​គាត់​ទិញ​ពី​ភ្នំពេញ​យក​មក​លក់ គឺ​លក់​មិនសូវ​ដាច់​នោះ​ទេ ​ដោយ​ចំណូល​បាន​ធ្លាក់​ចុះ​លើស​ពី​៥០% ។ កត្តា​នេះ​ត្រូវ​បាន​គាត់​យល់​ថា​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ទោះបី​ជា​បែប​នេះ​ក្តី គាត់​​នៅ​តែ​តស៊ូ​លក់ដូរ​ជា​បន្ត​ទៀត ដោយ​មិន​រា​ថយ​នោះ​ទេ ព្រោះ​គាត់​មានមុខ​របរ​តែ​មួយ​មុខ​នេះ​ប៉ុណ្ណោះ ​។ ​ជាមួយ​នោះ​គាត់​ក៏​​មានការ​ប្រុង​ប្រយ័ត្ន​ ដោយ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ជំនាញ​សុខាភិបាល​ត្រូវ​តែ​ពាក់​ម៉ាស់​ការពារ​និង​លាងដៃ​ជាមួយ​អាកុល​ឬ​សាប៊ូ​ដើម្បី​សុវត្ថិភាព​។

អ្នកស្រី ថោ​ង រ​ដ្ឋា វ័យ​៦៣​ឆ្នាំ​ ជាអាជីវករលក់អាវរងារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​អាវ​រងា​ ​គាត់​បាន​ទិញ​ពី​រាជធានី​ភ្នំពេញ​យក​មក​លក់​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម រយៈពេល​២​ខែ​មក​ហើយ​ តែ​ការ​លក់​មិន​ដាច់​សោះ ដោយសារ​​អ្នក​មក​ផ្សារ​ គេ​ដើរទៅ​ហួស​មក​ហួស ភាគច្រើន​ម្នាក់​ៗ​គិតតែ​ទិញ​របស់របរ​សម្រាប់​​ហូប​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​គេ​អាច​គិត​ថា ​អាវ​រងារ​​មិនសូវ​សំខាន់​ប៉ុន្មាន​ទេ គឺ​ទុក​មួយ​ឡែក​សិន​។

ស្ត្រីជាអាជីវករ​ខាងលើបាន​បន្ត​ថា អាវ​រងា​ដែល​ទិញ​យក​មក​លក់​​មួយ​ក្នុង​តម្លៃ​ចាប់ពី​១​ទៅ​២​ម៉ឺន​រៀល ការ​លក់​មិន​ដាច់​បែប​នេះ​បាន​ជះ​ឥទ្ធិពល​ធ្វើ​ឱ្យ​គាត់​សន្សំ​លុយ​ស្ទើរតែ​មិន​គ្រប់ ដើម្បី​បង់​រំ​លោះ​ថ្លៃ​ទិញ​ផ្ទះល្វែង​ក្នុង​១​ខែឡើយ ​។ ​កត្តា​ដែល​លក់​មិន​ដាច់​នេះ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​​១៩​ ការ​ដែល​លក់​មិន​ដាច់​បែប​នេះ​យូរ​ទៅ​ធ្វើ​អោយ​គាត់​បាត់បង់​ប្រាក់​ដើមថែមទៀតផង ​ទោះបី​ជា​បែប​ណា​ ក៏​ត្រូវ​តែ​ប្រឹង​តស៊ូ​ដើម្បី​ជីវិត​និង​ក្រុម​គ្រួសារ​។

លោក​វេជ្ជបណ្ឌិត​គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​ណែនាំ​ឱ្យ​ដឹង​ដែល​ថា ស្រប​ពេល​ដែល​អាកាសធាតុ​ត្រជាក់​បែប​នេះ​ រូប​លោក​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចេះ​អនាម័យ​ដោយ​ «ហូប​ស្អាត​ផឹក​ស្អាត រស់នៅ​ស្អាត» ទទួលទាន​អាហារ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ត្រូវ​ពាក់​ម៉ាស រក្សា​​គម្លៀត​ពី​គ្នា​តាម​ការ​ណែនាំ​របស់​ជំនាញ​សុខាភិបាល​ដើម្បី​ចៀស​វាង​កុំអោយ​ឆ្លង​ជំងឺ covid-19 ។ ​

​លោកវេជ្ជបណ្ឌិត​​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ប្រជាពលរដ្ឋ​ម្នាក់​ៗ មានការ​យល់​ដឹង​គ្រប់​ៗ​គ្នា ដើម្បី​សុវត្ថិភាព​ខ្លួន​យើង​និង​អ្នក​ដទៃ ធ្វើ​យ៉ាងណា​នាំ​គ្នា​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​covid​ចូល​ក្នុង​សហគមន៍​ ។​ ប្រសិនបើ​មាន​បញ្ហា​សុខភាព​មិន​ស្រួល ​ត្រូវ​ប្រញាប់​ទៅ​កាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅជិត​​មូលដ្ឋាន​​របស់បងប្អូន​ ដើម្បី​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ