ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ ១៤គ្រួសារ ជាសមាជិកកំលាំងការពារព្រៃសហគមន៍សាមគ្គី ដែលរស់នៅក្នុងដែនដីព្រៃសហគមន៍ ត្រូវបានក្រុមអាជ្ញារស្រុកឃុំ រៀបចំបែងចែកដីឱ្យរស់នៅខាងក្រៅដីព្រៃសហគមន៍ ដោយស្របច្បាប់។ ពិធីប្រគល់ដីជូនប្រជាពលរដ្ឋទាំង ១៤គ្រួសារ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋទាំង ១៤គ្រួសារ បានឱ្យដឹងថា យោងទៅលើការរៀបចំរបស់ក្រុមអាជ្ញាធរស្រុកឃុំ ក្រៅពីបែងចែកដីហើយ អាជ្ញាធរក៏បានជួយឈើ សម្រាប់សាងសង់លំនៅឋានរស់នៅដោយស្របច្បាប់ថែមទៀត។ ពួកគាត់ មានចិត្តត្រេកអរ។ កន្លងមក ពួកគាត់ បានរស់នៅលើផ្ទៃដីព្រៃសហគមន៍សាមគ្គី ដោយមិនមែនជាដីកម្មសិទ្ធិរបស់ខ្លួននោះទេ។
លោក ស៊ូ ណាត មេឃុំត្រពាំងប្រីយ៍ បានឱ្យកោះសន្តិភាពដឹងថា កន្លងមក ប្រជាពលរដ្ឋ ១៤គ្រួសារ ដែលជាសមាជិកកម្លាំងការពារព្រៃសហគមន៍ មិនទាន់មានដី សម្រាប់រស់នៅជាកម្មសិទ្ធិនៅឡើយទេ។ ពួកគាត់ បានសុំដីសហគមន៍ រស់នៅបណ្តោះអាសន្ន។ ប៉ុន្តែខណៈនេះ ក្រុមអាជ្ញាធរស្រុកឃុំ បានរៀបចំដីមួយកន្លែង សម្រាប់បែងចែកជូនពួកគាត់ ដែលស្ថិតនៅក្បែរដីព្រៃសហគមន៍ដែរ។ កម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួននេះ គឺក្នុង ១គ្រួសារ ទទួលបានដីទំហ៊ំ ២០ × ១០០ម៉ែត្រ៕ ឱម សារឿន





ចែករំលែកព័តមាននេះ