ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ថា ​​​ភស្តុ​តាង​អ្វីខ្លះ​បញ្ជាក់ថា ​​​ខ្សែ​ដៀវ​​​មាន​កំណើត​រាប់​ពាន់​ឆ្នាំ?

3 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ទម្លាប់​គេ​តែងតែ​នាំ​គ្នា​ហៅ​ឧបករណ៍ នេះ​ថា ខ្សែ​ដៀវ ឬ​សាដៀវ ឬ​សាយដៀវ ។ សា មាន​ន័យ​ថា ម្ដងទៀត ។…

តាម​ទម្លាប់​គេ​តែងតែ​នាំ​គ្នា​ហៅ​ឧបករណ៍ នេះ​ថា ខ្សែ​ដៀវ ឬ​សាដៀវ ឬ​សាយដៀវ ។ សា មាន​ន័យ​ថា ម្ដងទៀត ។ «​សាយ​» មាន​ន័យ​ថា សំណុំ​សរសៃសូត្រ​តូច ដែល​ចង​ពី​ក្បាល​ស្លាបឯក​ភ្ជាប់​នឹង​ចុង​ដង​(​សាយឯក​, ឯក​ដាច់​សាយ​) ។ «​ដៀវ​» មាន​ន័យ​ថា មួយ ឬ​តែ​១ គេ​និយាយ​ថា ទឹម​ដៀវ គឺ​ទឹម​សត្វ​តែ​១, រាំ​ដៀវ គឺ​រាំ​ម្នាក់​ម្ដង​, ភ្លេង​ដៀវ គឺ​ភ្លេង​លេង​ម្នាក់​ម្ដង​, ខ្សែ​ដៀវ គឺ​ខ្សែ​១ ។

ឯកសារ​ស្រាវជ្រាវ​ចងក្រង​ដោយ​លោក ហ៊ុន សា​រិ​ន សាស្ត្រាចារ្យ​សិល្បៈ​តន្ត្រី ពណ៌នា​ថា​ឧបករណ៍​ខ្សែ​ដៀវ​នេះ កាលពី​សម័យ​ដើម​ដ៏​យូរលង់​មក​ហើយ​មាន​ខ្សែ​សំនៀង​ធ្វើ​អំពី​សំណុំ​សរសៃសូត្រ វេញ​ចូល​គ្នា ។ សម័យ​បច្ចុប្បន្ន​នេះ គេ​យក​ខ្សែ​លោហធាតុ​មក​ប្រើ​ជំនួស​វិញ ។

ឧបករណ៍​នេះ​ជាដំបូង​ប្រើប្រាស់​នៅ​ក្នុង​វង់ភ្លេង​អារក្ស ក្រោយមក​ទើប​គេ​ឃើញ​មាន​ប្រើ​នៅ​ក្នុង​វង់ភ្លេង​ការ​បុរាណ ។ ប៉ុន្ដែ​នៅ​ដើម​សតវត្ស​ទី​២០ គេ​ឃើញ​មាន​អ្នកចម្រៀង​ទោល​ខ្លះ​យក​ឧបករណ៍​នេះ​មក​កេះ​កំដរ​ចម្រៀង​របស់​ខ្លួន ដូច​ជា ភិ​រម្យ​ក្រម​ង៉ុ​យ កវី​ដ៏​កំពូល​ច្រៀង​ផង​កេះ​ខ្សែ​ដៀវ​ផង ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​រហូត​ដល់​ទទួលមរណភាព (១៨៦៥-១៩៣៦)​។

តាម​ការ​សន្និដ្ឋាន​របស់​ដូនតា​យើង ត​ៗ​គ្នា​មក​ឱ្យ​ដឹង​ថា ខ្សែ​ដៀវ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ក្នុង​សង្គម​កម្ពុជា​យើង ដោយ​ឧបករណ៍​នេះ​មាន​ឆ្លាក់​រូបភាព​ជាប់​នឹង​ក្បាច់​ផ្ដែរ​រចនាបថ​សំបូរ​ព្រៃ​គុក នៅ​សតវត្ស​ទី​៧ ឆ្លាក់​នៅ​នឹង​ជញ្ជាំង​ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ដ ដែល​បាន​កសាង​ឡើង​តាំងពី​សតវត្ស​ទី​៩ រហូត​ដល់​សតវត្ស​ទី​១៣ ។ រូបចម្លាក់​ទាំងនោះ​បញ្ជាក់​ថា ឧបករណ៍​ខ្សែ​ដៀវ​នេះ​មាន​មុន​សតវត្ស​ទី​៧​ទៅ​ទៀត ហើយ​មាន​ប្រយោជន៍​សំខាន់​ណាស់​ក្នុង​សង្គម ទើប​ដូនតា​យើង​សម័យ​នោះ​យក​មក​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​បែប​នេះ ។ រូបភាព​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បែប​ណា​បច្ចុប្បន្ន​នេះ​ខ្សែ​ដៀវ​នៅ​តែ​មាន រូបរាង​យ៉ាងនោះ​ដដែល ។

ខ្សែ​ដៀវ​នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ​មាន ៖
-​ដង​ធ្វើ​អំពី​ប្រភេទ ឈើ​រឹង ដូច​ជា​ឈើ នាងនួន ឈើ​គ្រញូង និង​ឈើខ្មៅ​មាន​រាង​មូល រាវ ង​ផ្នែក​ខាង​ចុង ។ នៅ​ខាង​ចុង​ដង​គេ ច្រើន​តែ​ឆ្លាក់​ក្បាល​ពស់ នាគរាជ​ជា​លំអ ។ ដង​ចែក​ជា​ពីរ​កំណាត់​ដែល​អាច​ដក​ចេញ​ដាក់ ចូល​ភ្ជាប់​គ្នា​បាន​ក្នុង​ពេល​ត្រូវការ ។
-​ព្រ​លួត​មាន​តែ​មួយ​ធ្វើ​អំពី​ឈើ​រឹង ក្រឡឹង​យ៉ាង​ស្អាត​សម្រាប់​រឹតខ្សែ​សំនៀង ហើយ​ស្ថិត​នៅ​ផ្នែក​ខាង​គល់​នៃ​ដង ។

  • ស្នូក​ធ្វើ​អំពី​សំបក​ឃ្លោកក្អម កាត់​យក​ពាក់កណ្ដាល​ទុក​ខាង​ផ្នែក​ស្ដួច​ចង​ភ្ជាប់​ទៅ​នឹង​គល់​ដង​សម្រាប់​ធ្វើ ជា​ប្រអប់​សំនៀង ។ នៅ​ពេល​សម្ដែង ម្ដង​ៗ​គេ​យក​ស្នូក​មក​ផ្អឹប​នឹង​ទ្រូង ដើម្បី​ឱ្យ​មានសំនៀង​ខ្ទ័រ ឬ​គេ​អង្រន់​ស្នូក ដើម្បី​ឱ្យ​មានសំនៀង​ញ័រ ។
  • ខ្សែ​សំនៀង​មាន​១​ធ្វើ​អំពី​សរសៃ​លោហធាតុ ខ្សែ​សំនៀង​នេះ​ចង​លាតសន្ធឹង​ពី​ចុង​ដង​ទៅ​ព្រ​លួត ដោយ​មាន​ខ្សែ​.​ក​ចង​ផ្អោប​ជាប់​ទៅ​នឹង​ដង​ត្រង់​ជិត​ប្រអប់​សំនៀង ។
    -​ក្រចក​កេះ​ធ្វើ​អំពី​បន្ទះ​លោហធាតុ មូរ ល្មម​ស៊ក​នាងដៃ​បាន ហើយ​កាត់​បញ្ឆិត​ចុង​ទុក​ល្មម​អាច​កេះ​ខ្សែ​បាន​ស្រួល ។
  • នៅ​ពេល​កេះ​ខ្សែ​ម្ដង​ៗ គេ​ត្រូវ​យក​គល់​ចង្អុលដៃ​ទៅ​ប៉ះ​នឹង​ខ្សែ ហើយ​ដក​ចេញ​យ៉ាង​រហ័ស​ដើម្បី​ឱ្យ​សំនៀង​លាន់ឮ​ឡើង តូ​ម​ៗ ដែល​ជា​លក្ខណៈ​សំនៀង​របស់​ខ្សែ​ដៀវ បើ​មិន​ធ្វើ​យ៉ាងនេះ​ទេ សំនៀង​នឹង​ឮ​សូរ ទឺង​ៗ ដូច​ខ្សែលួស​ហាល​ខោអាវ​វិញ ។

នៅ​ពេល​ប្រគំ ម្ដង​ៗ ខ្សែ​ដៀវ​មិន​ដើរ​ផ្លូវ​រាបសា​ដូច​ឧបករណ៍​ដទៃ​ឡើយ គឺ​ដើរ​ផ្លូវ​ផ្ដក់​មុខ​ផ្ដក់​ក្រោយ ធ្វើ​ឱ្យ​សំនៀង​របស់​ខ្លួន​លេចធ្លោ​ឡើង​នៅ​ក្នុង​ចំណោម​ឧបករណ៍​ដទៃ ។

តាម​ប្រសាសន៍​ដូនតា​យើង​បានឱ្យ​ដឹង​ថា រូបរាង​ខ្សែ​ដៀវ​ទាំងមូល​តំណាង​ឱ្យ​សត្វ​ពស់ នាគរាជ ជា​សត្វ​តំណាង​ភាព​ត្រជាក់ត្រជុំ មាន​សច្ចធម៌ មាន​សុភមង្គល​ក្នុង​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ