ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាប៊ុយ និងចន ច័ន្ទលក្ខិណា លើកឡើងពីការឆ្អែតចិត្តចំពោះភាពខ្មើតរបស់សិល្បៈមួយចំនួន

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ពិធីករ​លោក តា​ប៊ុ​យ និង​តារា​សម្តែង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហាញ​ដូច​គ្នា​ពី​ការ​ឆ្អែតចិត្ត​ចំពោះ​ភាព​ខ្មើ​តរបស់​អ្នកសិល្បៈ​មួយ​ចំនួន ដែល​ខ្លួន​បាន​ជួប អំឡុង​ពេល​ចូលរួម​ជួបជុំ​កម្មវិធី​អ្នកសិល្បៈ​ម្តង​ៗ…

រាជធានី​ភ្នំពេញ ៖ ពិធីករ​លោក តា​ប៊ុ​យ និង​តារា​សម្តែង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហាញ​ដូច​គ្នា​ពី​ការ​ឆ្អែតចិត្ត​ចំពោះ​ភាព​ខ្មើ​តរបស់​អ្នកសិល្បៈ​មួយ​ចំនួន ដែល​ខ្លួន​បាន​ជួប អំឡុង​ពេល​ចូលរួម​ជួបជុំ​កម្មវិធី​អ្នកសិល្បៈ​ម្តង​ៗ ។ អ្នក​ទាំង​ពីរ​បាន​ចាត់​ទុក​ទ​ង្វើ​នេះ គឺ​ការ​មិន​អោយ​តម្លៃ​គ្នា បើ​ទោះបី​ធ្លាប់​ស្និត​ស្នាល​គ្នា​ពី​មុន​ក៏​ដោយ ខណៈ​ពេល​ការ​រាប់អាន​គ្នា​កន្លង​មក គឺ​ដើម្បី​តែ​ផលប្រយោជន៍ ។

ពិធីករ​លោក តា​ប៊ុ​យ បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ម្សិលមិញ​បាន​ចូលរួម​កម្មវិធី​សម្ភោ​ធ​អគារ​ថ្មី របស់​សមាគម​សិល្បៈករ​ខ្មែរ ហើយ​មាន​តារា​ច្រើន​មែនទែន បាន​ចូលរួម ហើយ​ក៏​បាន​ជួប​តារា​ដែល​ធ្លាប់តែ​ស្និ​ទ្ធិ​ស្នាល តែ​គេ​ធ្វើ​សឹងតែ​មិនឃើញ​យើង​ពិសេស​ទឹកមុខ ។

លោក​បញ្ជាក់​ថា ក្នុង​ចិត្ត​ដូច​គេ​ធ្លាប់​ប្រាប់​មែន ពេល​យើង​មាន​ប្រយោជន៍​អោយ​គេ គឺ​គេ​មក​អែបអប​ហើយ ពេល​យើង​គ្មាន​ប្រយោជន៍ គឺ​គេ​លេង​ទឹកមុខ​ដាក់​ហើយ សំខាន់​មនុស្ស​ដែល​ល្អ​ដាក់​គ្នា​សោះ​មិន​ដែល​មានរឿង​ទេ តែ​មក​ជួប​ចឹ​ង ។

ដោយឡែក ក្រោយ​ឃើញ​ការ​លើក​ឡើង​ពី​តា​ប៊ុ​យ នា​ពេល​នេះ​តារា​សម្តែង និង​អតីត​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​ចែកចាយ​បន្ត​ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រ​ផ្ទាល់ខ្លួន​ថា ជួប​ឆ្អែត​ហើយ ហើយ​ក៏​ជា​មូលហេតុ​ដែល​ខ្ញុំ​កាត់​បន្ថយ​ការ​ចូលរួម​កម្មវិធី​សិល្បៈ​មួយ​ចំនួន​ធំ​លែងយក​ចិត្ត​យក​បេះដូង​ទៅ​ប្រើ​ទៀត​ហើយ ។

អ្នក​នាង​ថា ខ្ញុំ​ដើរ​ផ្លូវ​ផ្សេង​ដោយ​ស្ងៀមស្ងាត់ លែង​ដឹង​លឺ​អ្វី​ទាំងអស់ អ្នក​ណា​មក​ទូល​ពិត​រាយ​ការ​ណ៌​អ្វី​ក៏​ខ្ញុំ​មិន​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​ដែរ អ្នក​ណា​មានការ​អី ឬ​មាន​បញ្ហា​អី រក​វិធី​ដោះស្រាយ​ដោយ​ខ្លួនឯង​ទៅ​ដល់​ពេល​ដែល​ខ្ញុំ​ធ្វើ​មនុស្ស​អាត្មា​និយម​ម្តង ។ អ្នក​នាង​បញ្ជក់​ថា ប្រឹង​រកស៊ី​អោយ​ខ្លួនឯង​កាន់តែ​រីក​ចម្រើន ជួយ​មនុស្ស​អោយ​ចំ​គោលដៅ ។

ជា​ការ​កត់សម្គាល់ ចាត់​ទុក​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​មាន​អ្នកសិល្បៈ​បាន​លើក​ឡើង​ពី​ភាព​ខ្មើ​តរបស់​អ្នកសិល្បៈ​ដូច​គ្នា ពោល​កន្លង​មក តារា​ពហុ​ជំនាញ​ក៏​ធ្លាប់​បាន​លើក​ឡើង​ពី​រឿងរ៉ាវ​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ ។

អ្នក​នាង ខាត់ សុ​ឃី​ម ធ្លាប់​បាន​លើក​ឡើង​ថា អ្នកសិល្បៈ​សម័យនេះ​ហាក់​មានការ​បែងចែក​ផែន​គ្នា ដូច​ទឹក និង​ប្រេង ខណៈ​ពេល​នាង​គិត​ថា ទ​ង្វើ​នេះ​មិន​បាន​ធ្វើ​អោយ​សិល្បៈ​មានការ​រីក​ចម្រើន​នោះ​ឡើយ ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ខ្ញុំ​គិត​ថា សិល្បៈ​ខ្មែរ គឺ​ចែក​ផែន​គ្នា​នៅ​ដូច​ទឹក និង​ប្រេង គ្មាន​រីក​ចម្រើន​អី​ទេ​បើ​យ៉ាង​នឹង ។ អ្នក​នាង​ហាក់​ហួសចិត្ត ព្រោះ​នាង​បាន​ជួប​អ្នកសិល្បៈ​ទាំង​ចាស់ ទាំង​ថ្មី និង​គ្រប់​វិស័យ មើលទៅ​ដូច​ជា មិនមែន​សិល្បៈ​រួម​ប្រទេស​តែ​មួយ ពោល គឺ​មានការ​បែក​ចែក​ជា​ក្រុម ជា​បក្ស ។

អ្នក​នាង​ថា ជា​ឧទាហរណ៍​ដូច​អ្នកសិល្បៈ​បែប​មរតក​ដើម គឺ​នៅ​តែ​ក្រុម​នឹង​ទៅ ហើយ​អ្នកសិល្បៈ​ថ្មី​ដែល​ល្បី​ៗ គឺ​គេ​នៅ​តែ​គ្នា​គេ ខណៈ​ពេល​អ្នក​ដើរ​ម៉ូត​បវរកញ្ញា និង​តារា​សម្តែង គឺ​គេ​នៅ​តែ​ក្រុម​គ្នា​គេ​ចឹ​ង​ដែរ​ទៅ មើលទៅ​ដូច​ជា បែក​ចែក​គ្នា​ដូច​ទឹក និង​ប្រេង ហើយ​ធ្វើ​ចឹ​ង​ធ្វើ​អី វា​រីក​ចម្រើន​ទៅ​ណា ។

អ្នក​នាង​បញ្ជាក់​ថា នាង​រស់នៅ​ជាមួយ​សិល្បៈ​នេះ​យូរ​ឆ្នាំ​ហើយ ពោល​តាំងពី​ក្មេង ហើយពី​ដើម​មក នាង​មើលឃើញ​អ្នកសិល្បៈ​ចេះ​ស្រឡាញ់​គ្នា​ណាស់ ទោះ​ស្គាល់ ឬ​មិន​ស្គាល់គ្នា​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​ព្យាយាម​រាប់អាន​គ្នា​ណាស់ ព្រោះ​វា​ស្ថិត​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា ។

អ្នក​នាង​បន្ត​ថា ចំឡែក​តែ​អ្នកសិល្បៈ​ជំនាន់​នេះ​មួយ​ចំនួន​តូច គឺ​ខុស​ប្លែក ពេល​ជួប​រៀមច្បង​សិល្បៈ​ចាស់​ៗ​មិនសូវ​រាក់ទាក់ ទោះបី​មិន​បាន​ជម្រាបសួរ សូ​ម្បី​ញញឹម​ដាក់​បន្តិច​ក៏​គ្មាន ។

យ៉ាងណា អ្នក​នាង ខាត់ សុ​ឃី​ម បាន​សំណូមពរ​សូម​អោយ​ប្អូន​ៗ​អ្នកសិល្បៈ​ជំនាន់​ក្រោយ​ត្រូវ​ចេះ​ស្រឡាញ់​គ្នា និង​រាប់អាន​គ្នា និង​ផ្តល់​ស្នាមញញឹម និង​ការ​រាក់ទាក់​ចំពោះ​អ្នកសិល្បៈ​រៀមច្បង​ផង​ព្រោះ​គ្រាន់តែ​កាយវិការ និង​ទឹកចិត្ត​ប៉ុ​ណ្នឹ​ង គឺ​វា​មិន​អស់​ថវិកា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ