មហាជនផ្ទុះការវែកញែកជុំវិញមរណភាពតារាស្រី Kim Sae Ron ចំថ្ងៃខួបកំណើត Kim Soo Hyun
ប្រទេសកូរ៉េខាងត្បូង ៖ យោងតាមសេចក្តីរាយការណ៍ពីស្ថានីយ៍ប៉ូលិសសង្កាត់សុងដុង (Seongdong) ទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥…
ប្រទេសកូរ៉េខាងត្បូង ៖ យោងតាមសេចក្តីរាយការណ៍ពីស្ថានីយ៍ប៉ូលិសសង្កាត់សុងដុង (Seongdong) ទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥…
ប្រទេសកូរ៉េខាងត្បូង ៖ យោងតាមសេចក្តីរាយការណ៍ពីស្ថានីយ៍ប៉ូលិសសង្កាត់សុងដុង (Seongdong) ទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តារាសម្តែងស្រី Kim Sae Ron ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាងយ៉ាងភ្ញាក់ផ្អើល ដោយមិនដឹងមូលហេតុ នៅម៉ោងប្រហែល៥និង៥៤នាទីល្ងាចម៉ោងក្នុងស្រុក។ សាកសពនាងត្រូវបានប្រទះឃើញដោយមិត្តម្នាក់ ហើយរហូតមកទល់ពេលនេះ ប៉ូលិសកំពុងបន្តការស៊ើបអង្កេត ខណៈនៅកន្លែងកើតហេតុ ពុំមានសញ្ញាណាមួយបង្ហាញពីការកើតមានអំពើហិង្សានោះទេ។
យ៉ាងណាមិញ យោងតាមប្រភពពីសារព័ត៌មានកូរ៉េ Allkpop នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ បានរាយការណ៍ថា មរណភាពតារាស្រីស្រស់សោភាវ័យ២៤ឆ្នាំ ពោរពេញដោយទេពកោសល្យរូបនេះ កំពុងតែក្លាយជាចម្ងល់ និងការជជែកវែកញែកដេញដោលយ៉ាងខ្លាំងលើប្រព័ន្ធអ៊ីនធឺណិត ដោយសារភាពចៃដន្យព័ត៌មាននៃការស្លាប់របស់ Kim Sae Ron ត្រូវបានប្រកាសនៅថ្ងៃតែមួយជាមួយនឹងថ្ងៃខួបកំណើតឈានចូលវ័យ៣៧ឆ្នាំរបស់តារាសម្តែងប្រុសដ៏ល្បីរបស់កូរ៉េខាងត្បូង លោក Kim Soo Hyun ខណៈដែលកន្លងមកតារាសម្តែងទាំងពីររូបនេះ ជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាជាមួយគ្នា។
ក្រុមហ៊ុន Gold Medalist ដែលជាអតីតក្រុមហ៊ុនភ្នាក់ងាររបស់កញ្ញា Kim Sae Ron បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយយ៉ាងដូច្នេះថា «យើងមានការសោកស្ដាយយ៉ាងខ្លាំងដែលទទួលបានដំណឹងអកុសលនៃការស្លាប់របស់ Kim Sae Ron យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឱ្យនាងទៅកាន់សុគតិភព»។ ក្រុមហ៊ុន Gold Medalist ក៏ជាភ្នាក់ងារបច្ចុប្បន្នរបស់តារាសម្តែងប្រុស Kim Soo Hyun ដែលជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាជាមួយ Kim Sae Ron បន្ទាប់ពីនាងបានបង្ហោះរូបថតដ៏ស្និទ្ធស្នាលរបស់ពួកគេលើបណ្តាញសង្គម កាលពីខែមីនា ឆ្នាំមុន។
គួរកត់សម្គាល់ថា ក្រុមហ៊ុន Gold Medalist បានគាំទ្រតារាស្រី Kim Sae Ron ជាមួយនឹងការបង់ប្រាក់សំណង បន្ទាប់ពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍របស់នាង កាលពីឆ្នាំ ២០២២ ពោលគឺនៅថ្ងៃទី១៨ ខែឧសភា នាងបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ Cheongdam-dong សង្កាត់ Gangnam-gu ទីក្រុងសេអ៊ូល ដោយបានបុករនាំងដែកផ្លូវ ដើមឈើ និងបង្គោលភ្លើងជាច្រើន។ ឧបទ្ទវហេតុនេះ បណ្តាលឱ្យដាច់ចរន្តអគ្គិសនីប៉ះពាល់ដល់អាជីវកម្មជាច្រើននៅក្បែរនោះ និងការខាតបង់សំខាន់ៗផ្សេងទៀត។ ទោះបីជាក្រុមហ៊ុនបានរ៉ាប់រងលើថ្លៃពិន័យ និងថ្លៃសំណងរបស់កញ្ញា Kim Sae Ron យ៉ាងណាក៏ដោយ ក៏ភាគីទាំងពីរបានសម្រេចចែកផ្លូវគ្នា ដោយមិនបន្តកិច្ចសន្យាថ្មី នៅពេលកុងត្រាចាស់អស់សពុលភាពក្នុងខែធ្នូ ឆ្នាំ២០២២។
សូមជម្រាបថា កញ្ញា Kim Sae Ron កើតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០០ ហើយនាងបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុត្រឹម៩ឆ្នាំ និងទទួលបានការគាំទ្រខ្លាំងពីមហាជន ចំពោះទេពកោសល្យសម្តែងរបស់នាង។ កាលពីឆ្នាំ ២០២៤ កញ្ញា Kim Sae Ron បានបង្កភាពភ្ញាក់ផ្អើល នៅពេលនាងបានបង្ហោះរូបថតស្និទ្ធស្នាលជាមួយតារាប្រុស Kim Soo Hyun លើបណ្តាញសង្គមផ្ទាល់ខ្លួន ប៉ុន្តែបានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ នាងបានលុបរូបនោះវិញភា្លមៗ។ ទោះយ៉ាងណាក៏ដោយ អ្នកនិយមបណ្តាញសង្គមបានថតរូបនោះទុក និងចែកចាយបន្ត ហើយចាប់តាំងពីពេលនោះមក ពាក្យចចាមអារ៉ាមស្នេហាអ្នកទាំងពីរបានផ្ទុះឡើងកក្រើកប្រព័ន្ធអ៊ីនធឺណែតតែម្តង។
ពាក់ព័ន្ធរឿងនេះ តារាប្រុស Kim Soo Hyun នៅពេលនោះបានបដិសេធយ៉ាងដាច់អហង្ការចំពោះពាក្យចចាមអារ៉ាមទំនាក់ទំនងស្នេហា ដែលលេចចេញបន្ទាប់ពីរូបថតជាមួយតារាស្រី Kim Sae Ron ត្រូវបានបង្ហោះយ៉ាងខ្លីលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់មកត្រូវបានលុបចេញយ៉ាងរហ័ស។
ឆ្លើយតបភ្លាមៗចំពោះពាក្យចចាមអារ៉ាមនេះ ក្រុមហ៊ុន Gold Medalist បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធរាល់ការពាក់ព័ន្ធស្នេហារវាងតារាទាំងពីរ និងច្រានចោលទាំងស្រុងរាល់ការរំពឹងទុកដែលគ្មានមូលដ្ឋានត្រឹមត្រូវ៕ ដកស្រង់ ៖ Allkpop
ចែករំលែកព័តមាននេះ