តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បាននាំយកផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរមួយចំនួនយកទៅសម្តែងនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធីROUND FESTIVAL 2025 ដែលបានរៀបចំធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ។

កម្មវិធី ROUND FESTIVAL 2025 គឺជាព្រឹត្តការណ៍មួយដ៏ធំដែលមានតារាល្បីៗមកពីជុំវិញពិភពលោកចូលរួមសម្តែង ដោយនៅក្នុងនោះ តារាចម្រៀងនាង ទេព បូព្រឹក្ស គឺជាអ្នកសិល្បៈតំណាងឲ្យប្រទេសកម្ពុជា ។
សម្រាប់ការសម្តែងនាពេលនេះ ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ ជាពិសេស មហាជនកម្ពុជាស្រែកហ៊ោ និងមានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីឃើញតារាស្រីរូបនេះរៀបចំផ្ទាំងទស្សនីយភាពសម្តែងបែបសហសម័យ ជាមួយការបង្ហាញនូវរបាំបុរាណខ្មែរផងដែរ ។

ការសម្តែងនោះ ទេព បូព្រឹក្ស បានលើកយកនូវចម្រៀង២បទ គឺបទ ទេវរាជ និងវិរៈនារី ដោយរួមទាំងការសម្តែងរបាំអប្សរា ល្ខោនខោល និងក្បាច់គុនល្បុកតោ ដែលទាំងអស់នេះគឺជាការបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ។
បន្ទាប់ពីការសម្តែងបានបញ្ចប់ ទេព បូព្រឹក្ស បានបង្ហាញក្តីរីករាយ និងមោទនភាពយ៉ាងខ្លាំង ក្នុងពេលដែលនាងមានឱកាសបង្ហាញការសម្តែងរបស់ខ្លួននៅក្រៅប្រទេសជាលើកដំបូង ដោយរួមទាំងនាំយកទម្រង់សិល្បៈបុរាណខ្មែរបង្ហាញអោយអន្តរជាតិបានស្គាល់ថែមទៀត ។

ជាមួយនឹងភាពជោគជ័យនេះ ទេព បូព្រឹក្ស ក៏បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា សិល្បៈវប្បធម៌បុរាណរួមគ្នានិងសម័យពួកយើងច្នៃជាប្រយោជន៍ជាតិខ្មែរ នាងខ្ញុំសូមផ្ញើទស្សនីយភាពមួយនេះជូនដល់ប្រជាជនខ្មែរគ្រប់រូប ។
ជាការកត់សម្គាល់តារាចម្រៀងនាង ទេព បូព្រឹក្ស បានចេញទៅច្រៀងសម្តែងនៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។ មុនចេញទៅសម្តែងនេះ ទេព បូព្រឹក្ស បានអះអាងថា ឱកាសចេញទៅសម្តែងនៅក្រៅប្រទេសនាពេលនេះគឺជាបំណងប្រាថ្នាដ៏ធំមួយសម្រាប់រូបនាង ដែលនាងបានបុណ្យស្រន់ចាប់តាំងពីនាងធ្វើបទចម្រៀងដោយខ្លួនឯងជាបន្តបន្ទាប់ ។
Evotoនាងបញ្ជាក់ថា អ្វីដែលនាងមានបំណងចេញទៅសម្តែងនៅក្រៅប្រទេសនោះគឺដោយសារតែនាងអាចសម្រេចបំណងដោយសារនាងអាចនាំយករបាំបុរាណខ្មែរមួយចំនួន បូករួមជាមួយនឹងក្បាច់គុនល្បុកក្តោទៅសម្តែងជាមួយនាង ដែលនោះគឺនាងពិតជារំភើបខ្លាំង ។
បើតាមអ្នកនាង ទេព បូព្រឹក្ស កន្លងមកនាងតែងតែធ្វើបទបែបបុរាណលាយជាមួយនឹងសហសម័យ ហើយតាំងកន្លងមកមិនមានអ្នកណាម្នាក់គាំទ្រឡើយ ថែមទាំងគេរិះគន់មកលើរូបនាងថាបានបំផ្លាញសិល្បះវប្បធម៌ខ្មែរថែមទៀតផង ។

យ៉ាងណា រហូតមកទល់នាពេលនេះ នាងពិតជារំភើបខ្លាំង ព្រោះនេះគឺជាប្រទេសទីមួយ ដែលនាងមានឱកាសបានចេញទៅច្រៀង ហើយវាក៏បានបំពេញបំណងរបស់នាងដែលនាំយកសិល្បៈ វប្បធម៌ខ្មែរយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ៕


ចែករំលែកព័តមាននេះ