រាជធានីភ្នំពេញ ៖ តារាកំប្លែង លោក ជួង ជី ហៅកុយ ត្រូវបានក្រុមគ្រូពេទ្យតម្រូវឲ្យចាក់ថ្នាំគីមីបន្ត បន្ទាប់ពីលោកត្រូវបានគេរកឃើញថា លោកបានដុះសាច់កាចនៅក្នុងពោះវៀនធំ បើទោះបីជាលោកបានវះកាត់ទទួលបានជោគជ័យក៏ដោយ ។ នេះបើយោងតាមការឲ្យដឹងពីលោក អ៊ឹម ជីវ៉ា ដែលបានចុះសាកសុខទុក្ខតារាកំប្លែងរូបនេះ ដោយផ្ទាល់នៅក្នុងគេហដ្ឋានកូនរបស់លោក បន្ទាប់ពីលោកបានវិលមកពីសម្រាកព្យាបាលជំងឺនៅក្នុងប្រទេសថៃវិញ ។

បើតាមការអះអាងរបស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា មានអារម្មណ៍ថា អាណិតតារាកំប្លែង លោកគ្រូ កុយ ពេលដឹងថា គាត់មានជំងឺវះកាត់សាច់កាច ពោះវៀនធំ ហើយត្រូវចាក់ថ្នាំគីមីនៅខែក្រោយ !។
លោកបញ្ជាក់ថា ស្ថានភាពជំងឺតារាកំប្លែងរូបនេះ បានវះកាត់សាច់កាចដំណាក់កាលដំបូងរួចរាល់ហើយ ហើយក៏មានសុខភាពល្អដែរ តែនៅគេងនៅគ្រែសិនទម្រាំជាសះស្បើយមុខរបួស ហើយខែក្រោយ និងត្រូវទៅប្រទេសថៃឆែកសុខភាពម្តងទៀត និងត្រៀមចាក់ថ្នាំគីមី ។ លោកគ្រូ កុយ និយាយលេងសើចថា «ខ្ញុំមិនស្លា.ប់ទេ ពេលឈឺ គឺចង់មានអ្នកផ្តល់កម្លាំងចិត្ត ហើយបងប្អូនអាចកក់រោងបាន ខែក្រោយចេញសម្តែងវិញបានហើយ » ។

សូមបញ្ជាក់ដែថា តារាកំប្លែងលោកគ្រូកុយ កំពុងកំពុងស្នាក់នៅផ្ទះកូនក្នុងបុរីរុងរឿង ខណ្ឌជ្រោយចង្វា រាជាធានីភ្នំពេញ ។
ជាការកត់សម្គាល់ អំឡុងពេលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយ នាប្រទេសថៃ តារាកំប្លែងចាស់វស្សាលោក ជួង ជី ហៅកុយ បានអះអាងថា បន្ទាប់ពីធ្វើការវះកាត់ហើយនោះ សុខភាពរបស់លោកបានវិលមកល្អប្រសើរឡើងវិញខ្លះហើយ ដោយនៅមិនទាន់កាត់ចេសដែលដេរនោះនៅឡើយ ។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែពិនិត្យតាមដានពីសាច់ដែលបានវះកាត់នោះ ជាសាច់កាច ឬយ៉ាងណា ។ ទោះជាយ៉ាងណានាយ កុយ បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជននានា និងទស្សនិកជនទាំងអស់ ដែលបានជួយលោក និងបានជូនពរលោកឲ្យឆាប់ជាសះស្បើយ បន្ទាប់ពីបានដឹងដំណឹងពីការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាពេលនេះ ។
គួរបញ្ជាក់ថា មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញតារាកំប្លែងនាយ កុយ បង្ហោះរូបភាពដេកនៅលើគ្រែ ដោយសារបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យតម្រូវអោយមានការវះកាត់ភ្លាម កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ដោយសារស្ថានភាពបែបនេះ នាយ កុយ ក៏បានសម្រេចលុបចោលការងារសម្តែងភ្លាមៗ និងសុំការអភ័យទោសចំពោះម្ចាស់កម្មវិធីដែលបានជួលលោកផងដែរ ។ តារាកំប្លែងនាយ កុយ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា លោកមានសាច់ដុះក្នុងពោះវៀនដែលក្រុមគ្រូពេទ្យតម្រូវអោយវះកាត់ជាបន្ទាន់ ។
យ៉ាងណាមហាជន ជាពិសេសបណ្តាអ្នកគាំទ្រតារាកំប្លែងនាយ កុយ បានសម្តែងការអបអរសាទរ និងត្រែកអរយ៉ាងខ្លាំង ក្នុងពេលដែលលោកបានវះកាត់ទទួលបានជោគេជ័យ និងបង្ហាញតម្រុយពីការវិលត្រឡប់មកការសម្តែងជាថ្មីឡើងវិញ ៕


ចែករំលែកព័តមាននេះ