ខេត្តបន្ទាយមានជ័យ៖ «ជនខិលខូចដែលបង្កបញ្ហាទីនេះ ប្រញាប់ដកខ្លួនឲ្យឆ្ងាយ ឈប់លូកលាន់ទៀត កុំឲ្យរាំងស្ទះដំណើរការអភិវឌ្ឍន៍» នេះជាការលើកឡើងរបស់លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ក្នុងពិធីសែនព្រេន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីឲ្យក្រុមការងារ ចុះវាស់វែងដីធ្លី ផ្តល់ជូនប្រជាពលរដ្ឋ ១២០០គ្រួសារ នៅក្នុងចំណុចបឹងជង្រុក និងចំណុច ៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពិធីជួបជុំនេះ អញ្ជើញចូលរួមពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋា ននិងកម្លាំងស៊ីម៉ាក រួមជាមួយបងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។
លោក ប៉ាន់ខែម ប៊ុនថន បានដឹកនាំការសម្របសម្រួល ឈានទៅបញ្ចប់ជម្លោះដីទំនាស់ដ៏រ៉ាំរ៉ៃជាង ១០ឆ្នាំនេះ តាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ។ ការដោះស្រាយបញ្ហាដីធ្លីនេះ ប្រើរយៈពេលជាង ០១ខែ ក្នុងការចុះសម្របសម្រួល ដោយក្រុមការងារខុទ្ទកាល័យសម្ដេចតេជោ និងក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ ព្រមទាំងកងកម្លាំងប្រដាប់។
ក្នុងការអភិវឌ្ឍន៍មូលដ្ឋានថ្មីសម័យតេជោសន្តិភាព ជូនប្រជាពលរដ្ឋចំនួន ១២០០គ្រួសារ ដែលបានសែនព្រេនបួងសួងសុំសេចក្តីសុខ នៅពេលនេះ ធ្វើឡើង នៅលើផ្ទៃប្រមាណជាង ៣០០ហិចតា នៅក្នុងចំណុចបឹងជង្រុក និងចំណុច៦៧១ ឃុំទួលពង្រ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជាចំណងដៃនៃការអភិវឌ្ឍន៍មូលដ្ឋាន។
តាមគម្រោង ការអភិវឌ្ឍន៍មូលដ្ឋានថ្មីសម័យតេជោសន្តិភាព នៅតំបន់នេះ នឹងត្រូវប្រែក្លាយឲ្យទៅជាតំបន់ទីប្រជុំជន មានសាលារៀន មណ្ឌលសុខភាព អគ្គិសនី ប្រភពទឹក ផ្លូវល្អ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត៕ ដោយ៖ ណុប រក្សា
ចែករំលែកព័តមាននេះ