រាជធានីភ្នំពេញ ៖ ស្ថានភាពតាមហាងនាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ គេសង្កេតឃើញថា ហាងផឹកស៊ីខ្លះមានមនុស្សចូលច្រើនគួរសមដែរ តែហាងខ្លះស្ងាត់អត់សូវមានភ្ញៀវទេ ហើយតាមហាងនីមួយៗ បើសិនជាហាងធំៗមានវាស់កំដៅ បាញ់អាល់កុលត្រឹមត្រូវ និងការដាក់តុមានរក្សាគម្លាត តែហាងផឹកស៊ីតូចៗវិញមិនបានធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាលឡើយ ។
ដោយឡែកហាងម៉ាស្សាមួយចំនួនពេលដែលអាជ្ញាធរចុះទៅណែនាំឲ្យបិទផ្អាកដំណើរការមួយរយៈក៏បានបិទ ពេលអាជ្ញាធរចេញទៅបាត់ នៅតែលួចបើកដំណើរការធម្មតាវិញ ។ ក្លិបកម្សាន្តបិទស្ទើរទាំងអស់ មានតែតិចតួចប៉ុណ្ណោះដែលលួចបើកដំណើរការធម្មតា ។
សង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនងាកមកជួបជុំផឹកស៊ីតាមផ្ទះវិញ មិនសូវចូលហាង ទេ។ តាមផ្លូវក៏មិនសូវមានអ្នកធ្វើដំណើរនៅពេលយប់ដែរ មានតែក្បាលព្រលប់ លុះពេលយប់ជ្រៅគឺរៀងស្ងាត់ គឺមានអ្នកធ្វើដំណើរប្រមាណ៥០ភាគរយ ហើយអ្នកដើរហើរនោះភាគច្រើនជាក្មេងស្ទាវ ចំណែកមនុស្សចាស់និងវ័យកណ្តាលគឺមិនសូវមានទេ ។
ទាក់ទិននឹងបញ្ហាខាងលើនេះ ត្រូវបានគេលើកឡើងថា អ្នកខ្លាចនៅតែខ្លាច អ្នកមិនខ្លាចនៅតែមិនខ្លាចដដែល ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ