ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជួយ​សង្គ្រោះ​នារី​ខ្មែរ​ម្នាក់​នៅ​ប្រទេស​ចិន​បាន​ហើយ​! ដែល​ប្តី​ចិន​បង្ខាំង​ក្នុងផ្ទះ​បង្ខំ​ធ្វើបាប

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២ ធ្នូ ២០២០​នេះ ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២ ធ្នូ ២០២០​នេះ ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ដែល​បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា «​នាង​ត្រូវ​បាន​មេខ្យល់​ឆបោក​ឲ្យ​ទៅ​រៀប​ការ​ជាមួយ​ប្ដី​ជនជាតិ​ចិន ហើយ​ត្រូវ​បាន​គេ​បង្ខាំង​បិទ​សេរីភាព​ក្នុង​ការ​រស់នៅ និង​បាន​ទទូច​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា ជួយ​អន្តរាគមន៍​នាំ​មក​ប្រទេស​កម្ពុជា​»​នោះ ត្រូវ​បាន​រក​ឃើញ​ហើយ និង​បាន​បញ្ជូន​ទៅ​អគ្គ​កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ដើម្បី​អនុវត្ត​នីតិវិធី​ធ្វើ​បត្យាប័ន​មក​កម្ពុជា​វិញ ។

ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី បាន​បញ្ជាក់​បន្ថែម​ថា ការ​ទទួល​ជោគជ័យ ក្នុង​ការ​ស្រាវជ្រាវ​ស្វែងរក​អាសយដ្ឋាន ស្នាក់​នៅ​ឯ​ប្រទេស​ចិន​របស់​នារី​រង​គ្រោះ​ខាងលើ និង​បាន​ធ្វើការ​សង្គ្រោះ​នោះ គឺ​បាន​ទទួល​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​អាជ្ញាធរ​ចិន និង​អាជ្ញាធរ​កម្ពុជា ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ទទួល​ព័ត៌មាន​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​គណនី​ឈ្មោះ វាសនា​កូនស្រី​ទី​៤ ដោយ​បាន​សរសេរ​ខ្លឹមសារ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា ពុំ​មាន​សេរីភាព​ក្នុង​ការ​រស់នៅ បន្ទាប់​ពី​ចាញ់បោក​មេខ្យល់​រៀប​ការ​ប្ដី​ជនជាតិ​ចិន និង​ទ​ទួ​ច​សំណូមពរ​ឲ្យ​អាជ្ញាធរ​កម្ពុជា​អន្តរាគមន៍​ជួយ​សង្គ្រោះ​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​។ ក្នុង​ខ្លឹមសារ​សំ​ណេ​រ​បញ្ជាក់​ថា នាង​មានឈ្មោះ ធួ​ក សុ​ភី អាយុ ២០​ឆ្នាំ នៅ​ភូមិ​ឃ្សឹ​ប​ក្រៅ ឃុំ​ឃ្សឹ​ប​ក្រៅ ស្រុក​ស្នួល ខេត្តក្រចេះ ។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ឃើញ​សាច់ញាតិ និង​សាកសួរ​ព័ត៌មាន​លម្អិត ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​មេខ្យល់ ព្រមទាំង​បាន​ស្រប​សម្រួល ឲ្យ​ម្ដាយ​នារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

ដោយឡែក នាយកដ្ឋាន បាន​សហការ​ជាមួយ​ក្រុម​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​តម្រុយ ឈាន​ទៅ​ទីកន្លែង​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ ។

នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន បាន​បញ្ជូន​ព័ត៌មាន​បន្ថែម​ទៀត រួម​មាន​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អាសយដ្ឋាន អត្តសញ្ញាណ​បណ្ណ​ប្ដី​ជនជាតិ​ចិន ឲ្យ​ទៅ​ក្រុមការងារ​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​មាន​មូលដ្ឋាន​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​នីតិវិធី​អន្តរាគមន៍​សង្គ្រោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ចិន​បាន​ឆ្លើយ​តប​ថា បាន​រក​ឃើញ​នារី​រង​គ្រោះ និង​បាន​សង្គ្រោះ ព្រមទាំង​បាន​បញ្ជូន​ទៅ​កាន់​អគ្គ​កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត ៕