រាជធានីភ្នំពេញ ៖ លោកប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តន៍តាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពរបស់លោកបានផ្អាកការប្រឡងយកប័ណ្ណបើកបរបណ្តោះអាសន្ន តែមន្ត្រីរាជការនៅតែធ្វើការជាធម្មតា ។ លោកបន្តថា ចំពោះការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបើកបរ យានយន្តក៏ត្រូវបានផ្អាកបណ្តោះអាសន្នរយៈពេល១៥ថ្ងៃដូចគ្នា ដើម្បីចូលរួមទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែធ្នូនេះ បានបញ្ជាក់ថា ការផ្អាកដំណើរការជា បណ្តោះអាសន្ននេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវផ្អាកដំណើរការប្រឡង យកប័ណ្ណបើកបរយានយន្ត រយៈពេល១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ជាមួយគ្នានេះ ការបណ្តុះបណ្តាលបើកបរយានយន្តនៅតាមសាលា និងសាខាសាលាបង្រៀនបើកបរយានយន្តទាំងអស់ ក៏ត្រូវអនុវត្តដូចគ្នា៕ (កែសម្រួលដោយ ៖ ធីតា)