ខេត្តកំពង់ចាម៖ ក្រោយបែកធ្លាយរបាយការណ៍របស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា គោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ករណីកូវីដ១៩ រួចមក រដ្ឋបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី១ ខែធ្នូនេះ បានចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា អ្នកទាំង ៦នាក់ ដែលមានវិជ្ជមានវីរុសកូវីដ១៩ ពិតជាបានធ្វើដំណើរ មកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខបងប្អូន កាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែដំណើររបស់អ្នកទាំង ៦នោះ គឺមុនពេលក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ១៩ លើអ្នកទាំង ៦ នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោយទទួលបានរបាយការណ៍ពីក្រសួងសុខាភិបាល ដែលបញ្ជាក់ថា អ្នកទាំង ៦នាក់ វិជ្ជមានវីរុសកូវីដ១៩ អភិបាលខេត្តកំពង់ចាម បានចាត់វិធានការបន្ទាន់ឲ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកព្រៃឈរ ចុះស្រាវជ្រាវ រកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងអ្នកទាំង ៦នាក់ ដោយបានរកឃើញ ចំនួន ៨នាក់ និងយកពួកគាត់ មកពិនិត្យសុខភាព យកសំណាក និងបញ្ជូនអ្នកប៉ះពាល់ទាំង ៨នាក់ ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម៕
ចែករំលែកព័តមាននេះ