រាជធានីភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមកចិ្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាអឺរ៉ុប តាមប្រព័ន្ធវិដេអូ នាថ្ងៃទី១ ខែធ្នូនេះ។ ក្នុងអំឡុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងកាត់បន្ថយផលវិបាកសេដ្ឋកិច្ច សង្គម ដែលបង្កឡើងដោយសារជំងឺនេះ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ បង្ហាញថា សហភាពអឺរ៉ុប បានប្រកាសផ្តល់ថវិកាចំនួន ២០លានអឺរ៉ុប ដើម្បីគាំទ្រ «កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈចំពោះជំងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍» ដើម្បីជួយតំបន់នេះ ត្រៀមខ្លួនឲ្យបានកាន់តែប្រសើរថែមទៀត សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ នាពេលអនាគត។
សេចក្តីប្រកាស បន្តថា បណ្តាប្រទេសសមាជិកអាស៊ាន ក៏បានទទួលស្គាល់ផងដែរ អំពីសារៈសំខាន់នៃវិភាគទានរបស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់ ៥០០លានអឺរ៉ូ គាំទ្រដល់យន្តការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដសាកល ( COVAX ) ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់ផ្គត់ផ្គង់ដល់មនុស្សជាតិគ្រប់ៗគ្នា។
ក្រសួងការបរទេស ក៏បានប្រកាសថា សម្រាប់វិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ដែលឯកឧត្តម ជឿជាក់ថា ជាគន្លឹះ ដើម្បីសម្រេចបាននូវសក្តានុពលធុរកិច្ច និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសាងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឲ្យកាន់តែរឹងមាំថែមទៀត។
ប្រមុខការទូតកម្ពុជា ក៏បានស្វាគមន៍ការលើកកម្រិតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំនេះ ដោយជឿជាក់ថា សមិទ្ធផលថ្មីនេះ នឹងជួយពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទៅវិញទៅមកនាពេលកន្លងមក៕
ចែករំលែកព័តមាននេះ