ខេត្តបន្ទាយមានជ័យ ៖ វាលរហាលកែសអាវៀន គឺជាតំបន់អភិរក្សពូជត្រី និងសត្វស្លាបជាច្រើនប្រភេទមករស់នៅទីនោះដោយមានក្តីសុខសាន្ត ។ តំបន់អភិរក្សពូជត្រី និងស្លាបជាប្រភេទនៅរហាលកែសអាវៀននេះ គឺស្ថិតក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្ថិតនៅខាងត្បូងវិទ្យាល័យ ហ៊ុន សែនឈ្នួរមានជ័យ ប្រហែលជា៧គីឡូម៉ែត្រ ជាប់នឹងព្រំប្រទល់ស្រុក-ក្រុងចំនួន៣ គឺស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ។
ជាមួយគ្នានោះដែរ តាមការឲ្យដឹងពីលោក ខុង ប៊ុន ជំទប់ទី០១ ឃុំឈ្នួរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា វាលរហាលកែសអាវៀននេះ កាលដើមឡើយជាទំនប់បិទទឹកនៅសម័យ០៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលសម័យពួក ប៉ុល ពត បានកែនប្រជាពលរដ្ឋមកធ្វើទំនប់ ដើម្បីធ្វើអាងស្តុកទឹកកុំឲ្យទឹកហូរចូលស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ ដើម្បីទុកទឹកប្រើប្រាស់នៅក្នុងអាង ក្នុងឃុំឈ្នួរ និងឃុំព្រះនេត្រព្រះ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ និងសង្កាត់ក៉ពងសត្វ ក្រុងសិរីសោភ័ណ ។
លោកខុង ប៊ុន បានបញ្ជាក់ថា តំបន់រវាលរហាលអាវៀននេះ មានទំហំដីប្រមាណជា២៨ហិកតា ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។ នារដូវប្រាំង បើចង់មកទស្សនាហ្វូងសត្វស្លាបទាំងនេះ គឺអាចធ្វើដំណើរដោយឡាន ឬម៉ូតូបាន ប៉ុន្តែបើរដូវវស្សាយើងអាចជិះទូកប្រហែលជា៣ទៅ៤គ.ម ទើបដល់ទីទួលទំនប់ដែលលើកពីសម័យប៉ុលពត ។ ហើយទៅថ្ងៃអានាគត ឬក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ (ទឹកស្រកចុះអស់) រដ្ឋបាលឃុំនឹងបង្កើតតំបន់នេះឲ្យជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ដោយរៀបចំកន្លែងអង្គុយលេង កន្លែងទស្សនាសត្វស្លាបជាដើម។
លោកក៏បានបញ្ជាក់ថា លោកចង់ស្វែងរកអង្គការជាដៃគូដើម្បីអភិវឌ្ឍតំបន់នេះ ដើម្បីរកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ ។ ចំពោះក្រុមហ៊ុនឯកជនមានគេទំនាក់ទំនងអភិវឌ្ឍតំបន់នេះដែរ តែអាជ្ញាធរឃុំមិនយល់ព្រម ព្រោះវាបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍ ។
ជាមួយគ្នានោះដែរ លោក ជំទប់ទី០១ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាពូជត្រី និងសត្វស្លាបដែលកំពុងតែរស់នៅដ៏សុខសាន្តកកើតកូនចៅយ៉ាងច្រើនសន្ធឹកសន្ទាប់នេះ កុំឲ្យវិនាសទៅវិញដូចជាមានការលួចបាញ់ លួចយកពង នេះជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នាទេ បើយើងបាញ់សម្លា.ប់សត្វទាំងនេះ ជាអាហារវាមានប្រយោជន៍បានតែមួយពេលប៉ុណ្ណោះ តែបើយើងទុកសត្វទាំងនេះរស់ វាមានប្រយោជន៍ដល់យើងតកូនតចៅយើង។ ជាងនេះទៀត នៅរដូវប្រាំង កើតឲ្យមានការដុតភ្លើងវាលដែលនាំឲ្យឆេះរាលដាលមកដល់ព្រៃតំបន់អភិរក្សនេះ ដែលនាំឲ្យសត្វស្លាបទាំងនេះមិនមានទីកន្លែងនៅ។
លោកខុង ប៊ុន បានបញ្ជាក់ថា មូលហេតុដែលគេហៅតំបន់នេះថា វាលរហាលកែស គឺតំបន់នេះគេ ជា០២ មួយផ្នែកសម្រាប់ជាតំបន់អភិរក្សពូជពង់ហ្វូងមច្ឆាជាតិ ហៅថារហាលកែសមានផ្ទៃដីចំនួន០៥ហិកតា ។ ហើយម៉េចបានជាគេហៅរហាលកែស ព្រោះតំបន់នេះវាជាកន្លែងប្រសព្វរវាងក្បាលស្ទឹងក្រុងសិរីសោភ័ណ ក្នុងភូមិសាស្ត្រសង្កាត់កោះពងសត្វ និងក្បាលស្ទឹងស្រុកមង្គល ក្នុងភូមិសាស្ត្រឃុំគយមែង ។ ប៉ុន្តែនៅសម័យប៉ុលពត គឺគេបានប្រមូលកងចល័តមកលើកទំនប់ខាងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ដើម្បីទប់ទឹកកុំឲ្យហូរចូលទៅក្នុងស្ទឹងមង្គលបូរី និងស្ទឹងក្រុងសិរីសោភ័ណ ដោយគេទប់ទឹកនៅខាងភូមិសាស្ត្រឃុំឈ្នួរ និងឃុំព្រះនេត្រព្រះ ទុកសម្រាប់ធ្វើស្រែ។
ចំណែកដីមានព្រៃដែលហ្វូងសត្វស្លាបចម្រុះ កំពុងស្នាក់នៅយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺមានផ្ទៃដីចំនួន២៣ហិកតា ហើយគេឲ្យឈ្មោះថាអាវៀន ដែលបានបញ្ចូលជាតំបន់អភិរក្សអាវៀន ។ ហេតុដូច្នេះហើយ ដែលហៅថា អាវៀន ព្រោះវាមានទឹកព័ទ្ធជុំវិញព្រៃក្រវិចក្រវៀន ហើយសព្វថ្ងៃគេប្រសិទ្ធនាមតំបន់ទាំង០២នោះថា វាលរហាលអាវៀន ។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ចំពោះសត្វស្លាបចម្រុះដែលបានមកស្នាក់នៅក្នុងតំបន់ខាងលើនេះ គឺមានរយៈពេល០៤ឆ្នាំមកហើយ ដោយ១ឆ្នាំដំបូងមិនជាសូវច្រើននោះទេ តែ០៣ឆ្នាំកន្លងមកនេះ គឺមានសត្វស្លាបច្រើនប្រភេទមកស្នាក់នៅច្រើន ដូចជាក្រៀលខ្យង កុក ក្អែកទឹក ខ្វែក លលក ទោម តាឡុម មាន់ទឹក មាន់ទូ និងសត្វផ្សេងទៀត តែប្រភេទសត្វដែលរស់នៅច្រើនជាងគេ គឺក្រៀលខ្យ និងកុក រាប់ម៉ឺនក្បាលឯណោះ។ ដោយពិនិត្យឃើញពីវត្តមានសត្វស្លាបច្រើនដូច្នេះ ទើបរដ្ឋបាលឃុំ តាមរយៈរដ្ឋបាលស្រុក ខេត្ត និងមន្ទីរបរិស្ថានខេត្ត បានដាក់ទៅក្រសួងបរិស្ថានដើម្បីចុះក្នុងបញ្ជីជាតំបន់អភិរក្សសម្រាប់ឃុំឈ្នួរមានជ័យតែម្តង ៕
ចែករំលែកព័តមាននេះ