ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ១៩ ចុងខែ​វិច្ឆិកា ​៖ អាជីវកម្ម​ធំ​ៗ៣​ទីតាំង​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ខណៈ​សិស្ស​មួយ​ចំនួន​ត្រូវ​ផ្អាក​សិក្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ករណី​វិជ្ជមាន​កូ​វី​ដ ១៩ លោក​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ភរិយា​របស់​លោក និង​ក្រុម​គ្រួសារ​របស់​លោក​គឺជា​ករណី​ធ្ងន់ធ្ងរ​ជា​ថ្មី​ម្តងទៀត​សម្រាប់​កម្ពុជា​ជុំវិញ​ការ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​ជំងឺឆ្លង​មួយ​នេះ ដែល​ករណី​នេះ​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​លើក​ដំបូង​របស់​កម្ពុជា ។ រហូត​ត្រូវ​បិទ​ទីតាំង​អាជីវកម្ម ៣…

រាជធានី​ភ្នំពេញ​៖ ករណី​វិជ្ជមាន​កូ​វី​ដ ១៩ លោក​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ភរិយា​របស់​លោក និង​ក្រុម​គ្រួសារ​របស់​លោក​គឺជា​ករណី​ធ្ងន់ធ្ងរ​ជា​ថ្មី​ម្តងទៀត​សម្រាប់​កម្ពុជា​ជុំវិញ​ការ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​ជំងឺឆ្លង​មួយ​នេះ ដែល​ករណី​នេះ​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​លើក​ដំបូង​របស់​កម្ពុជា ។

រហូត​ត្រូវ​បិទ​ទីតាំង​អាជីវកម្ម ៣ ប្រភេទ​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា រាប់​ចាប់ពី​ផ្សារ​ទំនើប​អ៊ី​អន​១ សណ្ឋាគារ​ភ្នំពេញ និង​អាជីវកម្ម​អប់រំ គឺ​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អង្រែ ជា​បណ្ដោះអាសន្ន ។

ជុំវិញ​ការ​បិទ​សណ្ឋាគារ​ដ៏​ធំ​មួយ​នេះ ប្រធាន​សមាគម​សណ្ឋាគារ​ថា ការ​បិទ​សណ្ឋាគារ​ភ្នំពេញ ឬ​ក៏​ទីតាំង​ស​ណ្ឋ​គារ ពីរ ឬ​បី នៅ​រាជធានី​ភ្នំពេញ គឺ​មិន​បណ្តាល​ឲ្យ​ខ្វះ​បន្ទប់​សម្រាប់​ភ្ញៀវ​មក​ស្នាក់​នៅ​នោះ​ទេ តែ​ប្រាកដ​ណាស់​គឺ​វា​ពិតជា​ប៉ះ​ការងារ​បុគ្គលិក​នៅ​ទីតាំង​អាជីវកម្ម​ទាំងនោះ ។

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា អ្នកស្រី ក្លេ​ខៃ ចិន្តា បាន​លើក​ឡើង​ថា ការ​បិទ​សណ្ឋាគារ​ដ៏​ធំ​នៅ​ភ្នំពេញ​ក្រោយ​ពេល​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ លើ​ស្ត្រី​ខ្មែរ​ម្នាក់​និង​បាន​ដើរទៅ​ទីតាំង​ជា​ច្រើន​ទៀត​នោះ មិន​បាន​ប៉ះពាល់​ដល់​ការ​ខ្វះខាត​បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរ​នោះ​ទេ ព្រោះថា​សណ្ឋាគារ​បច្ចុប្បន្ន​នេះ ភាគច្រើន​គឺ​សម្រាប់​បម្រើ​ឱ្យ​តែ​ភ្ញៀវ​ក្នុងស្រុក​ប៉ុណ្ណោះ ខណៈ​ភ្ញៀវ​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​គ្មាន​ទៅ​ហើយ ។

អ្នកស្រី​បាន​បន្ត​ថា សណ្ឋាគារ​នៅ​ភ្នំពេញ​មាន​ច្រើន​ណាស់​ដែល​នៅ​ទំនេរ ហើយ​ការ​បិទ​សណ្ឋាគារ​ពីរ ឬ​បី​នៅ​ភ្នំពេញ​ក៏​នៅ​តែ​មាន​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ដែរ ព្រោះថា​សណ្ឋាគារ​ខ្លះ​មិន​ទាំង​មាន​ភ្ញៀវ ស្នាក់​នៅ​ផង ដូច្នេះ​ការ​បិទ​ពីរ ឬ​បី​សណ្ឋាគារ​ដោយ​ប្រការ​ណាមួយ​នោះ គឺ​នៅ​មាន​បន្ទប់​សម្រាប់​បម្រើសេវា​កម្មនេះ​មាន​ច្រើន​ទៀត ប៉ុន្តែ​បើសិន​ការ​បិទ​សណ្ឋាគារ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ថែម​ទៀត​នោះ វា​អាច​នឹង​ខ្វះខាត​ការ​ផ្គត់ផ្គង់​បន្ទប់​មែន ។

អ្នកស្រី ក្លេ​ខៃ ចិន្តា បាន​និយាយ​ថា «​ការ​បិទ​សណ្ឋាគារ​មិន​ប៉ះពាល់​ដល់​ការ​ខ្វះខាត​បន្ទប់​ទេ តែ​អ្វី​ដែល​ប៉ះពាល់​នោះ​គឺ​ការងារ​របស់​បុគ្គលិក​នៃ​សណ្ឋាគារ​នោះ បើសិនជា​សណ្ឋាគារ​ដែល​ពួក​គាត់​ធ្វើការ​បិទ​ហើយ​មិន​មាន​ប្រាក់បៀវត្សរ៍​ផ្ដល់​ជូន តែបើ​គេ​ផ្ដល់​ជូន​អំឡុង​ពេល​បិទ គឺ​គាត់​អាច​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួ​សារបាន​» ។

អ្នកស្រី​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ការ​បិទ​ផ្សារ​ទំនើប​មួយ​នៅ​ភ្នំពេញ ក៏​វា​មិន​អាច​ប៉ះពាល់​ដល់​ភ្ញៀវ​ឬ​អតិថិជន​ដែល​ដើរ​ទិញ​អីវ៉ាន់​នោះ​ដែរ ព្រោះ​នៅ​ភ្នំពេញ​ក៏​មាន​ផ្សារ​ទំនើប​ច្រើន ភ្ញៀវ​ក៏​អាច​ដើរ​កម្សាន្ត​នៅ​ទីតាំង​ច្រើន​កន្លែង​ទៀត​ទាំង​នៅ​ភ្នំពេញ និង​នៅ​ជាយ​ភ្នំពេញ ។​តែ​អ្វី​ដែល​ប៉ះពាល់​គឺ​សតិអារម្មណ៍​ភ្ញៀវ​និង​ប្រជាជន​កម្ពុជា​យើង​តែ​ម្ដង ។ នៅ​ពេល​មាន​ផ្ទុះ​ជំងឺ​នេះ​ឡើង ប្រជាជន​កម្ពុជា​នឹង​ភ័យ​ខ្លាច​ហើយ​លែង​ចេញពីផ្ទះ​ទៅ​ផ្សារ​ឬ​ក៏​ដើរ​លេង​ទៀត ដូច្នេះ​វា​ជា​បញ្ហា​ដែល​កង្វល់ ។

ប្រធាន​សមាគម​សណ្ឋាគារ​រូប​នេះ បាន​បញ្ជាក់​ថា តាំងពី​កម្ពុជា​ផ្ទុះ​ជំងឺ​កូ​វី​ឌ​១៩​មក ឃើញ​ថា វិស័យ​ទេសចរណ៍​ជួប​វិបត្តិ​រហូត​មក ដោយ​មិន​ទាន់​ប្រសើរ​ឡើង​វិញ​នោះ​ទេ ។ ប៉ុន្តែ​សកម្មភាព​ទេសចរណ៍ ហាក់​ទទួល​បាន​ភាព​ប្រសើរ​បន្តិច​នៅ​ពេល​រដ្ឋាភិបាល​ផ្ដល់​ជូន​ថ្ងៃ​ឈប់​សម្រាក​សង កាលពី​អំឡុង​ខែសីហា ២០២០​នេះ ធ្វើ​ឱ្យ​ភ្ញៀវ​ក្នុងស្រុក​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​ខេត្ត ហើយ​មាន​ខេត្ត​ខ្លះ​អត់​ទាំង​មាន​កន្លែង​សម្រាប់​ផ្ដល់​ជូន​ភ្ញៀវ​សម្រាក​ផង ។ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​បាន​បញ្ចប់​វិញ សកម្មភាព​ទេសចរណ៍​ក៏​ស្ងប់​ទៅ​វិញ​សណ្ឋាគារ​ធំ​ៗ​បន្ត​អត់​មាន​ភ្ញៀវ ព្រោះថា​សណ្ឋាគារ​មួយ​ចំនួន គឺ​ផ្ដោត​លើ​ភ្ញៀវ​ទេសចរ​បរទេស ហើយ​ក្នុង​ឆ្នាំ ២០២០​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​គឺជា​វិបត្តិ​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ​ធំ​ៗ​មួយ​ចំនួន​ផង​ដែរ ។

លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ បាន​លើក​ឡើង​ថា នៅ​ពេល​អាជីវកម្ម​អ្វីមួយ​ត្រូវ​បាន​បិទ អ្នក​ដែល​ទទួលផល​ប្រយោជន៍​ទាំង​ផ្ទាល់​និង​ប្រយោល​នឹង​អាច​ប៉ះពាល់​ដល់ ជៀស​មិន​រួច​ទេ ជា​ពិសេស​អ្នក​ប្រកបរ​បរក​ក្រៅ​ប្រព័ន្ធ​ដែល​ធ្លាប់​ទទួល​ប្រយោជន៍​ពី​អាជីវកម្ម​នោះ ។

ផ្សារ​ទំនើប​អ៊ី​អន ១ ជា​ផ្សារ​ទំនើប​ធំ​ជាងគេ​មួយ​នៅ​ភ្នំពេញ ហើយ​បើ​តាម​អ្នកគ្រប់គ្រង​ផ្សារ​ទំនើប​មួយ​នេះ​ថា ផ្សារ​នេះ​មាន​បុគ្គលិក​រាប់​ពាន់​នាក់​បម្រើ​ការ និង​ផ្ដល់​ប្រាក់​ចំណូល​ជា​ច្រើន​ដល់​បុគ្គលិក ។ មិនតែប៉ុណ្ណោះ វា​ក៏​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​រត់​កង់​បី តាក់ស៊ី ម៉ូតូឌុប និង​អ្នកលក់​នៅ​ក្រៅ​ផ្សារ​មួយ​ចំនួន​ផង​ដែរ ។

គួរ​ជម្រាប​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០២០ រាជរដ្ឋាភិបាល​ប្រកាស​បិទ​ភ្លាម​ៗ​នៃ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ​នៅ​តាម​បណ្ដោយ​ផ្លូវ​សុរ​ធារ​ស្ស ដោយសារ​តែ​រក​ឃើញ​ស្ត្រី​ម្នាក់​ជា​ភរិយា​មន្ត្រី​កម្ពុជា វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នេះ ។ ​បន្ទាប់​មក​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​បិទ​សណ្ឋាគារ​ភ្នំពេញ ក្រោយ​ស្ត្រី​រូប​នោះ​បាន​ទៅ​ហាត់ប្រាណ​នៅ​សណ្ឋាគារ​មួយ​នេះ​និង​បិទ​សាលារៀន​ឯកជន​មួយ​ដែរ ជា​សាលា​ដែល​កូន​ស្ត្រី​រូប​នោះ​កំពុង​សិក្សា ។ យ៉ាងណា​ពេល​នេះ​រដ្ឋាភិបាល​ក៏​កំពុង​រក​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ដើម្បី​មក​ធ្វើ​តេ​ស្ត្រ និង​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​ស្ត្រី​រូប​វិជ្ជមាន​កូ​វី​ដ​និង​ស្វាមី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ