រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល បានកំណត់ក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា សម្រេចរក្សាកម្រិតបៀវត្សអប្បបរមា និងបៀវត្សមន្ត្រីរាជការ ឆ្នាំ២០២១ ស្មើនឹងកម្រិតឆ្នាំ២០២០ ។ ការបើកប្រាក់ខែក៏បន្តធ្វើ ២ដង ក្នុង១ខែដដែល។
នៅឆ្នាំ២០២១ រាជរដ្ឋាភិបាល បន្តធានាបាននូវការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ បានទាន់ពេលវេលា គឺ ២ដង ក្នុង១ខែ ហើយរាជរដ្ឋាភិបាលក៏មិនបានកាត់ប្រាក់បៀវត្សមន្ត្រីរាជការនោះទេ ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលនៅមានលទ្ធភាពរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ឆ្នាំ២០២១ ស្មើនឹងកម្រិត ឆ្នាំ២០២០។
នៅឆ្នាំ២០២១ កម្រិតប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ រួមមាន៖
១-បៀវត្សមន្ត្រីរាជការស៊ីវិល រក្សាស្មើនឹងប្រមាណ ១ ១៧២ ៥០០ រៀល
២-បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ ១ ២៧២ ៥០០ រៀល
៣-បៀវត្សនគរបាលជាតិ ( ពលបាលត្រី ) រក្សាស្មើនឹងប្រមាណ ១ ២៥៦ ៩៧៧ រៀល ( គិតបញ្ចូលរបបអង្ករ )
៤-បៀវត្សយោធិន ( ពលទោ ) រក្សាស្មើនឹងប្រមាណ ១ ១២៣ ៥០០ រៀល ( មិនគិតបញ្ចូលរបបអង្ករ ) ហើយបើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ ១ ១៨១ ៩៧៧ រៀល។
៥-ចំពោះប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យា ក៏ត្រូវបានរក្សាស្មើនឹងចំនួន ៦៧០ ០០០ រៀល ដូចកម្រិតឆ្នាំ២០២០ ផងដែរ។
នៅឆ្នាំ២០២១ ក៏មិនមានជ្រើសរើសមន្ត្រីរាជការថ្មី ដូចឆ្នាំ២០២០ដែរ ។ ការមិនជ្រើសរើសមន្ត្រីរាជការថ្មី ក្នុងឆ្នាំ២០២០ នេះនាំឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពសន្សំថវិកា បានចំនួនប្រមាណ ២០០លានដុល្លារអាមេរិក ។ ថវិកានេះត្រៀមបន្តអន្តរាគមន៍ ផ្នែកសុខាភិបាល និងសង្គម ព្រមទាំងអន្តរាគមន៍ផ្នែកសេដ្ឋកិច្ច ដើម្បីត្រៀមទប់ទល់នឹងផលប៉ះពាល់នៃការអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ៕
ចែករំលែកព័តមាននេះ