រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អ ផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន២ម៉ឺនរៀលក្នុង១ថ្ងៃ រយៈពេល១៥ថ្ងៃ សរុបចំនួន៣០ម៉ឺនរៀល ដោយថវិកានេះ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖
១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន។
៣- អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ។
៤- អ្នកដែលមានជីវភាពខ្វះខាត។
សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៦៣៧ ៧៧៧, ០១២ ៩៩៨ ១២៧, ០១២ ៥១៣ ៧៨៤, ០១១ ៨៤៨ ៦៨៧។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ចែករំលែកព័តមាននេះ