លោកអ្នកពិតជាធ្លាប់បានឃើញព្រះអង្គដងកើនៅខាងមុខព្រះបរមរាជវាំងជាប់ដងទន្លេសាប ឬក៏ធ្លាប់ចូលទៅអុជធូបបួងសួង បន់ស្រន់ ប៉ុន្តែលោកអ្នកប្រហែលជាពុំបានដឹងពីប្រវត្តិនៃទីសក្ការៈនោះទេ ។
តើព្រះអង្គដងកើមានប្រវត្តិបែបណា ?
ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមប្រជុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ ដែលបានទទួលមរណភាពទៅហើយ ធ្លាប់បាននិទានឱ្យដឹងថា តាម ចាស់ៗពីជំនាន់មុនបាននិយាយ តៗគ្នាថាក្នុងសម័យសង្គមរាស្ត្រនិយមនៃព្រះបាទនរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថាព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកមហាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថា«ដងកើ» ។
ក្នុងសម័យដដែលនោះមហាជនខ្មែរយើងមានជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិ ឬក៏ដងកើ ហើយនាំគ្នាសាងសង់ព្រះវិហារនិងសាងរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា«ព្រះអង្គដងកើ»។
ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បន្តថាតាំងពីពេលនោះមកមហាជនតែងតែទៅបែបន់សុំលាភសក្ការៈ សុំកូន និងបួងសួង ផ្សេងៗតាមជំនឿរបស់ខ្លួន ដោយមានលេងភ្លេងពិណពាទ្យនិងជាវផ្កាឈូក ស្លាធម៌ ដាក់ថ្វាយព្រះអង្គដងកើ ។ មានអ្នកខ្លះបែបន់សុំបានសម្រេច អ្នកខ្លះសុំមិនបានសម្រេចរហូតមកដល់សព្វថ្ងៃនេះ ។
បច្ចុប្បន្នព្រះអង្គដងកើត្រូវគេចាត់ទុកថា ជាអ្នកតាដ៏ធំជាងគេ បន្ទាប់ពីអ្នកតាឃ្លាំងមឿង។ ចំពោះប្រវត្តិព្រះអង្គដងកើនេះ មិនមានសៀវភៅណាសរសេររក្សាទុកទេ គ្រាន់តែជាសាច់រឿងដែល ចាស់ៗនិយាយ តៗគ្នាប៉ុណ្ណោះ ។
ជារៀងរាល់ថ្ងៃ ពិសេសនៅថ្ងៃសីល ឬថ្ងៃពេញបូណ៌មី មានមនុស្សទៅបែបន់រាប់រយនាក់ ជាពិសេសចាប់ពីម៉ោង៣រសៀលមនុស្សម្នាច្រើន ស្ទើររកកន្លែងអុជធូបមិនបាន ។ អ្នកទៅបន់ស្រន់ពីគ្រប់ទិសទី មិនថាតែអ្នកភ្នំពេញទេគឺមានទាំងអ្នកស្កាត់ពីបណ្ដាខេត្តផង ។
មហាជនទៅអុជធូបបែបន់ បួងសួងសុំសេចក្តីសុខ ប្រកបរបរបានកាក់កប និងតាមក្ដីប្រាថ្នា ផ្សេងៗ ។ អ្នកខ្លះទិញស្លាធម៌ ផ្កាឈូកេចេក និងតង្វាយ ផ្សេងៗ ដាក់ថ្វាយដល់ព្រះអង្គដងកើ ។ ជាពិសេសមានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជាអណ្តើក បក្សីឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង ៕
ចែករំលែកព័តមាននេះ