ខេត្តបន្ទាយមានជ័យ ៖ ការយកចិញ្ចើមផ្លូវធ្វើអាជីវកម្មអាចជាសញ្ញាហានិភ័យខ្ពស់ដល់អ្នកធ្វើដំណើរគ្រប់ពេលបាន ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមិនមានចំណាត់ការណាមួយណែនាំនោះទេ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយនឹកស្មានមិនដល់ ហើយក៏ព្រលឹងចុងសក់ដល់បុរសម្នាក់នៅក្នុងហេតុការណ៍ និងរាល់អ្នកឃើញគ្រោះថ្នាក់នេះផ្ទាល់ភ្នែកក៏ភ័យបុកពោះគ្រប់គ្នាផងដែរ។
ពោល គឺខណៈពេលបុរសខាងលើកំពុងតែបើកបរម៉ូតូម៉ាកស៊ូម័រ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឆ័ត្រដ៏ធំមួយរបស់អាជីវករលក់តាមចិញ្ចើមផ្លូវដួលទាក់ដៃម៉ូតូ បណ្តាលឲ្យដួលម៉ូតូតែម្តង ករណីដួលម៉ូតូនេះកើតឡើងនៅលើផ្លូវបេតុង ចំណុចព្រំប្រទល់ភូមិមិត្តភាព និងភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់និងក្រុងប៉ោយប៉ែត។
ហើយអ្វីដែលមើលទៅគួរឲ្យខ្លាច និងគ្រប់គ្នាភ័យញាក់សាច់នោះ គឺចំពេលបុរសខាងលើដួលដេកលើផ្លូវបេតុង ក៏ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងបើកបញ្ច្រាស់ទិសយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ប៊ិះនឹងកិនជនរងគ្រោះថែមទៀតផង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្វីត្បិតជនរងគ្រោះបានរួចផុតជីវិត និងមិនមានរងរបួសអ្វីធ្ងន់ធ្ងរ ប៉ុន្តែអ្នកស្រុកបានទទូចសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច គួរមានវិធានការអប់រំណែនាំដល់អ្នកប្រកបរបររកស៊ីតាមចិញ្ចើមផ្លូវ ជាពិសេសអ្នកប្រើប្រាស់ឆ័ត្រត្រូវរៀបចំទុកដាក់ ឬចងឲ្យបានត្រឹមត្រូវផង ចៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរនៅថ្ងៃណាមួយ ដូចជាករណីខាងលើនេះដែលបានកើតឡើង។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ពោលគឺក្នុងសម័យមេរោគកូវីដ19 ខណៈថៃបិទព្រំដែន ដោយសារអ្នកស្រុកភាគច្រើនគ្មានការងារធ្វើ ក៏បានងាកមកចាប់មុខរបរលក់ដូរកាន់តែច្រើនឡើងៗធ្វើឲ្យចិញ្ចើមផ្លូវមួយចំនួនក្នុងក្រុងប៉ោយប៉ែត ក្លាយទៅជាទីផ្សារដាក់ឆ័ត្រលក់ទំនិញយ៉ាងព្រោងព្រៀតតែម្តង។
ក្នុងគ្រានោះផងដែរ អ្នកស្រុកក៏បានទទូចសុំឲ្យសមត្ថកិច្ច មេត្តាជួយពិនិត្យមើលចំណីផ្លូវជាតិលេខ5 មុខផ្សារកណ្តាល ក្នុងភូមិ និងសង្កាត់ផ្សារកណ្តាលផង ខណៈពេលនេះបានក្លាយទៅជាកន្លែងចតយានយន្ត ដែលអ្នកស្រុកចតចូលទិញទំនិញទៅហើយ៕