ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជិះ​កង់​លួច​ស្លាក​លេខ​ទៅ​លក់ តែ​មិន​ទាន់​​បាន​លុយ​ផង ចប់​ត្រឹម​ប​ហ្វេ​ស​ប៊ុ​ក

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​គ្មាន​ការងារ​ធ្វើ ក៏​បាន​ជិះ​កង់​ដើរ​ធ្វើ​សកម្មភាព​លួច​ស្លាក​លេ​រថយន្ត ប៉ុន្តែ​នៅ​ពេល​លួច​បាន​យក​ទៅ​លក់​ឱ្យ​អ្នក​ចាំ​ទទួល​ទិញ ហើយ​គេ​មិន​ទាន់​ទាំង​ឲ្យ​លុយ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២០ នោះ​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​គ្មាន​ការងារ​ធ្វើ ក៏​បាន​ជិះ​កង់​ដើរ​ធ្វើ​សកម្មភាព​លួច​ស្លាក​លេ​រថយន្ត ប៉ុន្តែ​នៅ​ពេល​លួច​បាន​យក​ទៅ​លក់​ឱ្យ​អ្នក​ចាំ​ទទួល​ទិញ ហើយ​គេ​មិន​ទាន់​ទាំង​ឲ្យ​លុយ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២០ នោះ​តែ​ម្តង ។

ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ ចាន់ តុលា ហៅ​ឡា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ឯក ប៊ុ​ន សន្យា នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​អំពើ​ចោរលួច​ស្លាក​លេខ​រថយន្ត​មួយ​កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៤​អឺ​០ ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដែល​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​មធ្យោបាយ​ជិះ​កង់​បាន​ទៅ​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​មួយ​គ្រឿង ម៉ាក​TOYOTA FORTUNER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២.A Q៨៨៥៩ ដែល​ម្ចាស់​គេ​ចត​នៅ​មុខ​ផ្ទះ​។

លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បន្ត​ថា បន្ទាប់​ពី​មាន​អំពើ​ចោរកម្ម​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​ខាងលើ​នោះ ម្ចាស់​បានដឹង និង​បាន​ឆែក​មើល​កាម​រ៉ា​សុវត្ថិភាព ទើប​ឃើញ​ពី​សកម្មភាព និង​ភិនភាគ​ចោរ រួច​ក៏​បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កត​ៗ​គ្នា ។

ពេល​នោះ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ដល់​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ក្រោយ​វត្ត​ឧណ្ណាលោម តាម​បណ្តោយ​ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ និង​ដកហូត​កង់​១​គ្រឿង​ដែល​ជា​មធ្យោបាយ​របស់​ជនសង្ស័យ ដើម្បី​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ទើប​ម្ចាស់​រថយន្ត​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដែល​មាន​ឈ្មោះ ឡាយ សៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦​អា ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​រូប​នេះ បាន​សារភាព​ថា នៅ​វេលា​ម៉ោង​ប្រហែល​១​កន្លះ​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ខ្លួន​បាន​ជិះ​កង់​ម្នាក់ឯង​ចេញ​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ លុះ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ខ្លួន​ក៏​បានឃើញ​គេ​ចត​រថយន្ត​ទុក​ចោល ហើយ​យប់​ស្ងាត់​ផង ក៏​បាន​ប្រើ​ដែក​ទួល​ឡឺ​វី​ស​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​នោះ ទាំង​មុខក្រោយ​តែ​ម្តង​ទៅ រួច​ក៏​បាន​ជិះ​កង់​គេចខ្លួន​។ លុះ​ព្រឹក​ឡើង​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​រក​អ្នកទិញ​ស្លាក​លេខ​រថយន្ត និង​បាន​ណាត់ជួប​គ្នា​ដើម្បី​ទិញ​លក់​ក្នុង​តម្លៃ​៣០​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ខាងលើ​ផ្តល់​ចម្លើយ​បន្ត​ថា នៅ​ពេល​ដែល​លក់​ស្លាក​លេខ​រថយន្ត​ដែល​លួច​បាន​នោះ អ្នកទិញ​មិន​ទាន់​ឲ្យ​លុយ​ភ្លាម​ៗ​ទេ ដោយ​គេ​សន្យា​ថា នឹង​យក​ទៅ​លក់​សិន ពេល​បាន​លុយ​ចាំ​យក​មក​ឲ្យ ប៉ុន្តែ​ទីបំផុត​លក់​ស្លាក​លេខ​រថយន្ត​លួច​នោះ មិន​ទាន់​បាន​លុយ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​ហើយ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង រួច​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕