រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ផ្ទះជួល គ្មានលេខ ផ្លូវមេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយគ្រឿងញៀន១កញ្ចប់ ដែលមានទម្ងន់ជិត១គីឡូក្រាម ។
ករណីខាងលើនេះ លោកឧត្ដមសេនីយ៍ ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្រោមការស៊ើបអង្កេត នឹងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់កម្លាំងសមត្តកិច្ចជំនាញការិយាល័យទី៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ឹង ហាវ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នឹងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក នឹងជួញដូរគ្រឿងញៀនមួយករណី ជាលទ្ធផលឃាត់ខ្លួន ជនសង្ស័យឈ្មោះ វ៉ាង ធីស៊ីង(WANG KEXING ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិចិន ។
ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(WY)៧៤ ០០គ្រាប់ មានទម្ងន់ជិត១គីឡូក្រាម ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ