រាជធានីភ្នំពេញ ៖ មុននេះបន្តិចលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់នៅយប់ ថ្ងៃទី២៨ ខែវិច្ឆិកានេះថា ក្រោយពីរកឃើញភរិយារបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឆែម សាវុធ ឆ្លងជំងឺកូវីដ១៩ រួចមកក្រុមគ្រូពេទ្យ បានចេញធ្វើការទាំងយប់ ដោយទៅយកអ្នកជំងឺនៅផ្ទះ ក្នុងបុរីប៉េងហួត តាមផ្លូវ៦០ម៉ែត្រ មកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងធ្វើតេស្តរកមេរោគកូវីដ១៩ លើ ក្រុមគ្រួសាររបស់គាត់ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ។
ជាមួយគ្នានោះ លោកជំទាវ យក់ សម្បត្តិ ក៏បានបន្ថែមថា ក្រសួងសុខាភិបាលក៏បាន ណែនាំឲ្យមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជូនគ្រូពេទ្យចេញធ្វើការទាំងយប់ដែរ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធជាមួយស្ត្រីអ្នកជំងឺកូវីដនេះដោយសារគាត់មានផ្ទះនៅសៀមរាប ។ គាត់បានទៅនៅសៀមរាបដូចជា ៤ ទៅ ៥ថ្ងៃដែរ ។
លោកជំទាវ យក់ សម្បត្តិ បន្ថែមថា «ស្ត្រីអ្នកជំងឺកូវីដ១៩ ដែលជាភរិយា ឯកឧត្តម ឆែម សាវុធ មានរោគសញ្ញាតាំងពី ១០ថ្ងៃមុន ។ កាលពីថ្ងៃសៅរ៍មុន គាត់ទៅញ៉ាំអីនៅផ្សារអ៊ីអន១ ហើយគាត់ឡើងចុះភ្នំពេញ-សៀមរាប ។ គាត់ឥឡូវនេះនៅភ្នំពេញ ។ ព្រឹកមិញ គាត់ឡើងជណ្តើរ៣កាំ ក៏ហត់ដែរ ហើយគាត់ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត គឺឥឡូវនេះ ឃើញថា វិជ្ជមាន ហើយមន្ទីរពេទ្យប៉ាស្ទ័រ បញ្ជាក់ថា វិជ្ជមាន ។
អ្វីដែលយើងព្រួយបារម្ភ មិនដឹងថា គាត់ទាក់ទងទៅខាងណាខ្លះ? ហើយឯកឧត្តម ឆែម សាវុធ លឺថា បានមកប្រជុំនៅក្រសួងមហាផ្ទៃ ។ អីចឹង ខ្ញុំសូមជូនព័ត៌មានទៅក្រុមយើង បើសិននរណាមានការពាក់ព័ន្ធសុំឲ្យជួយជូនដំណឹងមកថែមទៀត ដើម្បីយើងបញ្ជូនក្រុមពេទ្យ ឲ្យចេញធ្វើការទាំងយប់ ។ ខ្ញុំក៏បានបញ្ជូនសារនេះ បញ្ជូនសារនេះទៅមន្ទីរសុខាភិបាល នៅខេត្តសៀមរាប ដើម្បី ឲ្យចេញធ្វើការទាំងយប់ដែរ សម្រាប់ ចេញធ្វើការទាំងយប់ដែរ ពីព្រោះគាត់បានចេញទៅនៅខេត្តសៀមរាប ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ទៅ ៥ថ្ងៃដែរ ។ នៅថ្ងៃនេះ យើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២ករណីដែរ »។
លោកជំទាវ យក់ សម្បត្តិ ក៏បានបន្ថែមថា ក្រសួងសុខាភិបាល កំពុងស្នើសុំ គោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយសារតែក្នុងកិច្ចប្រជុំធំមួយ ឃើញមានឯកឧត្តម ឆែម សាវុធ នៅក្នុងហ្នឹង ហើយឃើញមានថ្នាក់ដឹកនាំច្រើនណាស់ ។ ដូច្នេះហើយថ្នាក់ដឹកនាំ ដែលបានចូលរួមប្រជុំយើងនឹងសុំអនុញ្ញាតធ្វើតេស្ត ហើយនឹងសុំ ឲ្យគាត់ធ្វើចត្តាឡីស័ក ហើយបន្ទាប់មក នឹងសួរ ថ្នាក់ដឹកនាំ គាត់នឹងបន្តជួបនៅកន្លែងណាស់ខ្លះ។ អ្វីដែលយើងព្រួយបារម្ភ គឺអាចនឹងពាក់ព័ន្ធទ្រង់ទ្រាយធំ ដែលយើងនឹងបន្តស្រាវជ្រាវ ។
ជាគោលការណ៍ចំពោះមុខនេះ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបិទផ្សារទំនើបអ៊ីអន១ នៅភ្នំពេញ ដោយសារតែស្ត្រីខ្មែរ ដែលទើបរកឃើញជំងឺកូវីដ១៩នេះ បានដើរផ្សារនោះ មុនពេលពិនិត្យរកឃើញកើតជំងឺកូវីដ១៩ ៕
ចែករំលែកព័តមាននេះ