រាជធានីភ្នំពេញ៖ នាឡិកាក្លែងក្លាយសុទ្ធតែម៉ាកល្បីៗ ចំនួន ៤.៦៣១គ្រឿង ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឆ្មក់ចុះបង្ក្រាបក្នុងផ្សារអូរឫស្សី និងក្នុងខណ្ឌបឹងកេងកង តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន ZINVO LLC.។
បើយោងតាម នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ZINVO LLC ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាបករណីនាំចូលស្តុកចែកចាយ និងដាក់តាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឫស្សី និងផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្តកិច្ចជំនាញ បានរកឃើញរួមមាន ៖ នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និង CASIO សរុបចំនួន ៤.៦៣១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត ។
ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចបានដកហូតនាឡិកាក្លែងក្លាយ ទុកជាវត្ថុតាងទាំងអស់ នាំយកមករក្សាទុកជាបណ្តោះអាសន្ន និងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ០២នាក់ (ស្ត្រីម្នាក់) ជនជាតិចិន នាំមកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ