រាជធានីភ្នំពេញ ៖ ទីតាំងល្បែងហ្គេមអនឡាញមួយកន្លែង បានដំណើរការយូរមកហើយ ដែលបានពង្វក់សិស្សរហូតដល់ញៀនងប់ងុលគេចសាលា ភ្លេចការរៀនសូត្ររាល់ថ្ងៃត្រូវបានមាតាបិតា អាណាព្យាបាលសិស្សប្ដឹងទៅកាន់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឲ្យចុះទៅបង្ក្រាប ។
បន្ទាប់អាជ្ញាធរខណ្ឌនេះ បានសហការណ៍ជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក អ៊ិត ជំនិត ដែលជាអភិបាលរងខណ្ឌ បានចុះទៅបង្ក្រាបដោយឃាត់ខ្លួនយុវជនយុវតីដែលកំពុងលែងល្បែងនេះ បានចំនួន១៦នាក់ និងអ្នកមើលការខុសត្រូវទីតាំងចំនួន៤នាក់ ព្រមទាំងដកហូតយកសម្ភារៈពាក់ព័ន្ធទៅ និងល្បែងហ្គេមខុសច្បាប់នេះផងដែរ ទៅកានសាលាខណ្ឌផងដែរ ។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងផ្ទះល្វែងលេខ2Aផ្លូវ ដែលមានទីតាំងស្ថិតនៅតាមបេតុង ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អាជ្ញាធរបាននិយាយថា ទីតាំងល្បែងភ្នាល់តាមអនឡាញ និងអ៊ីនធើណេតខុសច្បាប់មួយកន្លែងនេះ ស្ថិតនៅក្បែរសាលារៀន ដែលអ្នកងប់ងុល និងចូលទៅលេងល្បែងនេះ ភាគច្រើន គឺជាសិស្សសាលា ធ្វើឲ្យពួកគេភ្លេចការរៀនសូត្រ ហើយសិស្សខ្លះចេញឲ្យបាត់ៗតែពីផ្ទះអត់ចូលសាលាឡើយ ។ ដោយសារតែបែបនេះហើយ ទើបមាតាបិតាអាណាព្យាបាលសិស្សបានប្ដឹងសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ព្រោះពួកគាត់មានការព្រួយបារម្ភផលប៉ះពាល់ការសិក្សារបស់កូនចៅ និងសំណូមពរឲ្យបិទទីតាំងហ្គេមនេះរួម និងទីតាំងផ្សេងទៀតចោល ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលបានបណ្ដឹង និងការបង្ហាញទីតាំងឲ្យដឹងពីប្រជាពលរដ្ឋដែលជាមាតាបិតាអាណាព្យាបាលសិស្សខាងលើទើបអាជ្ញាធរចុះបង្ក្រាប ហើយពេលទៅដល់បានឃើញទីនោះកំពុងដំណើរការយ៉ាងរលូន ហើយក៏មានយុវជនយុវតី១៦នាក់ ដែលសុទ្ធតែស្ថិតក្នុងវ័យសិក្សា កំពុងតែលេងល្បែងនៅក្នុងទីតាំងនោះភ្លេចបាយភ្លេចទឹក។
ភ្លាមៗនោះកម្លាំងបានធ្វើការឃាត់ខ្លួនយុវជនយុវតីទាំងនោះ រួមទាំងអ្នកមើលការខុសត្រូវទីតាំង៤នាក់ទៀតនាំទៅយកទៅសាកសួរ និងអប់រំធ្វើកិច្ចសន្យាព្រមទាំងឲ្យមាតបិតា អាណាព្យាបាលទៅធានាយកត្រឡប់ទៅវិញ ។ ចំណែកឯសម្ភារៈពាក់ព័ន្ធទៅ និងដំណើរល្បែងហ្គេមនោះត្រូវដកហូតយក ហើយអាជ្ញាធរក៏បានបិទទីតាំងនោះឈប់ឲ្យដំណើរការផងដែរ ប៉ុន្តែពុំបានឃាត់ខ្លួនម្ចាស់ទីតាំង ឬអ្នកមើលការខុសត្រូវទីនោះឡើយ៕
ចែករំលែកព័តមាននេះ