រាជធានីភ្នំពេញ ៖ ក្រោយពីទឹកជំនន់ត្រូវបានបញ្ចប់ ប្រជាកសិករកម្ពុជាផលិតស្រូវកំពុងរង ទុក្ខដោយសារតែតម្លៃស្រូវរបស់ពួកគាត់ធ្លាក់ចុះ និងមិនមានអ្នកទិញទៅទៀត ធ្វើឱ្យពួកគាត់ កំពុងពិបាកក្នុងការរកទីផ្សារសម្រាប់លក់ស្រូវ ។
បើតាមអ្នកជំនួញស្រូវអង្ករលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កត្តាបីដែលនាំឱ្យតម្លៃស្រូវរបស់កសិករធ្លាក់ថ្លៃ ហើយខាងសហព័ន្ធ ក៏ពិបាកក្នុងការជួយសង្គ្រោះដែរ ។
កត្តាទាំងបីនោះរួមមាន ៖ ទី ១ មិនមានម៉ាស៊ីនសម្រាប់ ច្រូតស្រូវ ព្រោះតែស្រូវរបស់ពលរដ្ឋទុំដំណាលគ្នាក្រោយទឹកជំនន់ ។ កត្តាទី ២ នៅពេលស្រូវ ទុំច្រើន និងដំណាលគ្នា ធ្វើឱ្យឃ្លាំងស្តុកមិនមានកន្លែងសម្រាប់សម្ងួត និងស្តុកទុកស្រូវទៀត ព្រោះថា ឡសម្ងួតបច្ចុប្បន្ននេះ អាចសម្ងួតបានតែប៉ុន្មានម៉ឺនតោនប៉ុណ្ណោះ តែនៅពេលដែល ស្រូវទុំដំណាលគ្នារាប់លានតោនបែបនេះ ធ្វើឱ្យអត់មានឡសម្រាប់សម្ងួត ។
កត្តាមួយទៀតនោះ គឺស្រូវពលរដ្ឋបាត់គុណភាព ព្រោះតែលិចទឹកកាលពីជាងមួយខែ មុននោះ និងមិនត្រូវស្តង់ដារសម្រាប់រោងម៉ាស៊ីនកិននាំចេញទៅក្រៅប្រទេស ហើយឈ្មួញ កណ្ដាលដែលទិញសម្រាប់នាំចេញស្រូវទៅកាន់វៀតណាមក៏បានទម្លាក់ថ្លៃ ធ្វើឱ្យតម្លៃស្រូវ របស់កសិករធ្លាក់ដូចពេលនេះ ។ លោកបន្តថា បើសិនជាស្រូវអន់គុណភាពហើយរោងម៉ាស៊ីន ទិញយកទុក តើកិនជាអង្ករហើយនាំចេញទៅណាបាន ហើយបើនាំចេញហើយ ត្រូវបានគេ បដិសេធមិនទទួលយកវារឹតតែពិបាកសម្រាប់នាំមកវិញ និងនាំឱ្យខូចឈ្មោះអង្ករកម្ពុជា ទៅ ទៀត ។
លោក លន់ យ៉េង បានមានប្រសាសន៍បន្ថែមថា ស្ថានភាពទីផ្សារអង្ករកម្ពុជានាពេលនេះ ក៏កំពុងជួបបញ្ហាបន្តិចដែរ ដោយសារតែប្រទេសថៃ និងប្រទេសជិតខាងកម្ពុជាបញ្ចេញអង្ករច្រើនពេក ធ្វើឱ្យតម្លៃលើទីផ្សារអន្តរជាតិ ធ្លាក់ចុះបន្តិច ដែរ ។ ម្យ៉ាងទៀតដោយសារតែសេដ្ឋកិច្ចនៃប្រទេសទីផ្សារនាំអង្ករកម្ពុជា បានជួបប្រទះនឹង វិបត្តិហិរញ្ញវត្ថុ ពួកគេក៏បង្វែរការនាំចូលអង្ករពីអង្ករក្រអូបទៅជាអង្ករធម្មតាដែលមានតម្លៃទាប ជាងអង្ករក្រអូបកម្ពុជា ព្រោះថា បច្ចុប្បន្ននេះកម្ពុជានាំចេញតែអង្ករក្រអូបនោះទេ ។
លោកបញ្ជាក់ថា បើទោះបីជាការនាំចេញអង្ករប៉ុន្មានខែចុងក្រោយនេះ បានធ្លាក់ចុះ បន្តិចធៀបនឹងឆ្នាំ ២០១៩ តែសម្រាប់រយៈពេល ១០ខែឆ្នាំ ២០២០ នេះ ការនាំចេញអង្ករកម្ពុជា នៅតែទទួលបានកំណើនជាងឆ្នាំ ២០១៩ ។
គួរបញ្ជាក់ថា តាមរយៈបណ្ដាញសង្គម និងព័ត៌មាននានាបានបង្ហាញពីការធ្លាក់ចុះតម្លៃ ស្រូវរបស់កសិករ និងមានការវាយប្រហារទៅលើរដ្ឋាភិបាលជុំវិញការរកទីផ្សារសម្រាប់ផលិត ផលស្រូវដែលកសិករផលិតបាន ។ មតិភាគច្រើនបានដាក់បន្ទុកទៅលើមន្ត្រីរាជរដ្ឋាភិបាល ដែលមិនអាចគ្រប់គ្រង និងរកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កសិករ ទោះបីជាមន្ត្រីនា នាបានបកស្រាយរួចទៅហើយក្ដី ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់យ៉ាងខ្លីថា ស្រូវដែលធ្លាក់ថ្លៃ គឺដោយសារតែស្រូវនោះមិនមានគុណភាព ៕
ចែករំលែកព័តមាននេះ