ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារភាព​ដ៏​អស្ចារ្យ​របស់​ប៉ា​ស្កាល់ «គណិត​​វិទូ​ដ៏​មហិមា​»

3 ឆ្នាំ មុន
  • ភ្នំពេញ

កាល​នៅ​ពី​តូច​កុមារ​ក៏​ចូល​ចិត្ត​សួរ​មនុស្ស​ធំ ៖«​អានេះ​ស្អី​គេ ?​» «​ម៉េច​បានជា​ដូចនេះ? «​ម៉េច​បានជា​ដូច​នោះ?​»… ។ ប៉ុន្តែ​ពេល​ក្លាយជា​មនុស្ស​ធំ ទម្លាប់​ចង់​ចេះ ចង់​ដឹង​នេះ​រលាយ​ទៅ​វិញ​អស់ ។…

កាល​នៅ​ពី​តូច​កុមារ​ក៏​ចូល​ចិត្ត​សួរ​មនុស្ស​ធំ ៖«​អានេះ​ស្អី​គេ ?​» «​ម៉េច​បានជា​ដូចនេះ? «​ម៉េច​បានជា​ដូច​នោះ?​»… ។ ប៉ុន្តែ​ពេល​ក្លាយជា​មនុស្ស​ធំ ទម្លាប់​ចង់​ចេះ ចង់​ដឹង​នេះ​រលាយ​ទៅ​វិញ​អស់ ។ គឺជា​សុភមង្គល​ថ្លៃថ្លា​ណាស់​ចំពោះ​ជីវិត ដែល​មាន​តែ​ប៉ា​ស្កាល់​ទេ​នៅ​រក្សា​ទម្លាប់​នេះ​បាន​រហូត​ពេញវ័យ ។

កុមារ​ប៉ា​ស្កាល់​កំព្រាម្តាយ​តាំងពី​អាយុ​បួន​ឆ្នាំ គេ​រស់នៅ​ក្នុង​ភាព​ម្ចាស់​ការ ស្វ័​យ​បម្រើ ហើយ​មានគំនិត​ចេះ​រៀប​ទុកដាក់ សិក្សា​រៀនសូត្រ​ជ្រើសរើស​សម្ភារ​ល្បែង និង​មាន​ច​ម្ង​ល់​ចង់​ចេះ​ដឹង​ពុំ​ចេះ​អស់ ពុំ​ចេះ​ហើយ ។

ឪពុក​ប៉ា​ស្កាល់​ជា​ប្រធាន​ការិយាល័យ​ពន្ធដារ​។ ពេល​ថ្ងៃ​លោក​រវល់​ការងារ​រាប់​ម៉ឺន​ជំពូក ។ ប៉ុន្តែ​នៅ​ពេល​យប់​បន្ទាប់​ពី​បរិភោគ​រួច ប៉ា​ស្កាល់​សួរ​ឪពុក​គ្រប់​រឿង​ដែល​គេ​ជួប​ប្រទះ និង​ស្រពេច​ស្រពិល ។ កុមារ​បង្ខំ​ឲ្យ​ឪពុក​ពណ៌នា​តាំងពី​រំសេវ ខ្យល់ព្យុះ ទឹកជំនន់ កែវឆ្លុះ មេដែក …​។

មាន​ម្តងនោះ​ប៉ា​ស្កាល់រ​ពិស​ដៃ​យក​កូនកាំបិត​គោះ​ចាន​ពរ្សឺឡែន​លាន់​សូរ​«​ប៉ឺង​ៗ» យ៉ាង​រណ្តំ​។ កុមារ​យកដៃ​ម្ខាង​ខ្ទប់​ចាន ដៃ​ម្ខាង​កាន់​កាំបិត​គោះ ស្នូរ​«​ប៉ឺង​ៗ» នោះ​រលាយ​បាត់​ទៅ ។ ចំពោះ​បាតុភូត​នេះ​ពុំ​មាន​នរណា​យកចិត្តទុកដាក់​សោះ ។ ប៉ុន្តែ​ប៉ា​ស្កាល់​សែន​ឆ្ងល់ ៖ «​ហេតុ​អ្វី​បានជា​ស្នូរ​សំឡេង​នេះ​រលត់​ទៅ ? តើ​វា​បាត់​ទៅ​ណា​ន៎ ?​» ។

ដូចនេះ​ពិសោធន៍​មួយ​ក៏​ចាប់ផ្តើម​ឡើង ។ ទីបំផុត​ប៉​ស្កាល់​ក៏​បាន​សម្រេច​តាម​បំណង​របស់​ខ្លួន តាម​រយៈ​«​សារ​ណា​»​មួយ​ទាញ​សន្និដ្ឋាន​ដំបូង​ពី​បន្សាយ​សំឡេង ។ ពេល​នោះ​ប៉ា​ស្កាល់​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ប៉ុណ្ណោះ ។

ក្រោយមក​ប៉ា​ស្កាល់​ឃើញ​ឪពុក និង​មិត្តភក្តិ​រួមការ​ងារ​ជជែក​គ្នា​ពី​បញ្ហា​គណិត​វិទ្យា ។ កុមារ​ច្រាសច្រាល់​ចង់​ដឹង​ណាស់​ថា​ហេតុ​អី​គណិត​វិទ្យា​ធ្វើ​ឲ្យ​មនុស្ស​ដែល​ធ្លាប់តែ​អធិកអធម​បែរជា​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​រហូត​ក្រហម​មុខ ក្រហម​ស្លឹកត្រចៀក រៀង​ៗ​ខ្លួន ។

ថ្ងៃមួយ​ប៉ា​ស្កាល់​សួរ​ឪពុក​៖
«​ពុក​អ្ហា ! ធរណីមាត្រ​ដែល អ៊ំ​ៗ​តែងតែ​ឈ្លោះ​គ្នា​ក្នុងផ្ទះ​យើង​នោះ​ជា​ស្អី​ទៅ » ?
ថ្វី​ដ្បិត​ឪពុក​ប៉ា​ស្កាល់​ជា​អ្នក​ចូល​ចិត្ត​គណិត​វិទ្យា ប៉ុន្តែ​លោក​ពុំដែល​នឹក​ប្រាថ្នា​ចង់​បង្រៀន​ចំណេះដឹង​គណិត​វិទ្យា​ដល់​កូន​ម្តងណា​ឡើយ ។ លោក​គិត​ថា​កូនលោក​នៅ​ក្មេង​ណាស់ ។ ម្យ៉ាងទៀត​លោក​មាន​បំណង​ចង់​ឲ្យ​កូនប្រុស​តែ​មួយ​របស់​លោក​ក្លាយជា​ភាសា​វិទូ​វិញ ។ ម្ល៉ោះហើយ​លោក​ឆ្លើយ​ឲ្យ​តែ​ចប់​រឿង ៖

«​ធរណីមាត្រ​ហ្នឹង​ឬ ? ជា​របៀប​គូររូប​ឲ្យ​បាន​ត្រឹមត្រូវ និង​រក​ការ​ទាក់ទង​ទៅ​វិញ​ទៅ​មក រវាង​រូប​ទាំងនោះ »​។

មួយ​ខែ​ក្រោយមក​ពេល​ឈាន​ជើង​ចូល​បន្ទប់ លោកឪពុក​ឃើញ​កូនប្រុស​កំពុង​ពោបលើ​ក្តារក្រាល​ជាមួយ​រូបគំនូរ​ច្រើន​រាប់​មិន​អស់​ដូច​ជា រង្វង់ ត្រីកោណ ប្រ​ឡេ​ឡូ​ក្រាម ពីរ៉ាមីត បន្ទាត់ស្រប​… ។ ប៉ា​ស្កាល់​ប្រញាប់ប្រញាល់​ពន្យល់​ឪពុក ៖

«​កូន​កំពុង​រក​ការ​ទាក់ទង​ទៅ​មក​ដែល​ពុក​មាន​ប្រសាសន៍​ប្រាប់​កូន​ក្នុង​«​កង់​ឡាន​» និង​«​បួន​ជ្រុង​ទ្រវែង​» នោះ​ណា​ពុក ! » ។

«​កង់​ឡាន​» និង​«​បួន​ជ្រុង​ទ្រវែង​» ជា​ឈ្មោះ​ដែល​ប៉ា​ស្កាល់​ដាក់​ឲ្យ ៖ «​រង្វង់​» និង​«​ចតុកោណ​កែង​» ។ ដោយ​ការ​ព្យាយាម​ឲ្យ​សម្រេច​តាម​បំណង​របស់​ខ្លួន ប៉ា​ស្កា​ល់អាច​សម្រេច​បំណងប្រាថ្នា​នេះ​​ដោយ​ជោគជ័យ​ដែល​អាច​បញ្ជាក់​លក្ខណៈ​មួយ​ចំនួន​ទៀត​របស់​រូប លើ​មូលដ្ឋាន​នៃ​ការ​ស្រាវ​ជ្រាវ​ស្តី​ពី «​ច្បាប់​» និង​«​បុព្វបទ​»​ដទៃ​ទៀត ។ ពិសេស​ប៉ា​ស្កា​ល់អាច​បកស្រាយ​បាន​ពី​ច្បាប់​ស្តី​ពី​ផលបូក​មុំ​ក្នុង​ត្រីកោណ​ដោយ​វិធី​ដោយឡែក​របស់​ខ្លួន​ផ្ទាល់ ។

ឃើញ​ដូចនេះ​ឳ​ពុក​ប៉ា​ស្កាល់​រំភើប​ញាប់​ញ័រ សប្បាយ​រីករាយ​រហូត​ស្រក់​ទឹកភ្នែក ។ លោក​បាន​សារសព្ទ​ប្រាប់​មិត្តភក្តិ​៖ «​កូន​ខ្ញុំ​នឹង​ក្លាយជា​គណិត​វិទូ ខ្ញុំ​ទើបនឹង​រក​ឃើញ​ប្រការ​នេះ​ក្នុងថ្ងៃនេះ !»​។

ឆ្នាំ​១៦៣៩​ប៉ា​ស្កាល់​បាន​សរសេរ​និក្ខេបបទ​វិទ្យាសាស្ត្រ​មួយទៀត​ដែល​ល្បីល្បាញ​ឈ្មោះ «​សម្មតិកម្ម​កោណ »​។ នេះ​ជា​សម្មតិកម្ម​មួយ​យ៉ាង​សំខាន់​ក្នុង​ចំណោម​សម្មតិកម្ម​មូលដ្ឋាន​នៃ​ធរណីមាត្រ​ចំណោល ។

អ្នកប្រាជ្ញ​ដេ​កាត វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​នេះ ហើយ​បាន​ដាក់​ឈ្មោះ​ថា «​សម្មតិកម្ម​ធំ​ប៉ា​ស្កាល់» ។ គាត់​បន្ថែម​ថា «​ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​បែប​នេះ ទាល់តែ​អ្នកប្រាជ្ញ ធំ​ៗ ទើប​អាច​សម្រេច​បាន »​។ ប៉ុន្តែ​ស្នាដៃ​បែប​នេះ​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ពេល​ប៉ា​ស្កាល់​មាន​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ ។

ពេល​ឃើញ​ឪ​ពុ​​ក​ឈ្ងោក​ក្បាល កោង​ខ្នង​ទាំងថ្ងៃទាំងយប់ ជាមួយ​ប្រមាណ​វិធី​តួលេខ​រាប់រយ រាប់​ពាន់ ប៉ា​ស្កាល់​តឹងចិត្ត​ណាស់ ។ គេ​ព្យាយាម​ពិចារណា ៖ «​ត្រូវ​រិះរក​វិធី​ណាមួយ​ដើម្បី​ធ្វើ​ឲ្យ​ឪពុក​ធូរស្រាល​អាច​រំដោះខ្លួន​រួច​ពី​តួលេខ​ដ៏​ស្មុគស្មាញ រក​កោះ​រក​ត្រើយ​ពុំ​ឃើញ​នេះ​» ។ ដូចនេះ​នៅ​ឆ្នាំ​១៦៤០​កូនប្រុស​អាយុ​១៧​ឆ្នាំ​ក៏​បាន​សម្រេច​បំណង​របស់​ខ្លួន ហើយ​បាន​ធ្វើ​អំណោយ​ម៉ាស៊ីន​បូកលេខ ដក​លេខ​មួយ​ដល់​ឪពុក​ដែល​ជា​ម៉ាស៊ីន​ដ៏​សាមញ្ញ តែ​ផ្ទុក​ដោយ​សន្តាន​ចិត្ត​ដឹងគុណ​កតញ្ញូ​ចំពោះ​ឪពុក​ជា​និច្ច ។

ដោយសារ​បំណងប្រាថ្នា​ដ៏​ស្រួចស្រាល់ និង​ការ​ព្យាយាម អំណត់​តស៊ូ​ក្នុង​ជីវិត​គ្រប់​បែប​យ៉ាង ប៉ា​ស្កាល់​ក៏​សម្រេច​បាន​ជោគជ័យ​យ៉ាង​ឧត្តុង្គឧត្តម​ក្នុង​ឆាកជីវិត ផ្សារ​ភ្ជាប់​នឹង​ស្នាដៃ​ទាំងនេះ ។ ប៉ា​ស្កាល់​ត្រូវ​បាន​មនុស្ស​ជំនាន់​ក្រោយ​ប្រតិស្ឋ​នាម​ជូន​ថា «​គណិត​វិទូ​ដ៏​មហិមា »(​ស្រង់​ពី​សៀវភៅ​ថ្នាក់មធ្យមសិក្សា​នៃ​ក្រសួង​អប់រំ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ