ខេត្តសៀមរាប ៖ ប្រាសាទអង្គរវត្តមានសម្រស់ស្រស់សោភា កំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថា ទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម ។ ប្រាសាទអង្គរវត្តក៏ជាទីតាំងទាក់ទាញសម្រាប់ថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា ថតរូប Pre Wedding ដល់កូនកម្លោះក្រមុំមកពីគ្រប់បណ្ដាខេត្តក្រុងផ្សេងៗ និងបរទេសផងដែរ ត្រៀមសម្រាប់មុនថ្ងៃចូលរោងមង្គលការ ដែលមានតែម្តងនៅក្នុងមួយឆាកជីវិត ។

ក្នុងនោះដែរ លោកឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្ត បានប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រោយថ្ងៃចេញវស្សា នៅប្រាសាទអង្គរក្នុងមួយថ្ងៃមាន កូនកម្លោះកូនក្រមុំ ដែលចូលចិត្តមកថតផ្តិតយករូបភាពយ៉ាងហោចណាស់ ពី៥០ ទៅ៦០ គូមុនរៀបអាពាហ៍ពិពាហ៍ទុកជាអនុស្សាវរីយ៍ ។ ការថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយប្រាសាទអង្គរវត្ត ចាប់តាំងតែពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ។ អ្នកថតរូបទៀតសោត បានជ្រើសរើសទីតាំងពិសេសៗ និងកាលវេលាតាមការច្នៃប្រឌិតបានធ្វើឱ្យរូបភាពមានកាន់តែមានសោភ័ណភាព និងស្រស់ស្អាតប្រៀបបានឋានសួគ៌លើដី ។

លោក ឡេក គឹមលីន បញ្ជាក់ថា ប្រាសាទអង្គរវត្ត មានទីតាំងជាច្រើនដែលកូនកម្លោះក្រមុំនិយមថតរូប មានចាប់ពីច្រាំងកសិន្ធុច្រកចូលពីទិសខាងលិច រោងទងទី១ បណ្ណាល័យខាងត្បូងខាងជើង ស្រះទឹកក្តាបែន តាមជ្រុងនីមួយៗនៃរួតទី១ និងច្រកទ្វារចុះទៅខ្លោងទ្វារខាងជើង ឬហៅថា គុហ៍តាឡឹក រួមនិងទីតាំងជាច្រើនទៀត តាមការច្នៃប្រឌិតរបស់អ្នកថតរូបនីមួយៗ ។

ក្រៅពីប្រាសាទអង្គរវត្ត នៅក្រុងអង្គរធំ និងប្រាសាទផ្សេងៗទៀត ក៏ជាទីពេញនិយមនៃថតរូបអាពាហ៍ពិពាហ៍ដែរ មានដូចជានៅខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារតាកាវ ខ្លោងទ្វារដីឆ្នាំង ព្រះលានជល់ដំរី ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទ បន្ទាយក្តី និងប្រាសាទប្រែរូបជាដើម។
ចំពោះក្រុមការងារភ្នាក់ងារទេសចរណ៍យល់ឃើញថា ការដែលប្រាសាទអង្គរវត្ត និងប្រាសាទនានាបានក្លាយជាទីពេញនិយមសម្រាប់ថតរូបអាពាហ៍ពិពាហ៍ ដោយសារតែអង្គរ គឺជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញរបស់ពិភពលោក និងជាដួងព្រលឹងនៃអត្តសញ្ញាណជាតិរបស់ខ្មែរ ។

ការមកថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយអង្គរនេះ ពលរដ្ឋខ្មែរយល់ថា ក្នុងមួយជីវិតរៀបការតែម្ដង គឺចង់ភ្ជាប់អនុស្សាវរីយ៍ជាមួយនិងកន្លែងដ៏ល្បីល្បាញ ។ ម្យ៉ាងទៀត ការស្លៀកពាក់បែបប្រពៃណីខ្មែរស័ក្តិសមទៅនឹងសំណង់ប្រាសាទបុរាណដ៏អស្ចា្យរដែលបុព្វបុរសខ្មែរបានបន្សល់ទុក ហើយរួមជាមួយនិងទេស ភាពប្រាសាទជាមួយព្រៃឈើ និងស្មៅពណ៌ បៃតងផងនោះ កាន់តែធ្វើឱ្យរូបភាពអនុស្សាវរីយ៍មានតម្លៃ និងស្រស់ស្អាត។

ខណៈពេលដែលពលរដ្ឋពេញនិយមមកថតរូបអាពាហ៍ពិពាហ៍នៅអង្គរកាន់តែច្រើនឡើងៗនេះ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវដល់អ្នកថត ត្រូវចេះយោគយល់គ្នានៅពេលដែលមានអ្នកថតច្រើនចំពោះទីតាំងដែលមានការមមារញឹកថត និងទីតាំងចង្អៀត ហើយត្រូវទុកដាក់សម្ភារ ឬដបកែវភេសជ្ជៈឱ្យបានត្រឹមត្រូវ ចៀសវាងជ្រុះ ឬភ្លេចនាំឱ្យបាត់បង់អនាម័យ និងសណ្តាប់ធ្នាប់ល្អ ។

សូមរួមគ្នាលើកតម្លៃនៃរមណីយដ្ឋានអង្គរ ព្រមទាំងបរិស្ថានស្អាត ដើម្បីលើកស្ទួយវប្បធម៌ និងទេសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើន ។ សូមបញ្ជាក់ថា ទីតាំងប្រាសាទអង្គរវត្ត ស្ថិត នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយ ៧.៣០គីឡូម៉ែត្រពីក្រុងសៀមរាប ៕
ចែករំលែកព័តមាននេះ