ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ខ្លា​ស៊ីគោ​ខ្លាចរអា ឆ្មា​ស៊ីត្រីអាំង​វ៉ៃ​ជាន់ក​បកស្បែក

10 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង បាន​ចាប់​គោ​យន្ត​កន្ត្រៃ​ចំនួន​៦​គ្រឿង ដែល​ដឹកឈើ​សសរផ្ទះ​ទំហំ​១៥​គុណ​នឹង​១៥ ក្នុង​មួយ​គ្រឿង​ដឹក​បាន​១៥​សសរ មាន​ជើង​រៀង​១២ និង​សសរកន្លោង​៣​ដើម ដើរ​លក់​តាម​ភូមិ ដែល​ត្រូវការ​ទិញ​សាងសង់​ផ្ទះ

ខេត្តព្រៃវែង ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង បាន​ចាប់​គោ​យន្ត​កន្ត្រៃ​ចំនួន​៦​គ្រឿង ដែល​ដឹកឈើ​សសរផ្ទះ​ទំហំ​១៥​គុណ​នឹង​១៥ ក្នុង​មួយ​គ្រឿង​ដឹក​បាន​១៥​សសរ មាន​ជើង​រៀង​១២ និង​សសរកន្លោង​៣​ដើម ដើរ​លក់​តាម​ភូមិ ដែល​ត្រូវការ​ទិញ​សាងសង់​ផ្ទះ ។ គោ​យន្ត​កន្ត្រៃ​ដឹកឈើ​សសរ​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាប់​នៅ​ចំណុច​ស្រុក​ស្វាយ​អ​ន្ទ​រ ហើយ​នាំ​យក​មក​រក្សា​ទុក ។

ការ​ចាប់​មុខរបរ​តូចតាច​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ពលរដ្ឋ​ចំអកឡកឡឺយ​ថា គេ​ចាប់​អ្នក​ត្រង់ ដើម្បី​តម្រង់​អ្នក​វៀច ។ ឈ្មួញ​រកស៊ី​ធំ​ៗ​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​ដាក់​ពេញ​ៗ​រថយន្ត​យី​ឌុ​ប ដឹក​ទាំ​ា​ង​ថ្ងៃ​ទាំង​យប់ ដាក់​តាម​ដេប៉ូ​ឈើ មើល​អត់​ឃើញ ។

ពួក​គេ​ចំអក​ថា ប្រការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ដែល​ឃើញ​ចាប់​រថយន្ត​ធំ​ៗ​ដឹកឈើ ព្រោះ​មាន​លុយ​ចូល​ក្នុង​ហោប៉ៅ មាន​អ្នក​រត់ការ ធ្វើ​ម្តេច​មើលឃើញ​ទៅ ។ ដូច្នេះ​ហើយ ឈើ​ទាំង​នេ​ោះ គេ​តែង​ដឹក​ទៅ​ស្រុក​យួន​បាត់ មិន​ដូច​អ្នក​រកស៊ី​តិចតួច ដឹក​ចុះ​ដឹក​ឡើង​វិលវល់​ក្នុងភូមិ​ស្រុក ក៏​ត្រូវ​សមត្ថកិច្ច​មើលឃើញ​ចាប់​តែ​ម្តង ហើយ​ប្រកាន់​ជំហរ​ថា​ខ្លួន​ជា​អ្នក​អនុវត្ត​ច្បាប់ ដោយ​មិន​មានការ​លើកលែង ។

នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​ត្រូវជា​ម្តាយ​ឪពុក ជា​ប្តី ជា​បង ជា​ប្អូន របស់​ក្រុម​អ្នក​រកស៊ី​ដឹកឈើ​សសរផ្ទះ​៦​គោ​យន្ត​កន្ត្រៃ​ដែល​មាន​គ្នា​៦​នាក់ បាន​លើកគ្នា​ទាំង​គ្រួសារ​ដ៏​រហេមរហាម មក​ស្រែក​ឡាំប៉ា យំ​សស្រាក់​នៅ​មុខ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង ។ ពួក​គាត់​ទាំងនោះ​បាន​បញ្ជាក់​ថា ពួក​គាត់​ខ្លះ​មាន​ទីលំនៅ​ឃុំ​និព្វាន ខ្លះ​ទៀត​នៅ​ឃុំ​ពោធិ៍​ចំរើន ក្នុងស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក ប៉ុន សុ​ភក្តិ ដែល​ជា​អ្នក​បើក​គោ​យន្ត​ដឹកឈើ​សសរ​ដើរ​លក់ តាំងពី​ខេត្តកំពង់ស្ពឺ មក​ដល់​ខេត្តព្រៃវែង​គេ​អត់​ចាប់​ទេ និង​ជា​តំណាង​ឱ្យ​៥​នាក់​ទៀត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ក្រុម​គាត់​ទាំង​៦​នាក់ ដែល​រកស៊ី​ដឹកឈើ​សសរ​ដើរ​លក់​នេះ ពុំ​មានច្បាប់​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទេ តែ​មានច្បាប់​ចេញពី​ភូមិ​-​ឃុំ​-​ស្រុក អនុញ្ញាត​ឱ្យ​ចេញ​ដើរ​រកស៊ី ដោយសារ​នៅ​ភូមិ​-​ឃុំ ពុំ​មានទឹក​ធ្វើស្រែ ។ ឥឡូវ​ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង ចាប់​ឃាត់​នៅ​ចំណុច​ស្រុក​ស្វាយ​អ​ន្ទ​រ ទាំង​៦​គោ​យន្ត មក​ដាក់​នៅ​ដេប៉ូ​ឈើ ក្នុង​ក្រុង​ព្រៃវែង ដោយ​មិន​ឱ្យ​ពួក​គាត់​មក​ជាមួយ​ទេ ។ ពួក​គាត់​និយាយ​ថា ខំ​រត់​តាម​គោ​យន្ត​ដែល​ដឹកឈើ​សសរ​ដែល​គេ​ចាប់ តាំងពី​ស្វាយ​អ​ន្ទ​រ មក​ដល់​ក្រុង​ព្រៃវែង ចម្ងាយ​១៥​គីឡូម៉ែត្រ ។ ពួក​គាត់​ពិតជា​មិន​ចង់​ចោទ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ចាប់​នេះ​ថា ជា​ចោរ​ទេ តែបើ​ចាប់​យក​របស់​គាត់​ហើយ ម៉េច​មិន​ឱ្យ​គាត់​ជិះ​មក​ជាមួយ​ផង ទុក​ឱ្យ​គាត់​រត់​តាម ?

តំណាង​រូប​នេះ​បន្ត​ថា ពេល​ចាប់​នោះ គេ​មិន​យក​ទៅ​ដាក់​នៅ​កន្លែង​ខណ្ឌ​ទេ បែរជា​យក​ទៅ​ដាក់​នៅ​ដេប៉ូ​លក់​ឈើ​នៅ​ក្រុង​ព្រៃវែង​ទៅ​វិញ ប៉ុន្តែ​ដោយ​ម្ចាស់​ដេប៉ូ​ទាំងអស់ គេ​មិន​ព្រម​ទទួល​ទិញ ទើប​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំងនោះ​ដឹក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង តាំងពី​ថ្ងៃ​ទី​៤ មិថុនា រហូត​មក ពុំ​ព្រម​ដោះស្រាយ​ទេ គេ​ថា «​ចាំ​ជួប​មេ​» ។ ពួក​គាត់​ដេកចាំ​ជួប​មេ​ខណ្ឌ នៅ​ក្រៅរបង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ ។ ដោយសារ​ចាំ​យូរ​ពេក ទើប​ពួក​គាត់​លើកគ្នា​តវ៉ា​នៅ​មុខ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង ដើម្បី​សុំ​ឱ្យ​មេ​ខណ្ឌ​ជួយ​ដោះស្រាយ​ឱ្យ ។

អ្នកតំណាង​រូប​នេះ​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ខាង​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង បង្ខំ​ឱ្យ​ពួក​គាត់​ទាំង​៦​នាក់​ផ្តិត​មេដៃ​យល់ព្រម​ប្រគល់​ឈើ​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ទាំងអស់ ហើយ​ត្រូវ​បង់ប្រាក់​ក្នុង​១​ម៉ែត្រគូប ស្មើ​៨៤​មុ​ឺ​ន​រៀល គុណ​នឹង​៣​ដង ទើប​គេ​ប្រគល់​គោ​យន្ត​ឱ្យ​វិញ តែបើ​មិន​ព្រម​ទេ នឹង​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ដោះស្រាយ ។ នៅ​ព្រឹក​ថ្ងៃ​ដដែល វេលា​ម៉ោងជាង​៩​ព្រឹក លោក ជិត តារា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង បាន​លេចមុខ មក​ហៅ​ម្ចាស់​គោ​យន្ត​ទាំង​៦​នាក់ ឱ្យ​ចូល​ការិយាល័យ​ខណ្ឌ​ដើម្បី​ដោះស្រាយ​គ្នា ។ ពួក​គាត់​ទាំង​៦​នាក់​នោះ ១-​ឈ្មោះ ប៉ុន សុ​ភក្តិ ២-​ឈ្មោះ ភិន អឿ​ន ៣-​ឈ្មោះ សុខ ពី​ន ៤-​ឈ្មោះ ណុ​ប ឃី​ន ៥-​ឈ្មោះ ភិន សុភាព និង​៦-​ឈ្មោះ តុ​ប រឿ​ន ។ អ្នក​សារព័ត៌មាន​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​ស្តាប់​ដែរ តែ​ការ​ចរចា​នោះ​ត្រូវ​បរាជ័យ ព្រោះ​ខាង​ខណ្ឌ​ប្រកាន់​ជំហរ​ដដែល គឺ​ប្រគល់​តែ​គោ​យន្ត​ឱ្យ​ទេ តែ​ខាង​ម្ចាស់​គោ​យន្ត​ថា សុំ​យក​តែ​គោ​យន្ត​វិញ ឯ​ឈើ​យក​ចុះ និង​សុំ​មិន​បង់លុយ​ពិន័យ ។ ជា​ចុង​ក្រោយ លោក ជិន តារា នាយ​រង​ខណ្ឌ​បាន​បញ្ជាក់​ថា លោក​សម្រេចចិត្ត​រុញ​សំណុំរឿង​នេះ​ទៅ​សាលាដំបូង​ខេត្តព្រៃវែង ដើម្បី​ដោះស្រាយ​តាម​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទៅ​ចុះ លោក​ធ្វើ​នេះ​គឺ​អនុវត្ត​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​ជំពូក​ទី​១៥ មាត្រា​៩៦ ។

លោក តារា បាន​អញ្ជើញ​ភាគី​ខាង​គោ​យន្ត​ចំនួន​២​នាក់ គឺ​ឈ្មោះ ប៉ុន សុ​ភក្តិ និង​ឈ្មោះ តុ​ប រឿ​ន ឱ្យ​ចូល​ទៅ​សាលាដំបូង​ដោះស្រាយ​រឿង​នេះ​បន្ត ។ តែ​ខាង​សាលាដំបូង បាន​សុំ​ពន្យារពេល​ដោះស្រាយ​ទៅ​ថ្ងៃក្រោយ ដោយ​មិន​កំណត់​ថា​ថ្ងៃ​ណា​ឡើយ ឱ្យ​ដេកចាំ​សិន​ទៅ ។

ក្រុម​ប្រជាពលរដ្ឋ​តូចតាច​ទាំងនេះ បាន​ប្រាប់​កោះសន្តិភាព​ទាំង​ទឹកភ្នែក​ថា ពួក​គាត់​នឹង​ដេក​រង់ចាំ​ការ​សម្រេច​របស់​តុលាការ ព្រោះ​គ្មាន​ជម្រើស​ទេ ។ ការ​ចាប់​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​សសរផ្ទះ​ដើរ​លក់​នេះ មេព្រៃ​បាន​ប្រកាន់ខ្ជាប់​តាម​ច្បាប់​ព្រៃឈើ​ពិតមែន ដែល​មិន​ខុសឆ្គង​អ្វី​នោះ​ទេ តែ​មេព្រៃ​ធ្វើ​នេះ​អត់​មាន​បេះដូង​ប៉ុន​អាចម៍ច្រមុះ​ឡើយ ។ នៅ​ចំពោះ​ក្រសែភ្នែក​មហាជន ពិតជា​គួរ​ឱ្យ​អាណិត​ដល់​ពលរដ្ឋ​តូចតាច​ល្ហេ​ម​ល្ហា​ម​ទាំងនោះ​ដែល​លើកគ្នា​មក​សុំ​ទាំង​គ្រួសារ តើ​ខុស​កម្រិត​ណា​ទៅ ខណៈ​ដែល​ឈ្មួញ​ដឹកឈើ​ឡើង​រូង​ផ្លូវ​អស់​ទៅ​ហើយ​កាត់​តាម​ខេត្តព្រៃវែង ម៉េច​មិនឃើញ​ចាប់​បាន ។ ទិដ្ឋភាព​បែប​នេះ មិន​ខុស​ពី​ពាក្យ​ថា ខ្លាស៊ីគោ ស្ងាត់ឈឹង តែបើ​ឆ្មា​លួច​ស៊ី​ត្រីអាំង​វិញ គឺ​ចាប់​ជាន់​.​ក បកស្បែក ៕