ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ស្រុក​បាកាន ​ដើម្បី​​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ពិសេស​ក្នុង​វិបត្តិ​កូ​វីត​១៩ និង​ការ​ស្ដារ​ការ​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មី​ៗ​នេះ លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ ក្រៅពី​ការងារ​បម្រើ​រាជរដ្ឋាភិបាល…

ខេត្តពោធិ៍សាត់​ ៖ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ពិសេស​ក្នុង​វិបត្តិ​កូ​វីត​១៩ និង​ការ​ស្ដារ​ការ​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មី​ៗ​នេះ លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ ក្រៅពី​ការងារ​បម្រើ​រាជរដ្ឋាភិបាល និង​ការងារ​នយោបាយ ​លោក​​បាន​ឆ្លៀតឱកាស​បង្កើត​មុខរបរ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ ជូន​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត តាម​រយៈ​ការ​ផ្ដល់​កម្ចីទុន​គ្មាន​ការ​ប្រាក់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ រកបាន​ប្រាក់​ចំណូល និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​។ នេះ​គឺជា​គោលបំណង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​។

ជំហាន​ដំបូង​ក្រុមការងារ​របស់​​លោក​ ស៊ុ​យ សែ​ម ដែល​មាន​លោក​ ម៉េ​ង ស័​ក្កិ​ធា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាកាន​បាន​ជ្រើសរើស​កសិករ​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​បាកាន ដើម្បី​ដាំ​ដំណាំ​មិន​ប្រើ​ជីគីមី​និង​ចិញ្ចឹមសត្វ​សាកល្បង​មុនគេ លុះ​ពេល​ទទួល​បាន​ជោគជ័យ​ហើយ នឹង​ធ្វើ​ជា​គម្រូ​ដល់​កសិករ​ផ្សេង​ទៀត​។

ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ការ​ចិញ្ចឹម​ត្រី​អណ្ដែង​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​របោះ​រាំង ភូមិ​រំលេច និង​ភូមិ​អូរ​រំចេក ស្រុក​បាកាន ឯកឧត្តម ស៊ុ​យ សែ​ម បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ការ​រៀបចំ​អាង ទីធ្លា ប្រភព​ទឹក អនាម័យ ពិសេស​គឺ​ការ​ឧស្សាហ៍​ព្យាយាម​របស់​ប្រជាពលរដ្ឋ​នីមួយ​ៗ ដែល​មាន​ឆ​ន្ទៈចេញពី​បេះដូង ក្នុង​ការ​ចង់​ចិញ្ចឹម​ត្រី​ពិតប្រាកដ​។

ប្រសិនបើ​ប្រជាពលរដ្ឋ​គ្មាន​ឆ​ន្ទៈច្បាស់លាស់ ខ្ជិលច្រអូស គិតតែ​ផឹកស្រា លេងបៀរ​អាប៉ោង ជល់​មាន់ និង​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​នោះ គឺ​មិន​អាច​ធ្វើ​ការងារ​នេះ​បាន​ជោគជ័យ​នោះ​ទេ​។ ​លោក​ ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា មុខរបរ​ចិញ្ចឹម​ត្រី​អណ្ដែង​នេះ​មិនសូវ​ហត់នឿយ​ប៉ុន្មាន​ទេ ចំណាយ​លុយ​តិច ទទួល​បាន​ប្រាក់​ចំណូល​ច្រើន និង​មាន​ពេលវេលា​សម្រាប់​ធ្វើការ​ផ្សេង​ៗ​ទៀត​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​គួរតែ​នាំ​គ្នា​ចិញ្ចឹម និង​ដាំ​បន្លែ​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ច្រើន ដើម្បី​ទុក​ហូប​និង​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ការ​ធ្វើ​ចំណាកស្រុក តើ​មួយ​ណា​ប្រសើរ​ជាង​។

​លោក​​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ថា មុខរបរ​មាន​ដូច​ជា ដាំ​បន្លែ​សរីរាង្គ ចិញ្ចឹម​ត្រី​អណ្ដែង ចិញ្ចឹម​មាន់ ចិញ្ចឹម​កង្កែប និង​ចិញ្ចឹម​គោ ជាដើម ប៉ុន្តែ​ក្នុង​ចំណោម​នោះ​យើង​ជ្រើសរើស​យក​ពីរ​ជា​អាទិភាព គឺ​ចិញ្ចឹម​ត្រី​អណ្ដែង និង​ចិញ្ចឹម​មាន់ ដែល​បងប្អូន​ងាយស្រួល​អាច​ធ្វើ​បាន ដោយ​ចំណាយ​លុយ​តិច ហើយ​ទទួល​បាន​ផល​គួរសម​។

លោក​បាន​បន្ត​ថា ការ​ចិញ្ចឹម​ត្រី​អណ្ដែង​នេះ​គឺ​ចិញ្ចឹម​ក្នុង​អាង​ធ្វើ​អំពី​តង់​កៅស៊ូ បើ​ទំហំ​៣​ម​គុណ​នឹង​០៤​ម អាច​ដាក់​កូន​ត្រី​បាន​ចំនួន​៧០០​ក្បាល​, បើ​ទំហំ​០៤​ម​គុណ​នឹង​០៦​ម ដាក់​កូន​ត្រី​បាន​ចំនួន​២០០០​ក្បាល​។ តង់ កូន​ត្រី និង​ចំណី គឺ​ក្រុមការងារ​របស់​​លោក​​ចេញ​ទាំងអស់ ប្រជាពលរដ្ឋ​រកតែ​ឈើ​រឺ​ដើម​ឫស្សី​មក​ធ្វើ​តែ​ប៉ុណ្ណោះ ដែល​អាង​ចិញ្ចឹម​ត្រី​មួយ​ចំណាយ​ថវិការ​អស់​ប្រមាណ​១០០​ដុល្លា​។ ការ​ចិញ្ចឹម​ត្រី​អណ្ដែង​នេះ​មួយ​ថ្ងៃ​ឲ្យ​ចំណី​០៣​ដង ក្នុង​រយៈពេល​ពី​០២​ទៅ​០៣ ខែ ទើបបាន​ចាប់​លក់ ។ ពេល​លក់​លើក​ទី​១ និង​លើក​ទី​២​សង​ទៅ​មូលនិធិ​ម្ដង​២០% លក់​លើក​ទី​៣​និង​លើក​ទី​៤​សង​ទៅ​មូលនិធិ​ម្ដង​៣០%​ដើម្បី​បញ្ចប់​។

លោក​បាន​បន្តទៀត​ថា ពេល​នោះ​បងប្អូន​មាន​ទុន​អាច​ដំណើរការ​ដោយ​ខ្លួនឯង​បាន ហើយ​ក្រុមការងារ​នឹង​យក​ទុន​ទាំងនេះ​ទៅ​បង្វិល​ជួយ​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​មាន​បំណង​ចិញ្ចឹម​ត្រី​អណ្ដែង​ដូច​គ្នា ដើម្បី​ពង្រីក​ឲ្យ​បាន​គ្រប់​ភូមិ​ឃុំ​ក្នុងស្រុក​បាកាន​។ គោលបំណង​របស់​រាជរដ្ឋាភិបាល​ក៍​ដូច​ក្រុមការងារ មិន​ចង់បាន​អ្វី​មក​វិញ ក្រៅពី​ឃើញ​ប្រជាពលរដ្ឋ​មានមុខ​របរ មាន​ប្រាក់​ចំណូល មានការ​ហូប​ចុក​គ្រប់គ្រាន់ មាន​ភាព​សប្បាយ​រីករាយ​ក្រោម​ម្លប់​សន្តិភាព​នោះ​ទេ​។ ដូច្នេះ​យើង​ត្រូវ​នាំ​គ្នា​ថែរក្សា​សន្តិភាព​ឲ្យ​នៅ​គង់វង្ស​ជា​រៀង​រហូត ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​៕ សែ​ម សុគន្ធ (​មាន​រូប​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ