ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​បង្កើត​កម្មវិធី​កញ្ចប់​ជំនួយ​​ជួយ​សហគ្រិន​កម្ពុជា​ជួប​ផល​លំបាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​បង្កើត​កម្មវិធី​កញ្ចប់​ជំនួយ​ជួយ​ដល់​សហគ្រិន​ដែល និង​កំពុង​ប្រឈម​ផល​លំបាក​ដែល​បង្ក​ឡើង​ដោយ​វិបត្ដិ​ជំងឺ​កូ​វី​ដ​-១៩​នា​ពេល​បច្ចុប្បន្ន​។ ក្នុង​ពិធី​ប្រគល់​រង្វាន់​សហគ្រិន​ឆ្នើម និង​ការ​ចុះហត្ថលេខា​ផ្ដល់​ហិរញ្ញប្បទាន​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​បង្កើត​កម្មវិធី​កញ្ចប់​ជំនួយ​ជួយ​ដល់​សហគ្រិន​ដែល និង​កំពុង​ប្រឈម​ផល​លំបាក​ដែល​បង្ក​ឡើង​ដោយ​វិបត្ដិ​ជំងឺ​កូ​វី​ដ​-១៩​នា​ពេល​បច្ចុប្បន្ន​។

ក្នុង​ពិធី​ប្រគល់​រង្វាន់​សហគ្រិន​ឆ្នើម និង​ការ​ចុះហត្ថលេខា​ផ្ដល់​ហិរញ្ញប្បទាន​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ បាន​លើក​ឡើង​ថា សហគ្រិន​ខ្មែរ​ជឿជាក់​ថា ជំនួយ​ហិរញ្ញប្បទាន​កម្មវិធី កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​នេះ ជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ សម្រាប់​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​សក្តានុពល​ក្នុង​ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​ឡើង​វិញ​កំឡុង​ពេល និង​ក្រោយ​បរិបទ​វិបត្តិ​កូ​វី​ដ​-១៩​។

លោក​បណ្ឌិត​ក៏​បាន​បន្ថែម​ថា សហគ្រិន​ខ្មែរ នឹង​បន្ត​រៀបចំ ក៏​ដូច​ជា ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​កសាង និង​ជំរុញ ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​ប្រទេស​កម្ពុជា​។ ក្នុង​ខណៈ​ពេល​ដែល​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ បាន​ផ្ដល់​ផល​ប៉ះពាល់​ពុំ​ធ្លាប់​មាន​ពី​មុន​ជា​ច្រើន ដល់​វិស័យ​សហគ្រិនភាព​នៅ​កម្ពុជា​។ ការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គឺជា​គន្លឹះ​ដ៏​សំ ខាន់​មួយ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ​។

លោក​បាន​លើក​ឡើង​ទៀត​ថា សហគ្រិន​ខ្មែរ នឹង​នៅ​តែ​បន្ត​ដើរតួ​នាទី​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ផ្ដល់​ជា​យន្តការ​ដោះស្រាយ និង​គាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន តូច និង​មធ្យម​ដើម្បី​ឆ្លងកាត់​វិបត្ដិ​សកល​នេះ​។ សហគ្រិន​ខ្មែរ នឹង​បន្ដ​ដាក់​ចេញ​កម្មវិធី​កញ្ចប់​ជំ​នួ យ​សហគ្រិន​ខ្មែរ​ជុំ​ទី​៣ នៅ​ឆ្នាំ​ខាង​មុខ​បន្ត​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ លោក​បណ្ឌិត​តាម​រយៈ​កម្មវិធី​កញ្ចប់​ជំនួយ​ទាំង​ពីរ​ជុំ សហគ្រិន​ខ្មែរ​ទទួល​បាន​ពាក្យ​ស្នើ​សុំ​សរុប​ពី​ធុរកិច្ច​បង្កើត​ថ្មី ក៏​ដូច​ជា​សហគ្រាស ធុន​តូច និង​មធ្យម​ចំនួន ២៧៨ ដែល​មក​ពី​វិស័យ​ផ្សេង​ៗ​គ្នា​ទូ​ទាំង​១៩​រាជធានី​ខេត្ត​។ បន្ទាប់​ពី​ឆ្លងកាត់​ការ​វាយតម្លៃ​ដោយ​សហគ្រិន​ខ្មែរ និង​​គណៈកម្មាធិការ​ដែល​មក​ពី​វិស័យ​ឯកជន​ចំនួន​១៩​រូប សហគ្រិន​ខ្មែរ បាន​រក​ឃើញ​ធុរកិច្ច បង្កើត​​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម ចំនួន​១២ ក្នុង​ជុំ​ទី​១ និង​ចំនួន ១៥ បន្ថែម​ទៀត​ក្នុង​ជុំ​ទី​២ ដែល​មក​ពី​វិស័យ​ផ្សេង​ៗ​ដូច​ជា កសិកម្ម​/​ក សិ​កម្ម​កែ​ច្នៃ សិប្បកម្ម​កែ​ច្នៃ សេវាកម្ម និង​បច្ចេក​វិទ្យា​ព័ត៌មានវិទ្យា ដែល​ទទួល​បាន​កញ្ចប់​ជំនួយ ជា ហិរញ្ញប្បទាន​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​ឡើង​វិញ​។

បន្ថែម​ពី​នេះ សហគ្រិន​ខ្មែរ ក៏​បាន​ផ្ដល់​ជា​ប្រាក់​រង្វាន់​ជូន​ទៅ​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ១៥ ផ្សេង​ទៀត ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​នៃ​ជុំទាំង​ពីរ ដើម្បី​ជា​ការ​លើកទឹកចិត្ត​។

លោក​បណ្ឌិត​ក៏​បាន​គូសបញ្ជាក់​ថា ៖ «​សម្រាប់​កម្មវិធី​កញ្ចប់​ជំនួយ​ទាំង​ពីរ​ជុំ​នេះ សហគ្រិន​ខ្មែរ​បាន​ប្រើប្រាស់​ថវិការ​សរុប​ប្រមាណ ៤០០,០០០ ដុល្លារ​អា​មេ​រិ​ក ជូន​ទៅ​ដល់​ធុរកិច្ច បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចាប់ពី​ចន្លោះ ៥,០០០ ដុល្លារ​ទៅ ២០,០០០ ដុល្លារ ជាមួយនឹង​លក្ខខណ្ឌ​ប្រើប្រាស់​កញ្ចប់​ថវិការ​រយៈពេល​១​ឆ្នាំ​ក្នុង​ការ​ប្រតិបត្តិការ​អាជីវកម្ម​»​។

ក្នុង​ឱកាស​នោះ​ដែរ លោក វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា សហគ្រិន​ខ្មែរ ដែល​ជា​អង្គ ភាព​ចំណុះ​ឱ្យ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដើរតួ​ជា​ឃ្នាស់​ថ្មី ក្នុង​ការ​ជួយ​ផ្សា​ភ្ជាប់​សហគ្រិន​ទាំង​ក្នុង​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​ក្លាយជា​ភ្នាក់ងារ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​តម្លៃបន្ថែម​ក្នុង​សេដ្ឋកិច្ច ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​អាជីវកម្ម និង​ខ្សែ​ច្រវាក់​តម្លៃ និង​បង្កើត​ជា​ម៉ូ​ដែ ល​អាជីវកម្ម​ថ្មី​ក្នុង​ប្រទេស​។

លោក​បន្ត​ថា សមិទ្ធផល​ដែល​ក្រុមការងារ​បាន​សម្រេច​កន្លង​មក ពី​កម្មវិធី​របស់​ខ្លួន​មាន​ដូច​ជា កម្មវិធី​ជំនួយ​សហគ្រិន​ខ្មែរ​ដែល​ជួយ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​បរិការណ៍​ជំងឺ​កូ​វី​ដ​-១៩​នេះ និង​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ នា​ពេល​ខាង​មុខ​នេះ​ជាមួយ ដៃគូ​អន្តរជាតិ​ដូច​ជា ៖ 500 Startups សាកលវិទ្យាល័យ Stanford និង​សហគ្រិន សិង្ហ​បុរី (Enterprise Singapore) ជាដើម​។

លោក​គូសបញ្ជាក់​ថា ៖ «​ទាំងនេះ​បាន​បង្ហាញ​ថា គំរូ​អភិបាលកិច្ច និង​អភិក្រម​ក្នុង​ការ​អនុវត្ត​កម្មវិធី​របស់​យើង​ដែល​មាន​លក្ខណៈ​បត់បែន​រហ័ស​បាន​ចាប់ផ្តើម​បង្កើត​សហ​ថាមពល​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​បាន​យ៉ាង​ល្អ​ប្រសើរ​ធានា​នូវ​សមតុល្យ​រវាង​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម និង​គោលបំណង​នៃ​កម្មវិធី និង​សំខាន់​ជាង​នេះ​ទៀត កិច្ចការ​ទាំងនេះ​បាន​ផ្តល់​នូវ​ទំនុកចិត្ត​យ៉ាង​សំខាន់​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ថា​មូលនិធិ​អភិវឌ្ឍន៍ សហគ្រិនភាព​(​ម​.​អ​.​ស​.) នឹង​អាច​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី សហគ្រិនភាព​កម្ពុជា​មានការ​រីក​ចម្រើន​ទាំង​បរិមាណ និង​គុណភាព​របស់​សហគ្រិន​ក្នុង​រយៈពេល​វែង​ខាង​មុខ​»​។

លោក​ក៏​បាន​លើក​ឡើង​ថា សហគ្រិន​ខ្មែរ​ពិតជា​ដៃគូរ​សំខាន់ ហើយ​អាច​ផ្តល់​ការងារ និង​ផ្តល់​ឱកាស​ដល់​សហគ្រិន​វ័យក្មេង​ផ្សេង​ទៀត​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ សង្គម​ជាតិ ហើយ បាន​ចូលរួម​ក្នុង​ការ​ជំរុញ​ការ​កសាង​មូលដ្ឋាន​ថ្មី​ៗ​នៅ​កន្លែង​ប៉ូ​ល​សេដ្ឋកិច្ច​នៅ​ក្នុង​រយៈពេល​ខាង​មុខ​ផង​ដែរ​។
លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា ក្រសួង​សេដ្ឋកិច្ច​ក៏​ដូច​ជា រាជរដ្ឋាភិបាល​បាន​កំពុង​ខិតខំ​ក្នុង​ការ​ធ្វើ​ការងារ​ជា​ច្រើន​ទៀត​ដែល​មានគុណ​ភាព តម្លាភាព ប៉ុន្តែ​ក៏​មាន​បញ្ហា​ប្រឈម​ធំ​ៗ ផង​ដែរ​។

ដូច្នេះ​ការ​បង្កើត​ឲ្យ​សហគ្រិន​ខ្មែរ​នេះ គឺជា​ការ​រៀបចំ​កំលាំង​មួយ​សម្រាប់​រុញ ច្រាន​កំណើន​សេដ្ឋកិច្ច​ក៏​ដូច​ជា ការ​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ការ​ចែករំលែក​កំលាំង​ចូលរួម​សម្រាប់​ការ​អភិវឌ្ឍន៍ ក៏​ដូច​ជា​ហេតុការណ៍ នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

លោក ជា កុក​ហុង ប្រធាន​លេខាធិការដ្ឋាន​នៃ​មូលនិធិ​អភិវឌ្ឍ​សហគ្រិន​បាន មាន​ចំណាប់​អារម្មណ៍​ថា សហគ្រិន​ខ្មែរ បាន​ដើរតួ​ជា​ស្ថាប័ន​ផ្សា​ភ្ជាប់​ភាគី​ពាក់ព័ន្ធ​ចម្បង​ៗ (key stakeholders) ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​លើក​ស្ទួយ​សហគ្រិនភាព​។ លេខាធិការដ្ឋាន​មូល​និធិ​សហគ្រិនភាព សូម​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​សហគ្រិន​ខ្មែរ ដែល​បាន​រៀបចំ​កញ្ចប់​ថវិកា​ពិសេស​គាំទ្រ​សហគ្រិន​ធុន​តូច និង​មធ្យម (SMEs) ដែល​ស្រប​តាម​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​គាំទ្រ​ដល់ SMEs ទាំង​ក្នុងអំឡុងពេល​នៃ​ការ​រីក​រា​ត្បា​ត​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ។

សូម​ជម្រាប​ថា សហគ្រិន​ខ្មែរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ជាមួយ​ធុរ​កិច្ច​​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​២៧ ដែល​បាន ទទួល​កញ្ចប់​ជំនួ​យ​សហគ្រិន​ខ្មែរ​ជុំ​ទី​១ និង​ជុំ​ទី​២ ។ សហគ្រិន​ខ្មែរ ជា​ស្ថាប័ន​ក្រោម​ចំណុះ ក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ ដែល​បង្កើត​ឡើង ដោយ​មាន​ចក្ខុវិស័យ​ក្លាយជា​ថ្នាល​ជាតិ​សម្រាប់​ការ​លើកកម្ពស់ គ្រប់​សកម្ម​ភាព​របស់​វិស័យ​សហគ្រិនភាព តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​គាំទ្រ និង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ស្ថាប័ន​ដៃគូ​រដ្ឋ និង​ឯកជន​។

ជាង​នេះ​សហគ្រិន​ខ្មែរ ធ្វើការ​គាំទ្រ​ទៅ​លើ​វិស័យ​អាទិភាព រួម​មាន ធុរកិច្ច បង្កើត​ថ្មី បែប​បច្ចេក​វិទ្យា សេវាកម្ម ការ​កែ​ច្នៃ​ក​សិ​-​ចំណីអាហារ កសិកម្ម​សម្រាប់​ការ​នាំ​ចេញ និង​ផលិតកម្ម​សម្រាប់ ជំនួស​ការ នាំ​ចូល ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច នវានុវត្តន៍ ការ​បង្កើន ផលិតភាព និង​ការ​បង្កើត​ការងារ​។

សហគ្រិន​ខ្មែរ បាន​បង្កើត​កម្មវិធី​កញ្ចប់​ជំនួយ​នេះ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផល​លំបាក​បង្ក​ឡើង​ដោយ​វិបត្ដិ​ជម្ងឺ​កូ​វី​ដ​-១៩ ដែល​សហគ្រិន​កម្ពុជា កំពុង​តែ​ប្រឈម​។ កញ្ចប់​ជំនួយ​នេះ​ត្រូវ​បាន​អនុវត្ត​ជោគជ័យ​ចំនួន​ពីរ​ដង​រួច​មក​ហើយ ដែល​ជុំ​ទី​១​បាន​ធ្វើ​ឡើង​នៅ​ខែមីនា ខណៈ​ជុំ​ទី​២​ទើបតែ​បញ្ចប់​កាលពី​ខែកញ្ញា​។

កម្មវិធី​កញ្ចប់​ជំនួយ សហគ្រិន​ខ្មែរ នេះ​គឺជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​មួយ ដើម្បី​បន្ត​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​បង្ក​ឡើង​ដោយ​វិ​ប​តិ្ដ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ធុរកិច្ច​បង្កើត​ថ្មី និង​សហ​គ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កំពុង​ជួប​ប្រទះ ទាំង​ផ្នែក​ប្រតិបត្តិការ និង​ហិរញ្ញវត្ថុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ