រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោសហការណ៍ជាមួយតំណាងក្រុមហ៊ុន «អៅវ័រ តិចស្តាយ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនោះម្នាក់មានមុខងារជាអនុប្រធានផ្នែកវេចខ្ចប់ ហើយម្នាក់ជាសន្តិសុខយាមរោងចក្រ និងម្នាក់ទៀតគឺជាអ្នកទទួលផលចោរកម្ម ក្រោយពេលស្រាវជ្រាវដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនោះបានឃុបឃិតគ្នាធ្វើសកម្មភាពលួចនិងទទួលទិញខោលីអូដែលជាផលិតផលរោងចក្រ បានសម្រេចជាច្រើនលើកគិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ ហើយខោទាំងនោះគឺខាងរោងចក្រត្រៀមនាំចេញទៅលក់នៅបរទេស។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ទាំង៣នាក់នោះ រួមមាន១-ឈ្មោះ សន សុខពឿន ហៅ សាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអនុប្រធានផ្នែកវេចខ្ចប់ ២-ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខរោងចក្រ អ្នកទាំង២ស្នាក់នៅក្នុងរោងចក្រខាងលើ និងជាប់សង្ស័យថាបានឃុបឃិតគ្នាលួចខោរោងចក្រ និង៣-ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ មុខបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកទទួលទិញខោដែលលួចបាន។
ដោយឡែកអ្នកដាក់ពាក្យប្ដឹងឲ្យចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធានក្រុមហ៊ុន«អៅវ័រ តិចស្តា» មានទីលំនៅផ្ទះលេខ២១៨ ផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលជាអនុប្រធានផ្នែកវេចខ្ចប់ និងសន្តិសុខយាមរោងចក្របានឃុបឃិតគ្នាបានធ្វើសកម្មភាពលួចយកខោចេញពីក្នុងរោងចក្រ រួចយកទៅលក់ឲ្យស្ត្រីដែលជាអ្នកទទួលទិញនោះបានសម្រេចជាច្រើនលើកមកហើយ ប៉ុន្តែខាងរោងចក្រមិនបានដឹងឡើយ ។ លុះរហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា បុរសម្នាក់ឈ្មោះ ស៊ិន សុរ៉ែន អាយុ៣២ឆ្នាំ មុខងារជាប្រធានរដ្ឋបាលរោងចក្រ ពិនិត្យឃើញបាត់ខោដែលត្រៀមបម្រុងនាំចេញនោះបាត់អស់ចំនួនចំនួន៨កាតុង គិតជាទឹកប្រាក់ចំនួន២ពាន់ដុល្លារអាមេរិក ក៏បានទូរស័ព្ទប្រាប់លោក ហួ គឹមសាន ដែលជាអនុប្រធានក្រុមហ៊ុនបានដឹង។
តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏បានហៅកម្មករទាំងអស់មកធ្វើការសួរនាំ ទើបដឹងថា ជនសង្ស័យឈ្មោះ សន សុខពឿន ហៅ សាក់ និងឈ្មោះ ប៉ិច សុខ ជាអ្នកធ្វើសកម្មភាពលួច បន្ទាប់មកបានទៅពិនិត្យមើលខោអាវដែលស្តុកនៅក្នុងឃ្លាំងសម្ភារៈ ឃើញបាត់ខោលីអូអស់ជាច្រើនទៀតដែលគិតជាទឹកប្រាក់សរុបចំនួន៩៧.៥០០ដុល្លារ (ប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយដុល្លារអាមេរិក)។
ក្រោយមកអនុប្រធានក្រុមហ៊ុនក៏បានមករាយការណ៍ប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជនសង្ស័យឈ្មោះ សន សុខពឿន ហៅ សាក់ និងឈ្មោះ ប៉ិច សុខ នាំយកទៅសាកសួររួច ទើបបន្តទៅឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ រស់ គីមស្រេង ដែលជាអ្នកទទួលទិញដល់ផ្ទះស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការរដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)


ចែករំលែកព័តមាននេះ