ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែឃើញស្ថានភាពរបស់រថយន្តវីហ្គោ ដែលទយគូទឡើងលើជាប់នឹងដើមឈើ ប្រៀបដូចចំតិតឡើងធ្វើឱ្យអ្នកឈរមើលម្នាក់ៗតែងសួរគ្នាថា តើរថយន្តមួយគ្រឿងនេះបោះពួយដោយរបៀបណា បានជាទយគូទឡើងដើមឈើបែបនេះ ។ ពិតជាស្មានមិនដល់ និងមិនដែលឃើញមែនក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កន្លងមក ។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវក្នុងភូមិថ្លូក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
តាមព័ត៌មានទទួលបានពីអ្នកឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងគឺរថយន្តម៉ាកវីហ្គោពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ២BT.៦០៤៣ មានអ្នករួមដំណើរគ្នា ២នាក់ ដែលបើកបរដោយឈ្មោះ ថុល កក្តដា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានបើកបរតាមបណ្តោយផ្លូវក្នុងល្បឿនលឿនគួរឱ្យខ្លាច ។
លុះមកដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ដោយបត់មិនទាន់ និងទំនងជាន់ហ្វ្រាំងផង ក៏ បណ្ដាលឱ្យក្រឡាប់បះគូទគងចំតិតជាប់តាមដើមឈើ ហើយក្បាលបុកដីបែបនេះទៅ ។ តែសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ។
អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលឲ្យផ្នែកខាងមុខរថយន្តខូចខាតព្រោះផ្ទប់នឹងដី ។ បន្ទាប់មកគេឃើញម្ចាស់រថយន្តបានហៅគ្រឿងចក្រមករុញដើមឈើបំបាក់ផ្ដួលចោល ដើម្បីយករថយន្តចេញ ។
អ្នកស្រុកនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ ពិតជាកម្របានឃើញ ដែលរថយន្ត ក្រឡាប់ជាប់ដើមឈើ រហូតដល់គេយកគ្រឿងចក្រប៊ុលឌូហ្សែរឈូសរំលំដើមឈើ ទើបអាចយករថយន្តចេញបាន តែសំណាងល្អគ្មានអ្នករងគ្រោះគួរឱ្យចាប់អារម្មណ៍ទេមានតែអាណិត ៕
ចែករំលែកព័តមាននេះ