ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានបុរសជនជាតិខ្មែរ-អ៊ិស្លាមម្នាក់ត្រូវបានគេប្រទះឃើញដេកបាត់បង់ជីវិតនៅក្បែរមាត់ស្រះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា បុរសរងគ្រោះខាងលើឈ្មោះ យ៉េប សុខក្រី អាយុ៣២ឆ្នាំ មុខរបរ អ្នកនេសាទ ជាជនជាតិខ្មែរ-អ៊ិស្លាម រស់នៅតែលើទូក ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជនរងគ្រោះស្លាកស្នាមរបួសបែកក្បាលហូរឈាមជាច្រើនកន្លែង ដោយគេសង្ស័យថា ជនរងគ្រោះអាចជាន់ដានចោរលួចចេកពងមាន់២ស្ទង ហើយត្រូវគេដេញវាយផ្តាច់ជីវិត ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅជិតនោះបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ ទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋពី៣០ទៅ៤០នាក់ ខ្លះមានកាន់ដុំថ្ម ខ្លះកាន់ដំបងឈើ បាននាំគ្នារត់ដេញគប់ និងវាយទៅលើជនសង្ស័យម្នាក់ដែលជាជនរងគ្រោះ ដោយបានស្រែកថា ជាចោរធ្វើសកម្មភាពលួចចេកពងមាន់របស់គេ២ស្ទងនៅកោះអន្លង់ចិន ហើយរត់ហែលឆ្លងទឹកទន្លេមកខាងក្រោយរោងចក្រហ្គោលហ្វែមនេះ ។

ប្រភពដដែលបន្តថា លុះពេលកម្លាំងសមត្ថកិច្ចទៅដល់ ក៏ស្រាប់តែឃើញបុរសម្នាក់រងគ្រោះបានដេកបាត់បង់ជីវិតនៅជាប់នឹងមាត់ស្រះបាត់ទៅហើយ ដោយមានរបួសស្នាមរយះក្បាលហូរឈាមជាច្រើនកន្លែងទៀតផង ។ បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសខេត្តកណ្តាល ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ និងអាជ្ញាធរ បានចុះទៅពិនិត្យសាកសព ដោយឃើញថា សពមានស្នាមបែកបបូរមាត់ក្រោមខាងស្តាំ ដាច់ដល់សាច់ខាងក្នុង និងមានស្នាមរបួស ខាងលើក្បាលប្រវែង១០ស.ម ជំរៅដាច់ដល់លលាដ៍ក្បាល ។

ករណីខាងលើនេះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានឲ្យដឹងថា ជនរងគ្រោះបានបាត់បង់ជីវិតដោយសារតែការប៉ះទង្គិចនឹងវត្ថុរឹង មុខមុតលើផ្នែកក្បាលធ្ងន់ធ្ងរ ។ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានបញ្ជាក់ច្បាស់ថា ករណីបុរសរងគ្រោះដែលបាត់បង់ជីវិតនោះដោយសារតែមូលហេតុអ្វីនៅឡើយទេ គ្រាន់តែមានពាក្យលេចចេញមាត់មួយទៅមាត់មួយថា ជនរងគ្រោះដែលបាត់បង់ជីវិតនោះ គឺជាជនសង្ស័យជាន់ដានចោរលួចចេកពងមាន់២ស្ទង ហើយត្រូវអ្នកស្រុកដេញវាយ និងប្រើដំថ្មគប់រហូតដល់បាត់បង់ជីវិត រួចចោលសាកសពនៅមាត់ស្រះតែម្តង ។ យ៉ាងណាក្តី សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
ចែករំលែកព័តមាននេះ