ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​៣​ខេត្តសហ​ការ​គ្នា​បង្ក្រាប​​បទល្មើស​នេសាទនៅ​​ចំណុច ក.ដប

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល៣​ខេត្ត មានខេត្ត​​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ និង​ខេត្តកំពង់ធំ រួម​និង​អធិការដ្ឋាន​រដ្ឋបាល​ជលផល ខាង​ត្បួ​ង​បឹង​ទន្លេសាប នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល៣​ខេត្ត មានខេត្ត​​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ និង​ខេត្តកំពង់ធំ រួម​និង​អធិការដ្ឋាន​រដ្ឋបាល​ជលផល ខាង​ត្បួ​ង​បឹង​ទន្លេសាប នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សហការ​គ្នា​បើក​យុ​ទ្ឋ​នា​ការ​បង្ក្រាប​រួម​គ្នា នូវ​បទល្មើស​នេសាទ ដាក់​របាំង ស្បៃ​មុង និងរ​បាំងសាច់​អួន ក្នុងភូមិ​សាស្ត្រ​ព្រុំប្រទល់​ជាប់​គ្នា​ទាំង​៣​ខេត្ត នៅ​ចំណុច ក.ដប ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹ​ថា​ រយៈពេល​ពេញ​មួយ​ថ្ងៃ​កាលពី​ម្សិលមិញ​នេះ មន្ត្រី​រដ្ឋបាល​ជលផល ខាងត្បូង​បឹង​ទន្លេសាប បាន​សហការ​ជាមួយ នឹង​មន្ត្រី រដ្ឋបាល​ជលផល ទាំង​៣ ខេត្ត​មាន​៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និង​ខេត្តកំពង់ធំ សរុប​មាន​គ្នា​ចំនួន ៣០​នាក់ មធ្យោបាយ កាណូត​ចំនួន ៦​គ្រឿង បាន​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង របាំង​សាច់​អួន នៅ​ចំណុច​ព្រំប្រទល់​ជាប់​គ្នា​៣​ខេត្ត​នៅ​ចំណុច​ ក.ដប​។

លោក​បាន​បញ្ជាក់​ថា​៖ នៅ​ចំណុច ក ដប គឺជា​ចំណុច​សំខាន់ ព្រោះ​វា​ជា​ច្រក​ផ្លូវ​របស់​ហ្វូង​ត្រី ចេញពី​បឹង​ទន្លេសាប ចុះ​មក​តាម​ដៃទន្លេ ដែល​នឹង​ដល់​ខែ​ត្រី​ប្រហុក​ក្នុង​ពេល​យ៉ាង​ខ្លី​ខាង​មុខ​នេះ ។ ដោយសារ​តែ​ចំណុច​នេះ​ជា​ចំណុច​សំខាន់ របស់​ត្រី​បែប​នេះ​ហើយ ទើប​រៀង​រាល់​ឆ្នាំ បទល្មើស​នេសាទ​នៅ​ចំណុច​នេះ តែង​កើត​មាន​ឡើង​គ្មាន​ឈប់​ឈរ ។ ហើយ​ការ​សហការ​គ្នា​បង្ក្រាប​បែប​នេះ ក្នុង​គោលបំណង​បើកផ្លូវ​ឱ្យ​ត្រី​បាន​ចេញ ពី​បឹង​ទន្លេសាប ចុះ​មក​តាម​ដង​ទន្លេ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​នេសាទ ក៍​ដូច​ជា​ដល់​រដូវ​ធ្វើ​ត្រី​ប្រហុក​ផង​ដែរ ។

លោក លី ឡា​បាន​បញ្ជាក់​ពី​ល​ទ្ឋ​ផល​នៃ​ការ​បង្ក្រាប​ថា​៖ គឺ​បំផ្លាញ​ចោល​នូវ​របាំង​ស្បៃ​មុង ២៧ កន្លែង​មាន​ចំនួន​១ ១០០ ម៉ែត្រ លប​លូ ស្បៃ​ម៉ុង​ចំនួន ២៩​គ្រឿង បង្គោល​ចំនួន​៦០០ ដើម​និង ចាក់​លែង​កូន​ត្រី​ចម្រុះ​ជាង​១០០​គីឡូក្រាម​។ បង្ក្រាបរ​បាំងសាច់​អួន​ប្រវែង ៨០០​ម៉ែត្រ មាន​ចំនួន​៤​កន្លែង លប​លូ សាច់​អួន​ចំនួន​៨ គ្រឿង បង្គោល​ចំនួន ៥០០ ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ជាង​២០​គីឡូក្រាម ។

សូម​បញ្ជាក់​ថា​៖ បទល្មើស​នេសាទ ច្រើន​ប្រភេទ​មាន​ដាក់​របាំង​ស្បៃ​មុង របាំង​សាច់​អួន ដាក់​សម្រាស់ នៅ​តែ​កើត​មាន​ឡើង​នៅ​គ្រប់កន្លែង បើ​ទោះ បី​មានការ​ប្រឹង​បង្ក្រាប របស់​មន្ត្រី​ជំនាញ​យ៉ាងណា​ក្តី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ