ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ជាមួយ​ម៉ូតូ ជ្រុះ​ស្លាក​លេខ​រថយន្ត ទូរស័ព្ទ​គំរាម​ជន​រង​គ្រោះ​មាន​ផ្ទៃពោះ ស្នងការ​ខេត្តកំពត​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​ជា​បន្ទាន់!

3 ឆ្នាំ មុន

ខេត្តកំពត ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រត់​បន្សល់​ទុក​តែ​ស្លាក​លេខ​រថយន្ត ភ្នំពេញ 2BJ-2235 លោកស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រកាស​រក​យុត្តិធម៌​ជូន​អ្នក​រង​គ្រោះ និង​កោះហៅ​ម្ចាស់​រថយន្ត​បង្ក ត្រូវ​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់ ខណៈ​ឮដំណឹង​ថា…

ខេត្តកំពត ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រត់​បន្សល់​ទុក​តែ​ស្លាក​លេខ​រថយន្ត ភ្នំពេញ 2BJ-2235 លោកស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រកាស​រក​យុត្តិធម៌​ជូន​អ្នក​រង​គ្រោះ និង​កោះហៅ​ម្ចាស់​រថយន្ត​បង្ក ត្រូវ​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់ ខណៈ​ឮដំណឹង​ថា តំណាង​រថយន្ត​បង្ក ទូរស័ព្ទ​ទៅ​គំរាម​ជន​រង​គ្រោះ ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០២០​នេះ បាន​កោះហៅ​ម្ចាស់​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏ ឈ្មោះ ឆាយ សុខ​ហៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ឲ្យ​ចូល​មក​ដោះស្រាយ នៅ​ស្នងការដ្ឋាន​ខេត្តកំពត អោយ​បាន​ឆាប់​ជាទី​បំផុត ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ អោយ​ដឹង​ថា “​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រត់ នៅ​ស្រុក​អង្គរ​ជ័យ ខ្ញុំ​ត្រូវ​រក​យុត្តិធម៌ ជូន​អ្នក​រង​គ្រោះ​ឲ្យ​បាន ។ ម្ចាស់​រថយន្ត​ត្រូវ​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់ ជាមួយ​ជន​រង​គ្រោះ ។ ឮដំណឹង​ថា ទូរស័ព្ទ​ទៅ​គំរាម​ជន​រង​គ្រោះ​ទៀត អាណិត​ជន​រង​គ្រោះ​ទាំង​២​នាក់​ខ្លាំង​ណាស់ ស្អែក​នេះ​នឹង​ឲ្យ​តំណាង​យក​ថវិកា​បន្តិចបន្តួច ដើម្បី​ជូន​គាត់​ទាំង​២ ដើម្បី​ព្យាបាល​ខ្លួន​” ។

លោកស្នងការ​នគរបាល​ខេត្តកំពត ក៏​បាន​បញ្ជា​ទៅ​អធិការ​ស្រុក​ឲ្យ​រៀបចំ​បញ្ជូន​សំណុំរឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រត់​បន្សល់​ទុក​តែ​ស្លាក​លេខ ភ្នំពេញ 2BJ-2235 បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​ដោះស្រាយ ហើយ​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ នឹង​តាមដាន​ករណី​នេះ ដោយ​យកចិត្តទុកដាក់​បំផុត ។ លោក​ថា “​សូមកុំ​បារម្ភ​ករណី​នេះ លោក​ខិតខំ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ឲ្យ​បាន​” ។

សូម​រម្លឹក​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​ដួល រង​របួស​២​នាក់​(​ប្តី​និង​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​) រួច​ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់ កាលពី​វេលា​ម៉ោង​១៧ និង​២០​នាទី ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩ និង​លេខ​១០ ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ជើង​ទៅ​ត្បូង រថយន្តត្រឡប់​ក្រោយ​ដោយ​មិន​បាន​ឲ្យ​ភ្លើង​សញ្ញា​គ្រប់គ្រាន់ បាន​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ ។ អ្នកបើកបរ​ម៉ាក HONDA Dream C125 ពណ៌​ខ្មី ពាក់​ស្លាក​លេខ 1O-5154 កំពត ឈ្មោះ ដេ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត កំពត រង​របួសស្រាល ពាក់មួក​សុ​វត្តិភាព ម៉ូតូ​ខូចខាត​ស្រាល និង​មាន​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​១-​ឈ្មោះ ម៉​ន ស្រី​អូន ភេទ​ស្រី អាយុ​២១​ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់ បាក់ជើង​ស្តាំ បញ្ជូន​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរ​ជ័យ​តាម​រថយន្ត​សង្គ្រោះ ២-​ឈ្មោះ នេន វិសាល ភេទ​ប្រុស អាយុ​៤​ឆ្នាំ ត្រូវជា​កូនរង​របួសស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ក្រោយ​ពេល​កើតហេតុ បាន​បើក​រត់គេច​បាត់ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ តែ​បាន​ជ្រុះ​ស្លាក​លេខ​រថយន្ត នៅ​កន្លែង​កើតហេតុ 2BJ-2235 ភ្នំពេញ (​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក ស្រាវជ្រាវ​ស្វែងរក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់) ។ សម្ភារ​វត្ថុ​តាង ដែល​មានការ​ពាក់ព័ន្ធ ក្នុង​ករណី​ខាងលើ​នេះ មាន​ម៉ូតូ​ចំនួន ១​គ្រឿង បាន​ប្រគល់​អោយ​ម្ចាស់​ប្រើប្រាស់​បណ្តោះអាសន្ន ។

ដោយឡែក​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ម្សិលមិញ​នេះ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផែង វណ្ណៈ បាន​ឲ្យ​ដឹង​ថា «​ជូន​ម្ចាស់​លេខ​ទូរស័ព្ទ ០៧៨ ៤០៤០២៤ តំណាង ម្ចាស់​រថយន្ត​បង្ក​មេត្តា​ជ្រាប ថ្ងៃនេះ ខ្ញុំ​បាន​ទទួល​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មក​ថា មាន​លេខ​ទូរស័ព្ទ​ខាងលើ​នេះ បាន​ទូរស័ព្ទ​មក​គាត់ ដោយ​អះអាង​ថា ខ្លួន​ជា​តំណាង​ម្ចាស់​រថយន្ត Ford Pick Up ផ្លា​ក​លេខ​ភ្នំពេញ 2BJ-2235 ដោយ​បាន​ប្រាប់​គ្រួសារ​ជន​រង​គ្រោះ​ថា រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនបាច់​ទៅ​ដោះស្រាយ​ដល់​ស្រុក​ទេ ដោះស្រាយ​ត្រឹម​ឃុំ បាន​ហើយ យក​ផ្លា​ក​លេខ​រថយន្ត​មក​ឲ្យ​គេ គេ​បង់លុយ ១​លាន​រៀល ឲ្យ​ទៅ​មើលជំងឺ ដើម្បី​បញ្ចប់រឿង ។ ម្ចាស់​ទូរស័ព្ទ​នោះ បាន​ព្រមាន​គ្រួសារ​ជន​រង​គ្រោះ​ថា បើ​មិន​យក​លុយ ១​លាន ដើម្បី​បញ្ចប់រឿង​ទេ គេ​សុខចិត្ត​យក​លុយ​ទៅ​តម្កល់​នៅ​តុលាការ​ចោល ហើយ​មិន​សង​ទេ ចង់​ប្ដឹង​យ៉ាងម៉េច ក៏​ប្ដឹង​ទៅ​» ។

លោក ផែង វណ្ណៈ បញ្ជាក់​ថា “​ខ្ញុំ​គ្រាន់តែ​ឮ​គ្រួសារ​ជន​រង​គ្រោះ​ផ្ដល់​ព័ត៌មាន​បែប​នេះ​មក ក្ដៅ​ឆេវ​តែ​ម្ដង ។ ខ្ញុំ​សូម​ប្រាប់​ទៅ​ម្ចាស់​លេខ​ទូរស័ព្ទ ដែល​ជា​តំណាង​ម្ចាស់​រថយន្ត​ថា ខ្ញុំ​សុំ​បុក​ម៉ែ​លោក​ឯង និង​ប្រពន្ធ​លោក​ឯង​កំពុង​ពោះធំ​ជិត​គ្រប់​ខែ ហើយ​ខ្ញុំ​សង ១០​លាន​រៀល លោក​ឯង​យក​អត់ ? ម៉េច​លោក​ឯង​អាង​មាន​លុយ ចង់​មើលងាយ​អ្នកក្រ​ឬ ? ខ្ញុំ​សូម​ផ្ដាំ​លោក​ថា លោក​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ទេ សូមកុំ​ព្រហើន ។ បើ​លោក​មិន​ដោះស្រាយ សំណង​សង​ដល់​ជន​រង​គ្រោះ​បាន​សមរម្យ​ទេ ខ្ញុំ​នឹង​ស្នើ​សុំ​នគរបាល​ដកហូត​យក​រថយន្ត ទៅ​រក្សា​ទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ខ្ញុំ​មិន​ឲ្យ​លោក​ឯង មើលងាយ​ប្រជាពលរដ្ឋ​ក្រីក្រ​បា​ជា​ដាច់ខាត ។ ទៅ​ដល់​ណា ក៏​ខ្ញុំ​ទៅ​ដល់​ដែរ ខ្ញុំ​នឹង​តាមដាន​ករណី​នេះ រហូត​ដល់​ជន​រង​គ្រោះ ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ