ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ម​បុរាណ​រួច​ផុត​ពី​គេ​យក​ធ្វើ​ថ្មសំលៀង​កាំបិត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ថ្ម​បុរាណ​ចំនួន​៣​ដុំ ត្រូវ​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​តាត មហា​ទី ព្រះ​ចៅអធិការ​វត្ត​ព្រះឥន្ទ្រ​កោ​សា ស្ម័គ្រ​ព្រះ​ទ័យ ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សា​ទុកជា​សម្បត្តិ​ជាតិ ។ ការ​ប្រគល់​កាលពី​ពេល ថ្មី​ៗ​នេះ​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ…

ខេត្តសៀមរាប ៖​ថ្ម​បុរាណ​ចំនួន​៣​ដុំ ត្រូវ​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​តាត មហា​ទី ព្រះ​ចៅអធិការ​វត្ត​ព្រះឥន្ទ្រ​កោ​សា ស្ម័គ្រ​ព្រះ​ទ័យ ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សា​ទុកជា​សម្បត្តិ​ជាតិ ។ ការ​ប្រគល់​កាលពី​ពេល ថ្មី​ៗ​នេះ​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ និង​នគរបាល​បេតិកភណ្ឌ ។

លោក​ឈូក សុ​ម៉ា​ឡា បុរាណ​វិទូ និង​ជា​មន្ត្រី​ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ឱ្យ​ដឹង​ថា ថ្ម​ទាំង​៣​ដុំ ជា​ប្រភេទ​ថ្មភក់​ទាំងអស់​។ ថ្ម​២​ដុំ​ជា​ចម្លាក់​ព្រះ​ពុទ្ធរូប​ដែល​ឆ្លាក់​មិន​ទាន់​ហើយ និង​មួយ​ដុំ​ទៀត ជា​ចម្លាក់​ខឿន​ប្រាសាទ​មាន​លម្អ​ដោយ​ក្បាច់​ផង​។ វត្ថុ​ទាំង​៣​នេះ​នឹង​យក​ទៅ​រក្សា​ទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សា​សុវត្ថិ​ភាព ចុះ​លេខ​បញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ សិក្សា​ស្រាវជ្រាវ​ពី​ប្រភព ដុស​សម្អាត និង​ទុកជា​ប្រយោជន៍​សម្រាប់​កិច្ចការ ផ្សេង​ៗ ។

ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​ទាក់ទង​នឹង​ការ​ស្ម័គ្រ​ព្រះ​ទ័យ​ប្រគល់​វត្ថុ​បុរាណ​ទាំង​៣​ជូន​អាជ្ញា​ធរ​ជាតិ​អប្សរា ព្រះ​តេជគុណ តាត មហា​ទី មាន​សង្ឃដីកា​ថា នេះ​ជា​ការ​រួមចំណែក​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​រក្សា​វត្ថុ​បុរាណ​ទុកជា​សម្បត្តិ​ជាតិ ការពារ​សុវត្ថិភាព និង​ការ​ស្រាវជ្រាវ​ចំពោះ​វត្ថុ​បុរាណ​ដែល​នៅ​រ៉ា​យ​ប៉ាយ​ឱ្យ​មាន​សណ្តាប់ធ្នាប់ ចៀស​ផុត​ពី​ការ​ជួញដូរ ឬ​ការ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ប្រការ​ផ្សេង​ៗ​ព្រោះ​ការ​ពុំ​យល់​ដឹង ។

ព្រះ​តេជគុណ តាត មហា​ទី បាន​បញ្ជាក់​ពី​ប្រភព​ថ្ម​ទាំង​៣​ថា ចំពោះ​ថ្ម​២​ដុំ​ដែល​ពុំ​មាន​រូបរាង​ច្បាស់​លាស់​នោះ គឺ​ស្រង់​បាន​ពេល​ស្តារ​ស្ទឹង​សៀមរាប ។ ចំណែក​ចម្លាក់​ខឿន​ប្រាសាទ​មួយ​ផ្ទាំង​នោះ គឺ​ស្ថិត​ក្នុង​ចំនួន​១០​ដុំ​ផ្សេង​គ្នា​ដែល​យក​មក​ពី​វត្ត​ពោធិ៍​លង្កា ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សម្រាប់​សំលៀងកាំបិត តែ​ព្រះ​អង្គ​បាន​សុំ​រក្សា​ទុក និង​មួយ​ចំនួន​រក្សា​ទុក​ក្រោម​បល្ល័ង្ក​ព្រះ បើ​រដ្ឋការ​ត្រូវការ​ពេល​ណា ព្រះ​អង្គ​នឹង​ស្ម័គ្រ​ព្រះ​ទ័យ​ក្នុង​ការ​ប្រគល់​ជូន​ដោយ​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ