ខេត្តព្រៃវែង ៖ ក្រោយពីមានអគ្គិភ័យបានឆាបឆេះផ្សារកំពង់ពពិលអស់ចំនួន៧៧តូប កាលពីថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ ដែលសរុបការខូចខាតគិតជាទឹកប្រាក់ប្រមាណជាង១លានដុល្លារនោះ អាជ្ញាធរខេត្តព្រៃវែង ក៏បានបង្កើតគណៈកម្មការ១ ដើម្បីចុះសិក្សាពីការខូចខាត និងលើកគំរោងសាងសង់ផ្សារថ្មី នៅលើទីតាំងចាស់ ជូនក្រុមអាជីវករវិញ។
នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានដឹកនាំគណៈកម្មការនេះ ចុះទៅជួបក្រុមអាជីវករ និងបានលើកពីគំរោងធ្វើផ្សារថ្មី មកពិភាក្សា ដោយក្នុងនោះលោក សួន សុម៉ាលីន អភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តមានបំណងធ្វើផ្សារថ្មីដែលមានស្តង់ដាកម្ពស់២ជាន់ នៅលើទីតាំងផ្សារចាស់ ដោយក្រុមអាជីវករមានតូបនៅកន្លែងណាឱ្យនៅកន្លែងដដែលវិញ ប៉ុន្តែសំរាប់ក្រុមអ្នកលក់នៅតាមចិញ្ចើមថ្នល់ អ្នកលក់កញ្ច្រែងល្អី អ្នកលក់ត្រីសាច់ជាដើម គឺប្រមូលឱ្យទៅលក់នៅជាន់ខាងលើ លែងឱ្យលក់អនាធិបតេយ្យតាមដងផ្លូវទៀតហើយ ព្រោះវាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពផ្សារ ក៏ដូចជាសោភ័ណភាពដងផ្លូវផងដែរ។
ប៉ុន្តែចំពោះគំរោងធ្វើផ្សារថ្មី ដែលលោកអភិបាលរងខេត្តបានលើកឡើងនេះ ត្រូវបានក្រុមអាជីវករបដិសេធ មិនព្រមទទួលយកនោះទេ ដោយបានស្នើសុំនូវលក្ខខណ្ឌ៤ចំណុចវិញ ក្នុងនោះ ៖
ទី១- សុំធ្វើផ្សារតែ១ជាន់ផ្ទាល់ដីដូចមុនដដែល
ទី២- សុំឱ្យអាជ្ញាធរខេត្តជួយធ្វើដំបូលផ្សាររួមតែមួយ មានប្រព័ន្ធលូរំដោះទឹកជាលក្ខណៈស្តង់ដា និងពង្រីកផ្លូវក្នុងផ្សារឱ្យបានធំទូលាយជាងមុន
ទី៣- សុំឱ្យអាជីវករបានធ្វើតូបលក់ក្នុងផ្សារដោយខ្លួនឯង ដោយជួលជាងតែ១រួមគ្នា និង
ទី៤- គឺស្នើសុំឱ្យខាងយកភាស៊ីផ្សារ ផ្អាកការយកភាស៊ីសិន ចាំដល់ធ្វើផ្សារថ្មីរួច ចាំយកភាស៊ីជាធម្មតាវិញ។
ឆ្លើយតបទៅហ្នឹងការស្នើសុំនេះ លោក សួន សុម៉ាលីន អភិបាលរងខេត្ត បានអះអាងថា ចំពោះសំណើទី១ លោកយល់ព្រមតាមការស្នើសុំ ឯសំណើរទី២ និងទី៤ លោកនឹងឆ្លងយោបល់ទៅលោកអភិបាលខេត្តសិន ដោយឡែកសំណើរទី៣ លោកស្នើឱ្យក្រុមអាជីវករពិភាក្សាគ្នាឱ្យបានច្បាស់ម្តងទៀត ព្រោះរឿងធ្វើតូបក្នុងផ្សារ គឺត្រូវធ្វើជាលក្ខណៈស្តង់ដា ដោយមានជួរបន្ទាត់ និងខ្នាតត្រឹមត្រូវ ប៉ុន្តែតូបលក់របស់ក្រុមអាជីវករ មានតូច មានធំមិនស្មើគ្នាទេ ដូច្នេះបើធ្វើតូបថ្មីជាលក្ខណៈ គឺអាចមានតូបខ្លះ ត្រូវរួមតូចជាងមុន គឺត្រូវបាត់ទៅលើការពង្រីកផ្លូវ និងសង់បង្គន់អនាម័យ ដូច្នេះសូមបងប្អូនយោគយល់ផង។
គួរបញ្ជាក់ផងដែរថា ក្រោយពីជួបជជែកពិភាក្សាគ្នាអស់រយៈពេលជាង២ម៉ោង ការប្រជុំក៏ត្រូវបានបញ្ចប់ ដោយបរិយាកាសរីករាយ ដោយខាងក្រុមអាជីវករ ព្រមបរិច្ចាគទំហំតូបម្នាក់បន្តិចទៅលើការពង្រីកផ្លូវ និងសង់បង្គន់ ហើយខាងអាជ្ញាធរក៏ទទួលយកសំណើររបស់ក្រុមអាជីវករ ហើយគេសង្ឃឹមថា ផ្សារកំពង់ពពិលថ្មី និងលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខ។
ចែករំលែកព័តមាននេះ