ខេត្ដកំពត ៖ ក្រុមហ៊ុនចាក់ដីលុបសមុទ្រ ដែលមានផ្ទៃដី២០០ហិកតា នៅចំណុចភូមិកែបថ្មី និងភូមិទទឹងថ្ងៃ ស្រុកទឹកឈូ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់ចុះថ្ងៃទី៦ ខែមករា ឆ្នាំ ២០១០ ឱ្យសាលាខេត្ដផ្អាកសកម្មភាពចាក់ដីជាបណ្ដោះអាសន្នបន្ទាប់ពីមានការតវ៉ារួចមក ។
តំណាងក្រុមហ៊ុន លោកកែវ ជា បានអះអាងថា ការចាក់ដីលុបឆ្នេរសមុទ្រនេះ គឺអភិ វឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ ។ ក្រុមហ៊ុនរបស់លោកគឺមាន ច្បាប់អនុញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសំរេចឱ្យចាក់ដីលុបឆ្នេរសមុទ្រតាំងពីឆ្នាំ ២០០៨មកម្ល៉េះ ។ លោកកែវ ជា បញ្ជាក់ថា ក្នុងច្បាប់អនុញាតនេះក៏មានចំណាររបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ហើយលោកប៉ោ ទ្រី រដ្ឋលេខាធិការក្រសួងកសិកម្មជាប្រធានក្រុមការងារ បានដឹកនាំគណៈប្រតិភូចុះមកពិនិត្យ និងអនុញាតរួចហើយ ។ ស្រាប់តែមកដល់ពេលនេះលោកមិនយល់ពីក្រសួងកសិកម្មដែលចេញលិខិតឱ្យផ្អាក សកម្មភាពចាក់លុបឆ្នេរសមុទ្រ ហើយឱ្យក្រុមហ៊ុនបំពេញសំណុំបែបបទនីតិវិធីតាមច្បាប់ជលផលទៅវិញ ។
លោកខូយ ឃុនហ៊ួរ អភិបាលខេត្ដកំពត បានមានប្រសាសន៍ប្រាប់កោះសន្ដិភាពកាលពីព្រឹកថ្ងៃទី២៣ មករា ថា ក្រុមហ៊ុនលោក កែវ ជា គឺគេមានច្បាប់គ្រប់គ្រាន់ពីថ្នាក់ជាតិ ដែលអនុញាតឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ។ លោកអភិបាលខេត្ដបានជំទាស់ទៅនឹងកាសែតមួយដែល ផ្សាយថា ខេត្ដមិនគោរពច្បាប់ក្រសួងកសិកម្ម ដែលបានជំទាស់ទៅនឹងក្រុមហ៊ុន កែវ ជា ។
លោកអភិបាលបានថ្លែងថា សាលាខេត្ដរង់ចាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យសំរួលកិច្ចការនេះ ហើយសាលាខេត្ដក៏មិនបានរឹងទទឹងប្រឆាំងនឹងលិខិតរបស់ក្រសួង កសិកម្មដែរ ៕
ចែករំលែកព័តមាននេះ