ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងអំពីវិធីបដិបត្តិក្នុងរឿងដែលគួរឱ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់បរិស័ទទាំងឡាយ មុននឹងជឿរឿងណាមួយថាពិតឬមិនពិតត្រូវពិនិត្យឱ្យច្បាស់ជាមុនសិន ។ ខាងក្រោមនេះជាហេតុផលទាំង១០យ៉ាងដែលគួរពិចារណាដូចតទៅ៖
១-មា អនុស្សវេន កុំអាលជឿ ព្រោះសេចក្តីរាយការណ៍ ។
២-មា បរម្បរាយ កុំអាលជឿ ព្រោះទំនៀមទម្លាប់។
៣-មា ឥតិកិរាយ កុំអាលជឿ ព្រោះពាក្យចចាមអារ៉ាម ។
៤-មា បិដកសម្បទានេន កុំអាលជឿ ព្រោះការអាងក្បួន ឬ គម្ពីរ ។
៥-មា តក្កហេតុ កុំអាលជឿ ព្រោះតក្កវិជ្ជា ។
៦-មា នយហេតុ កុំអាលជឿ ព្រោះអនុមានឬលំនឹកស្មាន ។
៧-មា អាការបរិវិតកេ្កន កុំអាលជឿ ព្រោះការត្រិះរិះតាមស្ថានភាព ។
៨-មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំអាលជឿ ព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ។
៩-មា ភព្វរូបតាយ កុំអាលជឿ ព្រោះឃើញទំនងគួរឱ្យជឿ។
១០-មា សមណោ នោ គរូតិ កុំអាលជឿ ព្រោះយល់ថា សមណៈ ឬបុគ្គលរូបនេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ថាលុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជាអកុសល ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬបដិបត្តិតាម ។ សាន សារិន
ចែករំលែកព័តមាននេះ