ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​វិទ្យាល័យ​បឹង​ត្របែក​ខ្លះ​​នៅ​តែបារម្ភ​ពីការបាត់​ដី​សាលា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូបង្រៀន​មួយ​ចំនួន ជា​ពិសេស​គ្រូ​ជិត​ចូល​និវត្តន៍​នៃ​វិទ្យាល័យ​បឹង
ត្របែក មក​ដល់​ពេល​នេះ​ទៅ​ហើយ​នៅ​តែបារម្ភ​ពី​ការ​បាត់ដី​សាលា​ដែល​ពួក​គាត់​បាន​ថែរក្សា​អស់​ជា​ច្រើន​ទស​វត្ស ទោះបី​កន្លង​មកសម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោកឱ្យ​បញ្ឈប់​សកម្មភាព​ដោះ​ដូរ​អគារ​របស់​រដ្ឋតទៅ​ទៀត ជាមួយនឹង​ការ​ព្រមាន​ដក​តួនាទីថ្នាក់ដឹកនាំ​ក្នុង​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ដែល​មិនអនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ក្ដី​។

តំណាង​គ្រូបង្រៀន​ដែល​ជិត​ចូល​និវត្តន៍​រូបនោះ​បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា
ការ​បារម្ភ​ពី​ការ​បាត់ដី​សាលា​នេះ​បាន​កើត​មានឡើង​តាំងពី​ជំនាន់​លោក អុ​ឹ​ម សិ​ទ្ធី ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មក​ម្ល៉េះ បន្ទាប់​ពី​មានការ​ស្នើ​សុំ​ដី​ពី​ស្ថាប័ន​ផ្សេង​ៗ​ជា​បន្តបន្ទាប់​ទៅ​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើ​ជា​មេអណ្ដើក ។

លោក​ថា ក្នុង​ការ​ស្នើ​សុំ​ដី​នៅ​ក្នុង​បរិវេណវិទ្យាល័យ​បឹង​ត្របែក​កន្លង​មកនេះ​មានការ​អះ
អាង​ថា យក​ទៅ​សាងសង់​អគារ​ស្ថាប័ន​ផ្សេង​ៗបម្រើ​ឱ្យ​ផលប្រយោជន៍​រួម​ដោយ​សន្យា​ផ្ដល់សំណង​ដល់​សាលា​វិញ​ជា​អគារសិក្សា ។ រាជរ​ដ្ឋាភិ​បាល​ដែល​មាន​ក្រសួង​អប់រំ យុវជន និង​កីឡាជា​សេនាធិការ ក៏​បាន​យល់ព្រម​តាម​ការ​ស្នើសុំ​របស់​ស្ថាប័ន​ទាំងនោះ ចំណែក​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក​ភាគច្រើន​មិន​បាន​ជំទាស់នឹង​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​ទេ​។

ការ​ជំទាស់​ត្រូវ​គេ​មើលឃើញ​លេច​ចេញជា​រូបរាង​បន្តិច​ម្ដង​ៗ​ដោយសារ​ស្ថាប័ន​ដែល
ទទួល​បាន​ដី​ពីសា​លា​យក​ទៅ​សាងសង់​ហើយបែរជា​ធ្វើ​មិនដឹងមិនលឺ​ចំពោះ​ការ​សន្យា​របស់ខ្លួន ។ ករណី​ផ្ដល់​ដី​វិទ្យាល័យ​បឹង​ត្របែកមួយ​ផ្នែក​ទៅ​ឱ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​(​សាលា​ច្បាប់​)ជា​ថ្នូរ​ទទួល​បាន​សំណង​ជា​អគារសិក្សា ត្រូវក្រុម​គ្រូបង្រៀន​តវ៉ា​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំកាល​ណោះ​រាប់​ឆ្នាំ​ទើប​ចេញ​ជា​លទ្ធផល​។

ការ​ជំទាស់​បាន​កើត​ឡើងជា​ថ្មី​រហូត​មានការផ្ដិត​មេដៃ​លើ​ញ្ញត្តិ​ផ្ញើ​ជូន​ប្រមុខ​រាជរដ្ឋាភិ​បាលឱ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ផែនការ​ផ្ដល់​ដី​ទីធ្លា​វិទ្យាល័យ​បឹង​ត្របែក​ទៅ​ឱ្យ​មជ្ឈ​មណ្ឌលឯកសារ​កម្ពុជា និង​គណៈ​វិស្វករ​កម្ពុជា​សង់អគារ​ការិយាល័យ ។ ផ្ទៃដី​ចំនួន​៨​ពាន់​ម៉ែត្រកា​រ៉េ​ក្នុង​ចំណោម​ផ្ទៃដី​សរុប​ប្រមាណ​១២​ហិ​កតានៃ​វិទ្យាល័យ​បឹង​ត្របែក​បាន​ក្លាយជា​ជម្លោះខ្វែងគំនិត​គ្នា​លើ​សំណង​នៃ​ការ​អភិវឌ្ឍ​បន្ទាប់ពី​វិទ្យាស្ថាន​ស្លឹករឹត​របស់​លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ស្នើ​សុំ​គោលការណ៍ពី​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​ជា​មជ្ឈមណ្ឌលវប្បធម៌​ប្រវត្តិសាស្ត្រ​ក្នុង​បរិវេណ​វិទ្យាល័យ​បឹងត្របែក នេះ​

ក្រុម​គ្រូបង្រៀន​ដែល​បាន​ផ្ដិត​មេដៃ​ជំទាស់​គោលការណ៍រ​អភិវឌ្ឍន៍​នេះ​ឱ្យ​ដឹង​ថា មូល​ហេតុ​ពួក​គាត់​មិន​ពេញចិត្ត​ចំពោះ​គម្រោង​នេះ ដោយសារ​សំណង​នៃ​ការ​ដោះ​ដូរ​មាន​ចំនួន​៦០០​ដុល្លារសម្រាប់​គ្រូ​ម្នាក់​គឺ​តិច​ជាង​ការ​ចង់បាន​របស់​ពួកគាត់​ដែល​ទាមទារ​ចំនួន​៥០០០​ដុល្លារ ។ ការ​ទាមទារ​ក្នុង​តម្លៃ​មួយ​ដ៏​ខ្ពស់​នេះ ត្រូវ​បាន​តំណាង​គ្រូបង្រៀន​​ស្ថិត​ក្នុង​ក្រុម​ជំទាស់​អះអាង​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា គឺ​ពួក​គាត់​មិន​ចង់
ឱ្យ​បាត់បង់​ដី​សាលា​ដែល​ពួក​គាត់​បាន​មើលថែរក្សា​តាំងពី​ឆ្នាំ​១៩៧៩​មក​ប៉ុណ្ណោះ ។