ខេត្តកំពង់ចាម ៖ បុរសជនជាតិចិនម្នាក់បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក(សណ្ឋាគារមេគង្គ) សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ ដោយរត់បាត់រយៈពេល២ថ្ងៃ ទើបកម្លាំងនគរបាលបានតាមរកឃើញ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មានចំងាយប្រមាណ១គីឡូម៉ែត្រពីសណ្ឋាគារ។

លោកវរសេនីយ៍ឯកសុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៩ វិច្ឆិកា២០២០ ថា បុរសជនជាតិចិនរូបនោះបានជិះម៉ូតូស្មាសកញ្ចាស់មួយគ្រឿង មកឈប់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយបានទុកម៉ូតូនោះចោល ។

អធិការនគរបាលស្រុកស្រីសន្ធរ ប្រាប់បន្តថា បន្ទាប់មកបុរសជនជាតិចិននោះបានឡើងជិះរថយន្តឈ្នួលដើម្បីបន្តដំណើរមកមុខទៀត លុះមកដល់ត្រង់ចំណុចឃុំផ្ទះកណ្ដាលក៏បានចុះពីលើរថយន្តនោះដោយមិនហ៊ានជិះទៅមុខទៀតខ្លាចគេយកថ្លៃ ។ ដំណឹងនេះបាន ឮដល់សមត្ថកិច្ចហើយក៏បានឲ្យមន្ត្រីនគរបាលតាមរកជនជាតិចិននោះ ដោយធ្វើការទាក់ទងតាមបណ្ដាប៉ុស្ដិ៍ផ្សេងៗជាច្រើនក្នុងស្រុកស្រីសន្ធរឲ្យជួយស្ទាក់ ។

បន្ទាប់មកត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកពោធិ៍ ស្ទាក់ម៉ូតូកង់បីដែលបុរសជនជាតិចិននោះជិះពេលដែលសួរនាំមិនមានឯកសារណាបន្តិចសោះ ។ ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តឱ្យធ្វើការតាមដាន និងសួរនាំក្រែងមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌណាមួយ។
នៅថ្ងៃទី០៧ វិច្ឆិកា ២០២០ បុរសជនជាតិចិននេះត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានយកទៅដាក់នៅសណ្ឋាគារមេគង្គមាត់ទន្លេក្រុងកំពង់ចាម ជាកន្លែងធ្វើចត្តាឡីស័ក តែបុរសជនជាតិចិននេះបានលួចហែកចំរឹងបង្អួចរត់ចេញ ធ្វើឱ្យកម្លាំងសមត្ថកិច្ចតាមរកគ្រប់ៗគ្នា ។ ដោយបានលួចរត់ចេញរយៈពេល២ថ្ងៃ ទើបតាមរកឃើញនៅព្រឹកថ្ងៃទី៨វិច្ឆិកា ។
ស្ត្រីជាម្ចាស់កង់ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាមប្រាប់ថា នៅវេលាម៉ោងប្រមាណជា៨ ព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០២០ បុរសជនជាតិចិន ដែលបានលួចរត់ចេញពីសណ្ឋាគារមេគង្គមកយកកង់របស់គាត់ដែលដាក់នៅមុខផ្ទះជិះចេញទៅទិសខាងត្បូង ហើយត្រូវបានកម្លាំងនគរបាលជិះម៉ូតូតាមពីក្រោយប្រកៀរប្រកិត ហើយក៏មក ទាន់នៅជិតខារ៉ាអូខេសុភសុពណ៌ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។
សាក្សីម្នាក់បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលតាមទាន់បុរសជនជាតិចិនរូបនោះពេលដែលបុរសនេះមកអង្គុយនៅលើចិញ្ចើមផ្លូវមាត់លូបុរសនោះហាក់បីដូចជា មានសតិមិនស្រួល ដោយចាប់ទាញអាវ និងទាញខោរហែកពេលដែលរថយន្តពេទ្យមកដល់បុរសនេះបានដើរតម្រង់ឡើងលើរថយន្ត ។ ជាមួយនោះកម្លាំងភ្នាក់ងាររបស់ពេទ្យក៏បានបាញ់ថ្នាំសម្លាប់មេរោគ covid នៅកន្លែងដែលបុរសជនជាតិចិននោះអង្គុយ និងកន្លែងផ្សេងទៀត ។
អធិការនគរបាលស្រុកស្រីសន្ធរបញ្ជាក់ថា តាមរយៈយកសំណាកបុរសជនជាតិចិនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ និងផលបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩វិច្ឆិកា បុរសនោះមិនមានផ្ទុកជម្ងឺ covid នោះទេ ។ បើសិនណាមានមេរោគមែននោះ មន្ត្រីគរបាលនៅស្រុកស្រីសន្ធរ ជាច្រើននាក់អាចនឹងត្រូវនាំគ្នាមកធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ។
មួយវិញទៀតបើតាមពិនិត្យមើលជាក់ស្ដែងបុរសជនជាតិចិននេះទំនងដូចជា មនុស្សសរសៃប្រសាទផងដែរ ។ ក្រុមគ្រូពេទ្យវិញបានប្រាប់ឱ្យដឹងដែលថា បុរសជនជាតិចិនរូបនោះ ។ ត្រូវបានបញ្ជូនទៅផែនអន្តោប្រវេសន៍នៅរាជធានីភ្នំពេញហើយ ៕
ចែករំលែកព័តមាននេះ